កំពង់ធំ : ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធន់
រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយយីឌុប បានព្រលះជាមួយរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រពណ៌ស បណ្តាលគ្រូពេទ្យប្រុសស្រី២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការលើកឡើងពីលោកអធិការរងផ្នែចរាចរណ៍ស្រុកសន្ទុក លោក ស៊ីវ វណ្ណា បានថ្លែងប្រាប់សារព័ត៌មេគង្គប៉ុស្ដិ៍ ឲ្យដឹងថា ជនរងគ្រោះទាំងពីរ ទី១ ឈ្មោះ អៀង ភ័ណ្ឌ ភេទប្រុស មុខរបរជាវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
លោក ស៊ីវ វណ្ណា បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៌សរ ស្លាកលេខភ្នំពេញ2AF-3504 ធ្វើដំណើរពីជើង ទៅត្បូង ជិះបញ្ច្រាស់ទិសគ្នាជាមួយរថយន្ត ហ៊ីយ៉ាន់ដាយប្រភេទយីឌុប៤ភ្លៅ លុះមកដល់កន្លែងកើតហេតុខាងរថយន្តហាយឡែនឌ័រ ទំនងងោកមួយភាំងក៏រេចង្កូត ចូលយីឌុបចំពីមុខបុកគ្នាពេញទំហ៊ឹង បណ្តាលឲ្យអ្នកជិះរថយន្ត ហាយឡែនឌ័រស្លាប់ទាំងពីរនាក់តែម្តង។
បច្ចុប្បន្ន៖សពជនរងគ្រោះទាំងពីរនាក់ ត្រូវយកមកតម្កល់ទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ស្រុកសន្ទុក រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សុផល