អ្នក​ស្រឡាញ់​សត្វ​គ្រោង​យុទ្ធនា​ការ ប្រឆាំង​ការបរិភោគ​សាច់​ឆ្កែ ​និង​ឆ្មា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖សត្វ​ឆ្កែ ​គឺជា​សម្លាញ់​ដ៏​ល្អ​របស់​មនុស្ស​គ្រប់គ្នា ក៏ប៉ុន្តែ​មនុស្ស​មួយចំនួន​ក៏​ចូលចិត្ត​បរិភោគ​សាច់​វា​នោះដែរ​។ យុទ្ធនាការ​មួយ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី បញ្ឈប់​ការសម្លាប់ និង​បរិភោគ​សត្វ​ទាំងនេះ ដោយ​អះអាងថា សាច់សត្វ​ទាំងនេះ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​របស់​មនុស្ស​។​

​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ម្ចាស់​សត្វ​ចិញ្ចឹម សកម្មជន​ការពារ​សត្វ​នឹងធ្វើ​ការដើរ​ក្បួន​ជា​លើកដំបូង​នា​ថ្ងៃអាទិត្យ នេះ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់​ឆ្កែ និង​ឆ្មា​នៅ​កម្ពុជា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នករៀបចំ​កម្មវិធី​នេះ​។​

​ការដើរ​ហែ​ក្បួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ការ ហូប​សាច់​ឆ្កែ និង​ឆ្មា​ទូទាំង​ពិភពលោក​មួយ ដែល​ឲ្យ​ឈ្មោះថា «Say NO to Dog Meat» មានន័យថា «​បដិសេធ​សាច់​ឆ្ក‍ែ​» ដើម្បី​ប្រមូល​ការគាំទ្រ​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ និង​ផ្សាយ​ពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​ទាំងនោះ ជាពិសេស​សាច់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ និង​សាច់​ឆ្កែ​អនាថា​។​​សាច់​ឆ្កែ​ត្រូវគេ​លក់ និង​បរិភោគ​ជា​ចំហ​នៅ​ភ្នំពេញ និង​នៅ​បណ្តា​ខេត្ត​មួយចំនួន​។​

​លោកស្រី ម៉ា​រី វែ​ឡាស​ស្កូ (Mary Velasco) ដែលជា​អ្នករៀបចំ​ការដើរ​ក្បួន​យុទ្ធនាការ​នេះ បាន​ប្រាប់ VOA ដោយ​បង្ហាញ​ពី​ការមិនសប្បាយចិត្ត​រប​ស់​អ្នក​ដែល​បាត់​សត្វ​ឆ្កែ​របស់​ពួក គេ និង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​ទាំងនេះ ដោយសារ​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន ជាពិសេស​ជំងឺ​រមាស់ និង​រាករូស​។ លោកស្រី​ម៉ា​រី វែ​ឡាស​ស្កូ​បាន​បន្ថែមថា វា​មិនត្រូវ​ទេ ដែល​ប្រជាជន​នៅ​អាស៊ី​យល់ថា ការបរិភោគ​សាច់​ឆ្កែ​ធ្វើ​ឲ្យ​បុរស​មាន​កម្លាំង​ពិសេស ហើយ​ការ​ពិសារ​សាច់​ឆ្មា​ជួយ​ព្យាបាល​ជំងឺហឺត​នោះ​។​

«​វា​មិនមែន​ត្រឹមតែ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​សត្វ​ចិញ្ចឹម ដូចជា​ឆ្កែ និង​ឆ្មា​នោះទេ ក៏ប៉ុន្តែ​វា​ជាការ​ផ្សព្វផ្សាយ​ការណ៍​ពិត និង​បង្ហាញ​ការយកចិត្តទុកដាក់​ដ​ល់​មនុស្សម្នារ​ផ្សេងៗ​ទៀត ព្រោះ​យើង​ខ្វល់​ពី​ពួកគាត់​។ ពួកគាត់​យល់ថា ការ​ញ៉ាំ​សាច់​ឆ្កែ​អាចជួយ​ពួកគាត់ ឯកា​រញ៉ាំ​សាច់​ឆ្មា​អាច​ព្យាបាល​ជំងឺ​បាន​។ តែ​វា​មិន​ត្រឹមត្រូវ​ទេ​។ តាម​ការណ៍​ពិត​សាច់​ទាំងនេះ​និង​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដល់​ពួក គាត់​ទៅវិញ​ទេ​»​។​

