អគ្គ​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2015 ក+ ក-

​ភ្នំ​ពេ​ញះ អ្នកកាសែត​កម្ពុជា ជាច្រើន​នាក់ នៅ​ថ្ងៃទី​៣០ មីនា មានការ​ភ្ញាក់ ផ្អើល និង​សោកស្ដាយ​ជាខ្លាំង ដោយបាន​ទទួលដំណឹង​ថា​អគ្គ​និពន្ធ​នាយក កាសែត​រស្មី​កម្ពុជា លោក ប៉ែន សមិទ្ធិ បានទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃទី ៣០ មីនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​។​

​ក្រៅពី​មានមុខ​តំណែង​នៅ​កាសែត​រស្មី​កម្ពុជា លោក ប៉ែន សមិទ្ធិ មានមុខ​តំណែង​ជា អគ្គ​និពន្ធ​នាយក​កាសែត​គេហទំព័រ (​អន​ឡាញ​) ឈ្មោះ ខាំ​បូ​ឌ៊ា អ៊ិ​ច​ប្រេ​ស​ញូ​វ (Cambodia Express News=CEN) និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​ប្រភព​សាច់ញាតិ និង​អ្នក​រួមការ​ងារ​បាន​ឲ្យ​ដឹងថា លោក ប៉ែន សមិទ្ធិ មាន​អាយុ ៥៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម និង​ជា​មនុស្សម្នា​ក់មាន​ការស្រឡាញ់​រាប់អាន ពី​សំណាក់​មនុស្ស​ជាច្រើន ដែលជា​មិត្ត​ភ័ក្ដិ និង​អ្នកធ្វើការ​ជាមួយ​។ លោក ប៉ែន សមិទ្ធិ បានទទួល​មរណភាព ដោយ​បន្សល់ទុក​ភរិយា និង​កូន​ចំនួន​២​នាក់​។​

​នៅ​ថ្ងៃទី​៣០ មីនា មាន​មិត្ត​ភ័ក្ដិ កូនសិស្ស អ្នក​រួម​ការងារ​ជាមួយ​លោក​ជាច្រើន​នាក់ បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ពួកគេ ដោយ​សម្ដែង​ក្ដី​សោកស្ដាយ​ចំពោះ​ដំណឹង​ស្ដីពី មរណភាព​របស់ លោក ប៉ែន សមិទ្ធិ​។​

ពួកគេ​ចាត់ទុកថា ការស្លាប់​របស់លោក គឺជា​ការបាត់បង់​អ្នក​កាសែត​មាន​វិជ្ជាជីវៈ មានបទពិសោធន៍ មាន​សីលធម៌ និង​បាន​បូជាជីវិត​ខ្លួន ក្នុង​មុខ​របប​ជា​អ្នកកាសែត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ទៅដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​លោក​ហក់​ចូលក្នុង​វិស័យ​សារព័ត៌មាន ចាប់តាំងពី​របប​ខ្មែរក្រហម​បាន​ដួលរលំ គឺ​ចាប់ពី​ឆ្នាំ ១៩៨០ ដល់​១៩៩៣ លោក​បានធ្វើការ​នៅ​កាសែត​ភ្នំពេញ​។ ចាប់ពី​ឆ្នាំ​១៩៩៣ មកទល់​ថ្ងៃ​ទទួលមរណភាព លោក​ធ្វើការ​នៅ​កាសែត​រស្មី​កម្ពុជា ដោយមាន​មុខតំណែង​ជា​អគ្គ​និពន្ធ​នាយក​។​

​ក្នុង​រយៈពេល​ធ្វើការ​នៅ​កាសែត​រស្មី​កម្ពុជា​នេះ លោក​បាន​បង្កើត​គេហទំព័រ​ព័ត៌មាន​មួយ ឈ្មោះ ខាំ​បូ​ឌ៊ា អ៊ិ​ច​ប្រេ​ស​ញូ​វ និង​បានរួម​ជាមួយ​អ្នកកាសែត​មួយចំនួន បង្កើត​ក្លឹប​អ្នកកាសែត​កម្ពុជា​(​ក​.​អ​.​ក​) ដោយ​លោក​ជាប់ឆ្នោត​ជា​ប្រធាន​ក្លឹប​៕

pen samethyលោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​។