លោក អ៊ូ សុធី ប្រធាន​ដែនជម្រក សត្វព្រៃ​លំផាត់​ខ្វះ​សមត្ថភាព​ ឬ​មិនបង្ក្រាបបទ​ល្មើស​ព្រៃឈើ​?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015 ក+ ក-

រតនគិរី៖លោក អ៊ូ សុធី នាយក​គ្រប់គ្រង​ បរិស្ថាន និង​ដែនជម្រកសត្វព្រៃ​លំផាត់ កាលពីពេល​ថ្មីៗ​នេះ បាន​សារភាព​ប្រាប់​អ្នកយកព័ត៌មាន «​មេគង្គ​ប៉ុស្តិ៍​»​ថា លោក​មិន​មែនមាន​ភ្នែក​១០០ ដៃ​១០០០​នោះឡើយ លោក​មើល​មិន​អស់​ទេ ខ​ណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​មើលឃើញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​បាន​កើតមានឡើង​យ៉ាង​គគ្រឹកគគ្រេង​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ជនជាតិភាគតិច បាន​រាយការណ៍​ឲ្យ​ដឹងថា ពួកគាត់​មានការ​ព្រួយបារម្ភ និង​ឈឺចាប់​យ៉ាងខ្លាំង​ដោយសារ​ព្រៃឈើ​ដ៏​មានតម្លៃ​ជា​សម្បត្តិ​ធម្មជាតិ​តំណែល​ពី​ដូនតា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ធ្លាប់​រស់នៅ​អាស្រ័យ​ផល ត្រូវបាន​អ្នកមាន​សិទ្ធិអំណាច​ក្នុង​តំបន់​ឃុបឃិត​គ្នា​កាប់បំផ្លាញ​ស្ទើរ​រលាយ​ហិនហោច​ក្រោមលេស​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច ឬ​មូលហេតុ​ផ្សេងៗ​។​

​ប្រភព​បន្តថា ក្រោម​ស្លាក​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ញ៉ាំង​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​មាន​ឱកាស​បំពាន​ច្បាប់​ចូល​កាប់បំផ្លាញ​ឈើ​ប្រណីត​យ៉ាង​រង្គាល​ហើយ​មិនឃើញ​មានការ​អភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន​ឡើយ​។​

មន្ត្រី​ជំនាញ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ស្រុក​លំផាត់ និង​ស្រុក​កូន​មុម ខេត្តរតនគិរី ព្រំ​ប្រ​ទប់​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ដែល​ឋិត​ក្រោម​ការគ្រប់គ្រង​របស់លោក អ៊ូ សុធី ក៏មាន​ក្រុមហ៊ុន​មួយចំនួន​កៀងគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ប្រណីត​យកមក​លក់​ឲ្យ​ខ្លួន​យ៉ាង​អនាធិបតេយ្យ​ដែរ ហើយ​ទិដ្ឋភាព​បំផ្លាញ​ព្រៃឈើ​ដោយ​ចំហ និង​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង​ជាងគេ​នេះ​គឺ​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី Co.Ltd ក្រោមលេស​ថា ជា​ឈើ​ស្របច្បាប់​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​។​

​មន្ត្រី​ដដែល​បន្តថា ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី Co.Ltd របស់លោក​ឧកញ៉ា ពេជ្រ ឫទ្ធ​សី រួម​និង​លោក អ៊ូ សុធី កំពុង​ធ្វើ​ឲ្យ​បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​កើតក្តី​ក្តៅក្រហាយ​ឥតឧបមា ហើយ​ពួកគាត់​បានត្រឹមតែ​ឈរ​មើល​បង្ហូរទឹកភ្នែក​ទាំង​ក្តី​សោកស្តាយ​ប៉ុណ្ណោះ ព្រោះ​ពួកគាត់​គ្មាន​សង្ឃឹមលើ​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​ទប់ស្កាត់​នោះឡើយ​។​

​គួរ​ជម្រាប​ថា ព្រៃឈើ​កំពុង​រង​ការកាប់បំផ្លាញ់​នោះ​គឺ​ស្ថិតនៅ​ចំណុច​ដែនជម្រកសត្វព្រៃ​លំផាត់ និង​ស្រុក​កូន​មុម ខេត្ត​រតនគីរី ដែល​ព្រៃ​ទាំងនោះ​ស្ថិតនៅក្រោម​ការឃ្លាំមើល​និង​គ្រប់គ្រង​ដោយ​ក្រុមមន្ត្រី​បរិស្ថាន​ក្នុង​ខេត្តរតនគិរី​។​ចំណែក​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី Co.Ltd ត្រូវគេ​រាយការណ៍​ថា គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេ​គឺ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ដូនពេញ​។​

​មានការ​ចោទសួរ​ថា តើ​មាន​មូលហេតុ​អ្វី​ខ្លះទៅ បានជា​ក្រុមមន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ មិន​ស្វាហាប់​ដាក់​ការស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​របស់ខ្លួន​។​

