ឈើ​ជាច្រើន​ត្រូវបាន​គេ​ជញ្ជូន​មក​ទុក​នៅ​តំបន់​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2015 ក+ ក-

​ស្ទឹង​ត្រែ​ង៖​ឈើ​ប្រណីត​ប្រភេទ​លេខ​១ លេខ​២ លេខ​៣ ត្រូវបាន​គេ​ដឹកជញ្ជូន​ពី​តំបន់​នានា យកមក​ដាក់​នៅ​តំបន់​បាត​អាង​នៃ​ក្រុមហ៊ុន​សាងសង់​ទំនប់​សេសា​ន​ក្រោម​២ ជា​រៀងរាល់ថ្ងៃ​។ សកម្មភាព​នេះ គឺ​ផ្ទុយគ្នា​ស្រលះ​ពី​ការអះអាង​របស់​អភិបាលខេត្ត​ស្ទឹងត្រែង ថា​គ្មាន​ការដឹកជញ្ជូន​ពី​តំបន់​ផ្សេង​យកមក​ផ្ទុក​តំបន់​បាត​អាង និង​ថា ឈើ​តំបន់​បាត​អាង​គឺ​ក្រុមហ៊ុន​ដុត​កម្ទេចចោល​ទាំងអស់​។​

​គំនរ​ឈើ​ដែល​មុខកាត់​ធំៗ មាន​កម្ពស់​ស្មើ​ក្បាលមនុស្ស មាន​ទាំង​ឈើ​កំពុង​ច្នៃ និង​ឈើ​មិនទាន់​ច្នៃ ត្រូវបាន​គេ​ដឹកយក​ទុកជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ក្នុង​តំបន់​បាត​អាង​របស់​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។​

​មូលហេតុ​ដែល​នាំយក​ឈើ​ពី​តំបន់​ផ្សេង​មក​ផ្ទុក​ក្នុង​កន្លែង​ត្រូវបាន គេ​ដឹងថា ដើម្បី​យក​ឈើ​ខុសច្បាប់​ធ្វើ​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ ដើម្បី​នាំចេញ​ដោយ​មិនបាច់​បង់ពន្ធ ឬ​បង់ពន្ធ​ជូន​រដ្ឋ​ក្នុងតម្លៃ​ទាប សំឡេង​រណា​យន្ត​ច្រៀក​ឈើ​ក៏​កំពុង​លាន់​ទ្រហឹង​ពេញ​ព្រៃ​ដែរ​។ ឈើ​ខ្លះ​ត្រូវបាន​គេ​ទម្លាក់ចោល​តាមផ្លូវ​ក្នុងព្រៃ និង​ឈើ​ផ្សេងទៀត ក្រុមកម្មករ​អារច្រៀក កែច្នៃ​មុននឹង​ដឹកជញ្ជូន​ចេញទៅ​តំបន់​ផ្សេង​។​

​ជួតក្បាល​នឹង​ក្រមា​ដើរកាត់​ព្រៃ​ប្រាប់​ពី​កន្លែង​ផ្ទុក​ឈើជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន លោក ភូ​ម៉ា វ៉ាន់ ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹកជញ្ជូន​មក​តំបន់​បាត​អាង ភាគច្រើន​ដឹក​ពី​កន្លែង​ផ្សេងគ្នាៗ ដូចជា​ឧទ្យាន​វីរ​ជ័យ និង​ស្រុក​សៀម​ប៉ាង ជាដើម ដែលមាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ព្រោះ​តំបន់​ទាំងនោះ​សំបូរ​ឈើប្រណិត​។ ពលរដ្ឋ​រូបនេះ​ឲ្យ​ដឹង​ទៀតថា សកម្មភាព​នេះ​កើតឡើង​ចាប់តាំងពី​មាន​សកម្មភាព​សំអាត​បាត​អាង​របស់ ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ម៉េះ្ល​៖ «​ឥឡូវ​អស់ ឈើ​នៅទីនេះ អា​មុខ​២​ម៉ែត្រ​អី​អត់​មាន​ទេ​។ កម្មករ​គេ​ច្រើនណាស់​។ កន្លែង​ដឹកឈើ​ហ្នឹង​ថា​មិន​ឲ្យ​គេ​ចូល​ម៉េច​? គេ​ចូល​រាល់ថ្ងៃ​»​។​

