ប្រមុខដឹកនាំរបបដឹកនាំសឹកថៃ បានប្រកាសព្រមាននៅថ្ងៃពុធទី ២៥មីនា នេះ ថានឹងបន្តកាន់អំណាចយូរអង្វែងទៅទៀត ប្រសិនបើនៅមានការរិះគន់ ប្រឆាំងនឹងផែនការដឹកនាំប្រទេសរបស់លោក។ ការព្រមានរបស់លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើឡើងក្នុងសន្និសីទកាសែត ខ្លីមួយ មុនលោកចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។
ក្លាយជានាយករដ្ឋមន្ត្រីថៃ ពីរបីខែក្រោយរដ្ឋប្រហារ នៅខែឧសភា ឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងកំហឹងឡើងញ័រក្បាល ដាក់អ្នកសារព័ត៌មាន (ដូចទម្លាប់ជាញយដង) ជាមួយនឹងសំឡេងខ្លាំង ថា “បើស្ថានភាពនៅតែដូច្នេះ លោកនឹងបន្តកាន់អំណាចយូរអង្វែងទៀត ! លោកមិនបាក់ទឹកចិត្តទេ តែលោកកាន់តែខឹងខ្លាំងឡើង ហើយលោកជាអ្នកប្រយុទ្ធ ដូច្នេះសូមកុំធ្វើអ្វីឱ្យលោកអស់សេចក្តីក្លាហាន”។
ជាមួយនឹងការថ្កោលទោសអ្នកដែល រិះគន់ថារបបដឹកនាំបច្ចុប្បន្នថាគ្មានភាពជឿនលឿនផ្នែក ប្រជាធិបតេយ្យ លោកប្រាយុទ្ធចាន់អូចា រុញជាសំណួរថា បើគ្មានការបោះឆ្នោត តើនឹងមានមនុស្សស្លាប់ឬ ?
មិនមែនជាកម្រឡើយដែលមេដឹកនាំសឹករូបនេះបញ្ចេញអាកប្បកិរិយា ឆេវឆាវដាក់អ្នកសារព័ត៌មាននោះ ប៉ុន្តែនៅថ្ងៃនេះ កំហឹងរបស់មេដឹកនាំសឹកបានធ្លាយជាសាធារណៈ បន្ទាប់ពីមានការចំអកតាមប្រព័ន្ធសង្គមហ្វេសប៊ូក កាន់តែច្រើនឡើងរិះគន់របបដឹកនាំរបស់លោក ប្រាយុទ្ធចាន់អូចា ថាមានលក្ខណៈប្រជាធិបតេយ្យ៩៩,៩៩%។
លោកប្រាយុទ្ធចាន់អូចា អតីតមេដឹកនាំយោធាថៃ បានអនុវត្តច្បាប់អាជ្ញាសឹក ក្នុងប្រទេស តែងបានសន្យាប្រគល់អំណាចដឹកនាំប្រទេសឱ្យស៊ីវិល តាមរយៈការបោះឆ្នោត នៅរវាងចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦។ ប៉ុន្តែរហូតមកទល់ពេលនេះ គេគ្មានសញ្ញាវិជ្ជមានណាមួយទាក់ទងនឹងការរៀបចំបោះឆ្នោតសោះ។
របបសឹកគិតគូរតែធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលមានទិសដៅការពារល្បែងនយោបាយរបស់ខ្លួន និងបញ្ចុះឥទ្ធិពលគណបក្សនយោបាយធំៗ ក្រោមផ្លាកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការពាររាជានិយម។ បំណងដ៏ធំ គឺធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យលោកថាក់ស៊ីនឬលោកស្រីយីងឡាក់ អាចវិលមកកាន់អំណាចបាន ព្រោះសូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០១មក រាល់ពេលមានបោះឆ្នោតជាតិ គណបក្សរបស់ត្រកូតស៊ីណាវ៉ាត់ តែងជាប់ឆ្នោតរហូត។
មូលដ្ឋានសិទ្ធិមនុស្សក៏បានធ្លាក់ចុះស្ទើរដល់បាត។ របបសឹកហាមឃាត់រាល់ការប្រមូលផ្តុំបាតុកម្ម សេរីភាពសារព័ត៌មានត្រូវរងការគំរាមកំហែង ច្បាប់ប្រមាថរាជានិយមត្រូវបានយកមកអនុវត្តកាន់តែច្រើនឡើងៗ ដើម្បីបង្ក្រាបបក្សប្រឆាំង៕
លោក ប្រាយុទ្ធ ចាន់អូចា មេដឹកនាំសឹកថៃ