ភ្នំពេញះប្រមុខរដ្ឋភិបាលកម្ពុជាស្នើឲ្យភរិយាប្រធានាធិបតីអាមេរិកលោកស្រី មីហ្សែល អូបាម៉ា បន្តជួយក្មេងស្រីក្រីក្រក្នុងកម្មវិធី Let Girls Learn របស់លោកស្រីឲ្យបានរៀនដល់ថ្នាក់ បរិញ្ញាបត្រ ដែលតាមគម្រោងពួកគេនឹងត្រូវបានជួយគាំទ្រត្រឹមបញ្ចប់ថ្នាក់ វិទ្យាល័យប៉ុណ្ណោះ ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជំនាន់ទី១៩ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកទើបតែដឹងថាគម្រោង Let Girls Learn របស់ស្ត្រីទី១អាមេរិក លោកស្រី Michelle Obama គឺមិនបានជួយក្មេងស្រីក្រីក្រទាំងនោះឲ្យបានរៀនចប់ថ្នាក់ មហាវិទ្យាល័យ ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) បានធ្វើការជ្រើសរើសសិស្សក្រីក្រចំនួន១០នាក់នៅក្នុងខេត្តសៀមរាប និងបានផ្តល់អាហារូបករណ៍ដល់ពួកគេរយៈពេល៦ឆ្នាំដើម្បីបញ្ចប់កម្រិត វិទ្យាល័យ ។ លោកថា លោកបានដឹងរឿងនេះ នៅពេលដែលរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានស្នើមករូបលោកឲ្យជួយផ្តល់អាហារូបករណ៍ដល់សិស្សស្រីទាំង១០នាក់ ឲ្យបានចូលរៀននៅសាកលវិទ្យាល័យរដ្ឋ ជួយរកកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។
លោក ហ៊ុន សែន ថ្លែងថា«កុំលេងដើរបំផើមចោលពាក់កណ្តាល ហោចណាស់ …បើថារើស១០នាក់មកអញ្ចឹងរុញអា១០នាក់ហ្នឹងតាំងពីវិទ្យាល័យ រហូតដល់ឲ្យចប់មហាវិទ្យាល័យតែម្តងទៅ…សំណាងអានេះគាត់រើសបាន១០ នាក់ ចុះបើគាត់រើសបាន៥០០នាក់ឲ្យយើង វាមិនស្លាប់»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ដល់សិស្សស្រីទាំង១០នាក់នោះឲ្យរៀននៅ សាកលវិទ្យាល័យរដ្ឋ កន្លែងស្នាក់នៅ និងផ្តល់ជាប្រាក់ឧបត្ថម្ភ១៥០០ដុល្លារក្នុង១ឆ្នាំ ។ លោកក៏បានស្នើឲ្យលោកស្រី Michelle Obama ក៏ដូចជាអង្គការ USAID ជួយដល់សិស្សស្រីក្រីក្រដែលភ្នាក់ងារនេះជ្រើសរើស ឲ្យបានរៀនដល់មហាវិទ្យាល័យ ។
លោក ហ៊ុន សែន ថ្លែងថា «សូមផ្តាំទៅលោកជំទាវ Michelle Obamaផង ថាខ្ញុំដោះស្រាយហើយ ជំទាវប៊ុន រ៉ានីហ៊ុនសែន ដោះស្រាយហើយ។ អញ្ចឹងគាត់បានមកត្រឹមរើសមនុស្ស បោះឲ្យក្រសួងអប់រំដដែល…យុទ្ធនាការគាត់ល្អ តែខ្ញុំគ្រាន់តែសុំឲ្យគាត់ជួយឲ្យចប់ចុងចប់ដើម»។
គួររំឮកថា លោកស្រី Michelle Obama បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកម្មវិធី Let Girls Learn Initiative «ឲ្យក្មេងស្រីរៀន» ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីក៏បានជួបជាមួយសិស្សស្រីឆ្នើម១០នាក់មកពីគ្រួសារក្រីក្រ រៀននៅវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ដោយមានការអមដំណើរដោយភរិយានាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ។ នៅក្នុងឱកាសនោះ លោកស្រី ប៊ុន រ៉ានី បានស្នើឲ្យលោកស្រី មីហ្សែល ជួយសិស្សទាំង១០នាក់បានទៅសិក្សានៅសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេប្រឡងជាប់ថ្នាក់ទី១២ តែពុំមានការឆ្លើយតបពីលោកស្រី មីហ្សែលនោះទេ ៕