​ស្ត្រី​អាយុ​២៩​ឆ្នាំ ដែល​ស្រឡាញ់​ការចិញ្ចឹម​សត្វ​នេះ បន្តថា នា​រសៀល​ថ្ងៃអាទិត្យ​នេះ​នឹងមាន​ការជួប​ជុំគ្នា​នៅ​វិមានឯករាជ្យ​មុននឹង មានការ​ធ្វើដំណើរ ដោយមាន​ការដើរ​ក្បួន​
ជាមួយ​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ទៀតផង​។​

​ដោយឡែក អ្នកស្រី​ឌី​ណា ដែលជា​អាជីវករ​លក់​សាច់​ឆ្កែ​រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ​ក្រោម​យីហោ «​សាច់​ពិសេស​»​នោះ បាន​និយាយថា​គាត់​មិន​បានដឹង​រឿង​យុទ្ធនាការ​នេះ​ទេ ក៏ប៉ុន្តែ​សាច់​ឆ្កែ​មានការ​ពេញនិយម ព្រោះ​វា​មាន​តម្លៃថោក​សមរម្យ​។ លោកស្រី​អាច​លក់​សាច់​ឆ្កែ​យ៉ាងហោចណាស់​ចំនួន​៤០​គី​ឡួ​ក្នុង​មួយថ្ងៃៗ​។ ហើយ​សត្វ​ទាំងនោះ​គឺ​បានមកពី​អ្នក​ដែល​ប្រមូល​ទិញ​នៅតាម​ភូមិ​នានា​។​

«​វា​អត់​មានអី​ខុសច្បាប់​ទេ​។ វា​មិនមែន​សត្វព្រៃ​ទេ​។ វា​ជា​សត្វស្រុក​។ ម៉ូយ​គេ​ដើរ​ទិញ​តាម​ផ្ទះ​មក​ដាក់​ឲ្យ​យើង​។ យើង​ប្រាប់​ម៉ូយ ឲ្យ​គេ​យក​សត្វ​ល្អៗ​ស្អាតៗ​មក​ប្រស់​ទុក អត់​មាន​សត្វ​ឈឺ អត់​មាន​អង្គែ​អី​ទេ​»​។​

សាច់​ឆ្កែ​ត្រូវបាន​គេ​ដឹងថា ពេញនិយម​នៅក្នុង​ប្រទេស​អាស៊ី​មួយចំនួន​ដូចជា​ចិន កូរ៉េ និង​វៀតណាម​។ នៅ​កម្ពុជា​សាច់​ឆ្កែ​ត្រូវគេ​ដាក់​អាំង​លក់​ដោយ​សេរី ជាពិសេស​នៅក្នុង​ខ័​ណ្ឌ​ភ្នំពេញ​ថ្មី​ក្រោម​ស្លាក​សាច់​ពិសេស​។ សាច់​ពិសេស​នេះ​ភាគច្រើន​មានការ​ពេញនិយម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលមាន ចំណូល​ទាប និង​មធ្យម​៕voa/A16BB320សាច់​ឆ្កែ​អាំង​ត្រូវគេ​លក់​តាមផ្លូវ​នៅ​ក្រុងភ្នំពេញ​

73AA3792-518Aអ្នក រកស៊ី​លក់​ឆ្កែ​ត្រូវគេ​ឃើញ​ដឹក​សត្វ​ឆ្កែ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ជិត​ក្រុង​កំពង់ធំកាលពី​ចុងខែ​មីនា ឆ្នាំ​២០១៥​

DB795820-3363-470C-BD9B-អ្នកបម្រើ​នៅ​ហាង​សាច់​ឆ្កែ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​លើក​ម្ហូប​សាច់​ឆ្កែ​និង​គ្រឿងក្នុង​ជូន​អតិថិជន​