ខេត្តក្រចេះ ៖ក្រុមជញ្ជីងចល័តស្រុកស្នួលខេត្តក្រចេះរងការរិះគន់ថា គិតតែប្រលុយច្រកហោប៉ៅ មិនគិតពីរថយន្តលើសទម្ងន់បំផ្លាញផ្លូវ និងផលប្រយោជន៍ជាតិនោះឡើយ។ ជាក់ស្តែងរថយន្តរបស់ក្រុមហ៊ុន លោក ឧកញ៉ា សេង ថៃ កំពុងតែលួចផ្ទុកឈើលើសកំរឹតកំណត់ដោយប្រើរថយន្តធុនយក្ស បណ្តាលឱ្យមានផលប៉ះពាល់ដល់ផ្លូវជាតិយ៉ាងធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ ៧ បានលើកឡើងថា ចំពោះសកម្មភាពរថយន្តដឹកឈើខ្នាតយក្សភាគច្រើនជារបស់ក្រុមហ៊ុន របស់លោក ឧកញ៉ា សេង ថៃ ដែលមានលោក ធីជាមេការដ៏មានឥទ្ធិពលប្រចាំនៅខេត្តក្រចេះជាអ្នកមើលការខុសត្រូវ និងរត់ការជាមួយជំនាញដែលពាក់ព័ន្ធជាពិសេសក្រុមជញ្ជីងចល័យនេះ តែម្តងដែលតែងតែត្រូវដងត្រូវផ្លែយកលុយដាក់ហោប៉ៅរាប់ឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានលើកឡើងបន្តថា ក្នុងមួយយប់ៗមានរថយន្តយីឌុបខ្នាតធំៗដឹកឈើស្ទើរបាក់ផ្លូវជាតិ រាប់សឹបគ្រឿងបានធ្វើចរាចរណ៍យ៉ាងរលូនព្រោះលោក ធីបានដើរអួតក្តែងៗថា នៅក្នុងខេត្តក្រចេះអ្នកណាក៏ស្គាល់រូបគេដែរដូច្នេះគ្មានបញ្ហាចំពោះ ការរកស៊ីរបស់គេនោះទេបើទោះបីជាគេផ្ទុកឈើលើសកំរឹតកំណត់មិនគោរព តាមការណែនាំក្រសួងសាធារណៈការ និង ដឹកជញ្ជូនយ៉ាងណាក៏ដោយ ជាពិសេសលោក ធីម្នាក់នេះតែងតែយកឈ្មោះ លោក ឧកញ៉ា សេង ថៃមកប្រើនៅពេលដែលសមត្ថកិច្ចណាម្នាក់ឃាត់រថយន្តរបស់គេដើម្បី ធ្វើការសួរនាំ។ ហើយនៅពេលដែលសមត្ថកិច្ចធ្វើការឆែកឆេរគឺនៅក្នុងរថយន្តមិនដែលមាន លិខិតអនុញ្ញាត្តិ(ប៉េសេ)នៅក្នុងរថយន្តនោះឡើយ ដោយគាត់សំអាងថា លិខឹតនោះមាននៅក្នុងដៃរបស់គាត់។
ប្រជាពលរដ្ឋខ្លះលើកថា គេមិនដឹង ទេថា រថយន្តក្នុង២០ គ្រឿងមានប៉េសេទាំងអស់ឬក៏ ៥ គ្រឿងមានប៉េសេតែ១៥ គ្រឿងទៀតប្រើប៉េសេខ្យល់?ព្រោះពុំមានអ្នកណាហ៊ានធ្វើការឆែកឆេរ នោះទេ។
ដូច្នេះគួរតែមន្ត្រីដែលពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់មានចំណាត់ការ ផងកុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនពេក ព្រោះផ្លូវជាតិលេខ៧ កន្លងមកខូចខាតស្ទើរតែទាំងស្រុងដោយសារក្រុមហ៊ុនដឹកឈើរបស់កឧញ៉ា អ្នកមានលុយមានអំណាច។
ប្រជាពលរដ្ឋក៏បានលើកឡើងថា បើជញ្ជីងថ្លឹងគឺថ្លឹងតែរថយន្តដឹកដំឡូងដែលប្រជាកសិករដឹកតាមរថ យន្តធំៗតែប៉ុណ្ណោះ តែសម្រាប់រថយន្តដឹកឈើប្រភេទធំៗវិញគឺជំនាញជញ្ជីងបែរជាគ្មាន កម្លាំងចុះទៅត្រួតពិនិត្យទៅវិញ នេះហើយជាលេសរបស់មន្ត្រីជញ្ជីងក្នុងការដោះសារយករួចខ្លួន។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ២៤ ខែ មីនា លោក គង់ គឹមនី អភិបាលស្រុកស្នួលបានបើកកិច្ចប្រជុំជាបន្ទាន់ពាក់ព័ន្ធនិងអាជ្ញាធរ គួររក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋឱ្យល្អ និង បានសង្កត់យ៉ាងធ្ងន់ៗផងដែរទៅលើមន្ត្រីជញ្ជីងដែលអសកម្មក្នុងការចុះ ត្រួតពិនិត្យរថយន្តដឹកឈើធំៗដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ។ លោក បានបន្ថែមថា ជញ្ជីងគួរតែថ្លឹងរថយន្តដឹកលើសកំណត់ផង កុំដើរអូសតែជញ្ជីងយកតែលុយដាក់ហោប៉ៅពេក៕