បាញ់​ទៀតហើយ ! PM ខេត្ត​ត្បូងឃ្មុំ​ បាញ់​រថយន្ត​អភិបាលរងស្រុក​មេមត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2015 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃទី​២៣​ខែមីនា មាន​ហេតុការណ៍ គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ខណៈដែល​រថយន្ត​លោក​អភិបាលរង​ស្រុក​មេមត់​បាន​រង​នូវ​ការបាញ់ប្រហារ​ជាច្រើន​គ្រាប់​ពី​មន្ត្រី PM ដែល​ត្រូវជា​ប្អូនបង្កើត​របស់លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ ៧០២ ប្រចាំ​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ ។

តាម​ការបញ្ជាក់​ពី​ប្រភព​ខាងលើ​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ទុះអាវុធ​បាញ់ រថយន្ត​លោក​អភិបាលរង​ស្រុក​នោះ​ក៏​ព្រោះតែ​មន្ត្រី PM ដែលជា​ជនបង្ក​ហេតុ​នឹកស្មានថា រថយន្ត​លោក​អភិបាលរង​ស្រុក​ជា​រថយន្ត​ដឹកឈើ ហើយ​មិនបាន​ឈប់​ចូល​បង់លុយ​ដូច​តាម​ទម្លាប់​ដល់​ស្នាក់ការ​សន្តិសុខ​៧០២ ប្រចាំ​ទីនោះ ។

​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​មន្ត្រី​កងរាជអាវុធហត្ថ​ជិះ​រថយន្ត​លុច​ស៊ី​ស​៣០០​ពណ៌​ស​មួយគ្រឿង បាន​បើក​ប្រដេញ​តាម​ពីក្រោយ និង​បាញ់​ទៅលើ​រថយន្ត​លុច​ស៊ី​ស ៤៧០ ពី​ចំណុច​ភូមិ​ក្បាល​ត្រាច រហូតដល់​ស្ពាន​ជ្រីវ គ្រាប់កាំភ្លើង​បាន​ទម្លុះ​កញ្ចក់​រថយន្ត​ខាងឆ្វេង និង​បែក​កង់​ទៅមុខ​លែងរួច ហើយ​បាន​ចូលទៅ​ជ្រក​ក្រោមផ្ទះ​ប្រជាពលរដ្ឋ ។​

​ប្រភព​រាយការណ៍​ថា មន្ត្រី​PM ដែលជា​អ្នក​ផ្ទុះអាវុធ​បាញ់​រថយន្ត​លោក​អភិបាលរង​ស្រុក​នោះ​មានឈ្មោះ និ​ត ដែល​ត្រូវជា​ប្អូន​លោក មាន ប៊ុនធឿន ប្រធាន​ស្នាក់ការ​សន្តិសុខ ៧០២ ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភព​ន​ព័ត៌មាន​បន្តថា រថយន្ត​លុច​ស៊ី​ស​៤៧០ របស់លោក​អភិបាលរង​ស្រុក​មេមត់​បើកបរ​ពី​ទិស​ខាងត្បូង​ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ លុះ​មកដល់​ចំណុច​ខាងលើ​ក៏ត្រូវ​មន្ត្រី PM ដែល​បើករថយន្ត​លុច​ស៊ី​ស​៣០០​ដេញ​ពីក្រោយ​នោះបាន​បាញ់រះ​តែម្តង ។ ប៉ុន្តែ​ពេលធ្វើ​សកម្មភាព​រួចហើយ ទើប​ដឹងថា រថយន្ត​លុច​ស៊ី​ស​៤៧០ ជា​របស់លោក​អភិបាលរង​ស្រុក​ក្រុម​បាញ់បោះ​ក៏​បត់​រថយន្ត​ថយក្រោយ​បើក​គេចខ្លួន​តែម្តង ។​

​តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ស្នាក់ការ​សន្តិសុខ​៧០២​នេះ តែងតែ​ជំរិត​ទារប្រាក់​ពី​រថយន្ត​ដឹកឈើ​គ្រប់​ប្រភេទ​ទាំង​មានច្បាប់ និង​អត់​ច្បាប់ ហើយ​មិន​ដែលមាន​រថយន្ត​ដឹកឈើ​ណា​គេចផុត​នោះឡើយ ។ អំពើពុករលួយ​ត្រូវបាន​គេ​មើលឃើញថា ផ្តើមចេញពី​ប្រធាន​ស្នាក់ការ​សន្តិសុខ​៧០២​រួមទាំង​កូនចៅ​ក្រោម​ឱវាទ​តែម្តង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត រហូត​មានការ​ចោទប្រកាន់​ដល់​ថ្នាក់ដឹកនាំ​ថែមទៀត ។​

​យ៉ាងណាក៏ដោយ​ពត៌មាន​ទាក់ទង​នឹង​ការបាញ់ប្រហារ​លើ​រថយន្ត​លោក​អភិបាលរង ស្រុក​ពី​សំណាក់​មន្ត្រី​PM ដែល​ត្រូវជា​ប្អូន​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ ៧០២ ត្រូវបាន​គេ​នាំគ្នា​លាក់​ជិតឈឹង តែម្តង​ព្រោះតែ​ខ្លាច​ដឹង​ដល់​ថ្នាក់លើ ។​
​មេគង្គ​ប៉ុស្តិ៍ នឹង​ព្យាយាម​ទាក់ទង​លោក​ប្រធាន​ស្នាក់ការ និង​បញ្ជូន​ភ្នាក់ងារ​ទៅដល់​ចំណុច​ខាងលើ​ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​ជាក់ស្តែង​មក​ផ្សាយ​ជូន​បន្ថែមទៀត​ទាក់ទង​ករណីនេះ ។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​រ​ណី​ប្រហាក់ប្រហែលគ្នា​នេះ បានកើត​មាន​ម្តង​រួចមកហើយ កាលពី​យប់​ថ្ងៃទី​១៩ ខែ​មិនា គ្រា​ដែល​មន្ត្រី PM ស្នាក់ការ​សន្តិសុខ ៨០៨ ចំនួន​៤​នាក់ បាន​ផ្ទុះអាវុធ​បាញ់​ឡាន​ដឹកស្រូវ និង​ចាប់​តៃកុង​ឡាន​និង ព្រូឡាន​ចង​ធ្វើ​ទារុណកម្ម​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៨៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្រោម​បទចោទប្រកាន់​មិន​ច្បាស់លាស់ ។ ភ្លាមៗ​នោះ លោក សៅ សុខា មេបញ្ជាការ​PM​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ជាបន្ទាន់ ហើយ​បច្ចុប្បន្ន​មន្ត្រី PM ចំនួន​៤​នាក់ ដែលជា​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកមក​ឃុំ​នៅ​បន្ទាយ PM ខេត្តព្រៃវែង ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ខាងលើ ៕

pm1