​ស្ពាន​អ្នក​លឿងនឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ថ្ងៃទី​៦​មេសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2015 ក+ ក-

​ភ្នំពេញ​៖ ស្ពាន​ត្សឹ​បា​សា (Tsubasa ) ឬ​ហៅថា ស្ពាន​អ្នក​លឿង ដែលមាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញនឹងត្រូវ​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​០៦ ខែមេសា​ស្អែក​នេះ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ព្រមទាំង​តំណាង​ជាន់ខ្ពស់ របស់​រដ្ឋាភិបាល​ជប៉ុន នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​នោះ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​០៣ ខែមេសា ឲ្យ​ដឹង ថា ស្ពាន​ត្សឹ​បា​សា ត្រូវបាន​សាងសង់ឡើង​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​គម្រោង​សាងសង់​ស្ពាន​អ្នក​លឿង ដែល​ត្រូវបាន​អនុវត្តន៍​ស្របទៅតាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ហិរញ្ញប្បទាន​ឥត​សំណង​បន្ទាន់​លើ​ការ សាងសង់​ស្ពាន​ដែលមាន​ប្រវែង​២២១៥​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​មាន​ប្រវែង​៣១០០​ម៉ែត្រ​។​

​ទឹកប្រាក់​សរុប​សម្រាប់​ការសាងសង់ មាន​ចំនួន ១១៩,៤​លាន​យ៉េន ដែល​ប្រហាក់​ប្រ ហែល​នឹង​១២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ស្ពាន​ត្សឹ​បា​សា មិនមែន​គ្រាន់តែ ភ្ជាប់​ផ្នែក​ទាំងសងខាង​នៃ​ផ្លូវជាតិ​លេខ​១​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ភ្ជាប់​ប្រទេស​ទាំងអស់ នៅក្នុង​តំបន់​ផងដែរ​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹង​បន្ដ ថា ស្ពាន​ត្សឹ​បា​សា​នេះ នឹងធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​១​មាន សមត្ថភាព​គ្រប់គ្រាន់ សម្រាប់​ការដឹកជញ្ជូន​នៅក្នុង​តំបន់ និង​ឆ្លើយតប​ទៅនឹង គោលនយោបាយ​នៃ​ការតភ្ជាប់​បណ្តាញ​ផ្លូវ​ហាយវ៉េ​អាស៊ាន ឬ​ផ្លូវ​ហាយវ៉េ​អនុតំបន់​ទន្លេមេគង្គ​ផងដែរ​។​

ស្ពាន​ត្សឹ​បា​សា និង​ផ្លូវជាតិ​លេខ​១​នេះ ដើរតួនាទី​យ៉ាងសំខាន់ ជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​តំបន់​អាស៊ី និង​អាស៊ាន​ហាយវ៉េ​លេខ​១ ដែល​ផ្តល់ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ពី​ការ​ប្រ កួត​ប្រជែង​ពាណិជ្ជកម្ម​-​ទេសចរណ៍ ឧស្សាហកម្ម​-​កសិកម្ម សុខាភិបាល​-​សន្តិសុខ និង​ឱកាស​ទទួលបាន​ការងា​រ​ជាដើម​។​

​ម្យ៉ាងទៀត​ស្ពាន​នេះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​ការចំណាយ​ទៅលើ​ការដឹកជញ្ជូន​បាន​យ៉ាងច្រើន ដែល​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍ យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​សកម្មភាព​អាជីវកម្ម ដែល​មិនមែន​តែ​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ផ្លូវជាតិ និង​ស្ពាន​នោះទេ តែ​ក៏​ចំពោះ​ប្រជាជន​កម្ពុជា ទាំងអស់ និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ​។​

​រដ្ឋាភិបាល​ជប៉ុន បាន​និង​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​សម្រាប់ ការសាងសង់​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ ទៅ​អ្នក​លឿង ដែល​ការសាងសង់​ចែកជា ៣ ដំណាក់កាល ដែល​ត្រូវ​បានបញ្ចប់​រួចរាល់​ហើយ នៅសល់ តែ​ដំណាក់កាល​ទី​៤ ដែលមាន ប្រវែង ៤​គីឡូម៉ែត្រ ដែល​នឹង​ចាប់ផ្តើម ធ្វើការ​សាងសង់ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ តាម​ការគ្រោងទុក អាច​នឹង​ចាប់ផ្តើម ពី​ខែមេសា ឆ្នាំ​២០១៥ នេះ​៕

Brigd_Neaklo