​មេ​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​រង​ការ​ចោទ​ពី​ភាព​អសកម្ម​និង​អសមត្ថភាព​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2015 ក+ ក-

​ខេត្តកោះកុង ៖​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ អន្តរជាតិ​ចាំ​យាម​កាលពី ខែមិថុនា ឆ្នាំ​២០១៤ គឺ​លោក​វរសេនីយ៍ឯក សួស សុខ​ដា​រ៉ា ត្រូវ​ផ្លាស់ចេញ ហើយ​ដាក់​លោក​វរសេនីយ៍ត្រី កៅ សា​រ៉ា​ណា ដែលជា​មេ​ប៉ូលិស​វ័យក្មេង​មក​ជំនួស​វិញ នោះ​ច្រក​មួយ​នេះ​បាន​លេចឮ​នូវ​ព័ត៌មាន​អាស្រូវ​ជា​បន្តបន្ទាប់ សំខាន់​មានការ​ចោទប្រកាន់​ទៅលើ​លោក កៅ សា​រ៉ា​ណា ថា​អសកម្ម​ការងារ និង​អសមត្ថភាព​ការងារ​តែម្តង​ដែល​បង្ក​ឲ្យ​បាត់បង់​ប្រាក់ចំណូល និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ថៃ ។

​ប្រភពពី​មន្ត្រី​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បាន​ទម្លាយ ឱ្យដឹងថា ចាប់តាំងពី​មេ​ប៉ូលិស​វ័យក្មេង​ខាងលើ​ចូលកាន់​តំណែង​ពេលណា​មក ក្នុងនាម​ស្នាក់​ការដែល​តំណាងឱ្យ​អាជ្ញាធរខេត្ត​ទទួល​ការងារ​រួម​លើ ស្ថាប័ន​ទាំង​៣​តាម​អនុក្រឹត្យ​លេខ​៦៤ វា​ហាក់ដូចជា​មានការ​លំបាក​ដោយសារតែ​ការអនុវត្ត​ការងារ​ផ្ទៃក្នុង​សម្រាប់ ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​មិនបាន​ពិគ្រោះ​យោបល់​គ្នា ព្រោះតែ​មេ​ប៉ូលិស​វ័យក្មេង​ខាងលើ អវត្តមាន​ហើយ​អត្រា​គ្រប់គ្រង​ការងារ​របស់គាត់​ក្នុង​រយៈពេល​មួយខែ​ឈរជើង បានតែ​៥-៦ ថ្ងៃ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រាល់​ការកោះប្រជុំ​ម្តងៗ របស់​ស្នាក់ការ គឺ​គ្មាន​វត្តមាន​របស់គាត់​ចូលរួម ឡើយ​ដែល ជាហេតុ​ធ្វើឱ្យ​ការពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្លាក់​ដល់​កម្រិត​សូន្យ​តែម្តង ។ មិនតែប៉ុណ្ណោះ ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​រូប​នេះ ថែមទាំង​បាន​អនុវត្ត​ផ្គើន​និង​បទបញ្ជា​របស់​ថ្នាក់លើ​ថែមទៀត ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ។​

​ជាក់ស្តែង​ដូចជា​ការកោះប្រជុំ​ផ្ទៃក្នុង​បក្ស​ជាមួយ​អាជ្ញាធរខេត្ត ក៏​គាត់​មិន​ទទួល​ចូល​ដែរ​គ្រា​ដែល រថយន្ត​ចង្កូត​ស្តាំ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ហាម​មិនឱ្យ​ចូល មេ​ប៉ូលិស​រូបនេះ​ទិញ​រថយន្ត​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​ថៃ​យកមក​ជិះ ធ្វើជា​គំរូ​អាក្រក់​ដល់​ថ្នាក់ក្រោម ធ្វើឱ្យ​ផ្ទៃក្នុង​អង្គភាព​ប៉ូលិស​ប្រើ​មនុស្ស​ជំនិត​របស់ខ្លួន​តែ​២-៣​នាក់ ឱ្យនៅ​ទទួល​ការងារ​ជំនួស និង​រកប្រាក់​ក្រោម​តុ​ទុកឱ្យ​ខ្លួន ដែល​ដើរ​តែ​ស៊ីផឹក​យ៉ាង​អាវ៉ាសែ ។​

​ប្រភព​មន្ត្រីប៉ូលិស​ជាច្រើន​នៅក្នុង​អង្គភាព​ខាងលើ​បាន​ទម្លាយ ពត៌មាន​ថា ក្រៅពី​ប្រាក់ចំណូល​ការងារ​ក្នុង​មួយថ្ងៃៗ លោក​ប្រធាន​វ័យក្មេង​រូបនេះ បាន​កំណត់ឱ្យ​បង់ប្រាក់​ប្រចាំថ្ងៃ​ឱ្យ​រូបគាត់​ជាច្រើន​រយ​ដុល្លារ ហើយ​ប៉ុស្តិ៍​ទាំងឡាយ ត្រូវ​តម្កល់​ប្រាក់​ក្នុង​មួយថ្ងៃ ១​លាន​២​សែន​រៀល សម្រាប់​ជួយ​ការងារ​បក្ស ប៉ុន្តែ​ចាប់ពី​ពេលដែល​លោក​ប្រធាន​ប៉ុស្តិ៍​រូបនេះ មកកាន់​កាប់​ពេលណា​គឺ​ថវិកា​សម្រាប់​ជួយ​ការងារ​បក្ស ត្រូវបាន​គាត់​ដកយក​ចាយ​តែម្នាក់ឯង មិនតែប៉ុណ្ណោះ គាត់​បាន​គាបសង្កត់​ឱ្យ​បង់លុយ​បក្ស​ឱ្យ​គាត់​ក្នុង​មួយថ្ងៃ​៥០០​បាត និង​បានដាក់​កំណត់ឱ្យ​ប៉ូលិស​ផ្នែក​ផ្តល់​ទិដ្ឋាការ (ViSA) បង់ប្រាក់​ឱ្យ​គាត់​ក្នុង​មួយថ្ងៃ​៥០០​បាត​បន្ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រូវតែ​ប​ង្វំ​ចិត្ត​យក​ថ្លៃ​លើស ការកំណត់​របស់​រដ្ឋ​និង​ជាស​កម្ម​ភាពពុករលួយ​ផងដែរ​។​

​លោក​វរសេនីយ៍ គឹម រតនា នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ទទួលស្គាល់ថា ប្រធាន​ប៉ុស្តិ៍​ពិតជា​បាន​កំណត់ឱ្យ​កូនចៅ​បង់ប្រាក់​៥០០​បាត​បន្ថែម​លើ ប្រាក់​សម្រាប់​ជួយ​ការងារ​បក្ស​ក្នុង​មួយថ្ងៃៗ​ជាប្រចាំ​ប្រាកដ​មែន ។​

​ទាក់ទង​ការចោទប្រកាន់​នោះ​លោក​វរសេនីយ៍ត្រី កៅ សា​រ៉ា​ណា ប្រធាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ព្រោះ​លោក​អវត្តមាន​ពី​កន្លែងធ្វើការ​ងារ​ជាប្រចាំ​៕

4605