ខេត្តមណ្ឌលគិរី៖សកម្មភាពដឹកជញ្ជូនឈើប្រណីតដូចជា ធ្នង់ បេង នាងនួន ទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វេភាគីប៉ុស្តិ៍អំពិលស្ថិតក្នុងស្រុក ពេជ្រដា មានភាពគគ្រឹកគគ្រេងជារៀងរាល់យប់ ប៉ុន្តែសមត្ថកិច្ចនៅទីនោះមិនដែលហ៊ានធ្វើការបង្ក្រាបទេ ព្រោះឈ្មួញឈើជាអ្នកមានអំណាចចង់ដកមន្ត្រីប៉ូលិសណាគ្រវែងចោលក៏បាន ដែរ ឲ្យតែហ៊ានប៉ះពាល់មុខជំនួញឈើរបស់គេ អ៊ីចឹងហើយទើបសមត្ថកិច្ចទាំង នោះនាំគ្នាទ្រាំអង្គុយចាំទទួលសំណែនច្រកហោប៉ៅរៀងៗខ្លួនទៅ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកឧកញ៉ា ហ៊ុន ជា គឺជាអ្នកប៉ាវផ្តាច់ក្នុងការនាំចេញឈើ ប្រណីតទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វេភាគីប៉ុស្តិ៍អំពិលដើម្បី យកទៅលក់ឲ្យឈ្មួញធំៗគ្មានសមត្ថកិច្ច ឬជំនាញណាហ៊ានបង្ក្រាបទេ ហើយក្នុងមួយយប់ៗមិនតិចជាង៣០ទៅ៤០ឡានឡើយ។
ប្រភពបន្តថា លោកឧកញ៉ា ហ៊ុន ជា បានប្រើប្រាស់មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះឡាក់ធ្វើជា មេការប្រមូលទិញឈើ និងចាំរត់ការសម្របសម្រួលបង់លុយថ្លៃក្បាលឡានឲ្យសមត្ថកិច្ចជាច្រើន ស្ថាប័នរួមនិងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។ ចំពោះមធ្យោបាយដឹកជញ្ជូនឈើប្រណីតជាប្រភេទរថយន្តឡង់គ្រីស័រស៊េរី 92-93-95 និង96 ដោយបាញ់ថ្នាំជាពណ៌ក្រហមសម្រាប់សម្គាល់ទៀតផង។
ប្រភពបន្តទៀតថា លោកឧកញ៉ា ហ៊ុន ជា បានធ្វើការប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋដែលលួចកាប់ ខុសច្បាប់ក្នុងតំបន់ហាមឃាត ហើយនិងតំបន់មួយចំនួនទៀត។ បន្ទាប់ពីប្រមូលទិញឈើ ពីប្រជាពលរដ្ឋទាំងនោះបានហើយ ទើបធ្វើការដឹកជញ្ជូនតាមរថយន្តប៉ាកុងចេញពីក្នុងព្រៃមកផ្ទេរដាក់ រថយន្តតូចៗដូចបានរៀបរាប់ខាងលើ រួចដឹកយកទៅលក់ឲ្យឈ្មួញធំដែលចាំប្រមូលទិញនៅក្នុងទឹកដី ប្រទេសវៀតណាមចេញតាមច្រកទ្វេភាគីប៉ុស្តិ៍អំពិលយ៉ាងរលូនបំផុត។
លោកឧកញ៉ា ហ៊ុន ជា និងមេការរបស់គាត់ឈ្មោះឡាក់មិនអាចស្វែងរកសុំការបំភ្លឺបានទេពីបញ្ហានេះ៕