​លោក អ៊ូ សុធី នាយក​គ្រប់គ្រង​បរិស្ថាន និង​ដែនជម្រកសត្វព្រៃ​លំផាត់ នៅពេល​សួរនាំ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ ស្តីពី​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី ថា​បាន​លួច​កាប់​ឈើ​ចេញពី​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ លោក​បាន​ថ្លែងថា “​លោក​ឧកញ៉ា សី គឺមាន​ក្រុមហ៊ុន​មួយ​នៅ​ប្រមូល​ផល អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​របស់ខ្ញុំ មិនមែន​មានតែ​ក្រុមហ៊ុន​ឧកញ៉ា​សី តែមួយ​នោះទេ គឺមាន​ដល់​ទៅ​៦​ក្រុមហ៊ុន​ឯណោះ គឺមាន​បង់ពន្ធ​ត្រឹមត្រូវ មាន​អន្តរក្រសួង មាន​ក្រុមការងារ​ចុះមក​វាស់វែង​ដើម្បី​បង់ពន្ធ​”​។ លោក​បាន​ថ្លែងថា “​ក្រុមហ៊ុន​ប្រមូល​ផល អនុផល​ព្រៃឈើ​ទាំងអស់ វា​ស្ថិតនៅក្នុង​ដែន​ការពារ និង​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ។​ខ្ញុំ​មិនមែន​មាន​ភ្នែក​១០០ ដៃ​១០០០ ង​ណា ដូច្នេះ​ខ្ញុំ​មើល​មិន​អស់​ទេ ” ។

មជ្ឈដ្ឋាន​ផ្សេងទៀត បានចាត់ទុក​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតមាន​ដូច​សេ​ក្តី​រាយការណ៍​ខាងលើនេះ គឺ​មិនមែន​ដោយសារ​លោក អ៊ូ សុធី ខ្វះ​សមត្ថភាព​ទប់ស្កាត់​នោះឡើយ ប៉ុន្តែ​លោក​ប្រើ​វិធី ភ្នែក​ម្ខាង​បិទ ភ្នែក​ម្ខាង​បើក ដើម្បី​ផលប្រយោជន៍​អ្វី​ម្យ៉ាង​។​

​លោក​អ៊ូ សុធី បាន​ថ្លែង​ទាំង​មាន​មោទនភាព​ថា “​មាន​វិទ្យុ​អាស៊ីសេរី កាសែត​Cambodia daily កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ព័ត៌មាន​មួយចំនួនទៀត​បានធ្វើកា​រ​ចុះផ្សាយ​អំពីខ្ញុំ មិនមែន​ទើបតែ​កាសែត​«​មេគង្គ​ប៉ុស្តិ៍​»​ប៉ុណ្ណោះ​ទេ ដែល​ផ្សាយ​ពី​ខ្ញុំ​នោះ ប៉ុន្តែ​ការផ្សាយ​នោះ​ខ្ញុំ​មិនបាន​ខ្វាយខ្វល់​ទេ​” ។

​ដោយឡែក​លោក​ឧកញ៉ា សី ដែលជា​នាយក​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី Co.Ltd “​មេគង្គ​ប៉ុស្តិ៍​»​មិនអាច​ស្វែងរក​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​អំពី​ការធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ការកាប់បំផ្លាញ​ព្រៃឈើ​បទឧក្រិដ្ឋ​នោះឡើយ​”​។

​តាមរយៈ​«​មេគង្គ​ប៉ុស្តិ៍​»​បងប្អូន​ជនជាតិដើម​ភាគតិច បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​នេសាទ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ស៊ើបអង្កេត​ករណី​ដូច​សេចក្តី​ខាងលើនេះ​ឲ្យ​បាន​ឆាប់​ផង បើ​មិន​ដូច្នេះ​ទេ សម្បត្តិ​ធម្មជាតិ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​នឹងត្រូវ​គេ​ឃុបឃិត​គ្នា​កាប់បំផ្លាញ​គ្មាន​សល់​ឡើយ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រង់ចាំ​មើល​ដោយ​ទទូចថា តើ​រាជរដ្ឋាភិបាល​កម្ពុជា​នឹងមាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន ឬ​មន្ត្រីរាជការ​ដែល​កំពុង​ឃុបឃិត​គ្នា​ធ្វើ​ជំនួញ​ព្រៃឈើ​ដោយ​ខុសច្បាប់​នោះ​បែបណា ? ។​ប៉ុន្តែ​បើសិនជា​គ្មាន​វិធានការ​អ្វី​សោះ​នោះ អំពើពុករលួយ​នៃ​បទល្មើស​ព្រៃឈើ​នឹង​ស៊ី​រូង​កាន់តែ​ជ្រៅ ហើយ​គណបក្សកាន់អំណាច​នឹង​បាត់បង់​ប្រជា​ប្រី​យ៍​ភាព​ក្នុង​ការដណ្តើម​ជោគជ័យ​នាពេល​បោះឆ្នោត​ខាងមុខ​ជាមិនខាន​៕ស រ

1rata4

ឧកញ៉ា វ័យក្មេង ឬទ្ធ​សី

1rata3

លោក អ៊ូ សុធី

1rata1

ឈើប្រណីត របស់ឧកញ៉ា សី (ថតកាលពីថ្ងៃទី១ ខែមេសា​២០១៥)

1rata11         ស្នាក់ការក្រុមហ៊ុន ពេជ្រ ឬទ្ធសី

1rata2

ឈើរាប់ម៉ឺនម៉ែត្រគូបរបស់ឧកញ៉ា សី​ (ថតនៅថ្ងៃទី១មេសា២០១៥)