​តំបន់​បាត​អាង​ជា​កន្លែង​សម្រាប់​ផ្ទុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ មាន​ទំហំ ៣៦.០០០​ហិកតារ​។ តំបន់​បាត​អាង​ត្រូវគេ​សំអាត​ឲ្យ​រាបស្មើ ដូច្នេះ​ក្រុមហ៊ុន​សាងសង់​ទំនប់​នេះ មាន​សិទ្ធិ​កាប់​ព្រៃឈើ​ទាំងនោះ​ដោយ​ស្របច្បាប់​។​
​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ឲ្យ​ដឹងថា តំបន់​បាត​អាង​ពុំ​សូវ​មាន​ឈើប្រណិត​ទេ​។ ដោយឡែក​ឈើ​ដែល​ត្រូវគេ​ដឹកជញ្ជូន​យក​ទុក​ក្នុង​នៅទីនេះ រួមមាន ឈើ​ធ្នង់ ឈើទាល ឈើ​ត្រាច ជាដើម និង​ឈើ​ខ្លះទៀត​ជា​ប្រភេទ​ដើមឈើ​យក​ជ័រ​របស់​ជនជាតិដើម​ភាគតិច​អាស្រ័យ ផល​។​

​បុរស​ជនជាតិដើម​ភាគតិច​ឡាវ លោក សា ទុយ និយាយ​ទាំង​សោកស្ដាយ​ថា នៅពេលនេះ ដើមឈើ​ជ័រទឹក​ដែល​លោក និង​អ្នកភូមិ​ធ្លាប់​ប្រមូល​ផល ត្រូវបាន​គេ​កាប់រំលំ​អស់ហើយ​។ លោក​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​គិតគូរ​ពី​ជនជាតិដើម​ភាគតិច​ដែល​ពឹង​អាស្រ័យ លើ​អនុផល​ព្រៃឈើ​៖ «​ក្មេងជំនាន់ក្រោយ​បាត់បង់​ទាំង​លំនៅឋាន និង​បាត់បង់​ឈើ​ធ្វើ​ផ្ទះ​។ ខ្ញុំ​អ្នកតូចតាច​បានត្រឹមតែ​ស្រែក​មិនដឹង​រក​អ្នកណា​ឲ្យ​ជួយ​ទេ​»​។​

​ថ្លែងប្រាប់​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ទទួលបន្ទុក​កសិកម្ម បរិស្ថាន ផែនការ វិនិយោគ កាលពី​ចុងខែ​មីនា អភិបាលខេត្ត​ស្ទឹងត្រែង លោក កុល សំអុល និយាយថា គ្មាន​ការដឹកជញ្ជូន​ឈើ​ពី​តំបន់​ណាយ​កមក​ផ្ទុក​ក្នុង​តំបន់​បាត​អាង​ឡើយ​។ លោក​អភិបាល​ពន្យល់ថា ក្រុមហ៊ុន​សាងសង់​ទំនប់​បាន​ដុតបំផ្លាញ​ឈើ​ទាំងនោះ ព្រោះ​ដឹក​ចេញ​ក៏​មិន​ចំណេញ​។ ផ្ទុយ​ពី​ការលើកឡើង​នេះ ឈើ​មុខកាត់​ពី​កន្លះ​ម៉ែត្រ ទៅ ២​ម៉ែត្រ ប្រវែង​ពី ៨​ម៉ែត្រ ទៅ ១៥​ម៉ែត្រ ត្រូវគេ​ដឹកយក​ទុក​ពេញ​ព្រៃ​តំបន់​បាត​អាង ក្នុងពេល​ព្រៃ​បាត​អាង​នៅ​ទីនោះ​មិនទាន់​កាប់រំលំ​។​

​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ទទួលបន្ទុក​កសិកម្ម បរិស្ថាន ផែនការ​វិនិយោគ លោក ប៉ុល ហំ​ម យល់ថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង គ្មាន​សមត្ថភាព​ត្រួតពិនិត្យ​ការងារ​ឲ្យ​បាន​ដិតដល់​។ មួយវិញទៀត លោក​បន្តថា អាជ្ញាធរខេត្ត​នេះ​មាន​ចេតនា​ថ្លែង​រឿង​មិន​ពិត​ប្រាប់​មក​គណៈកម្មការ​ទី​៣ រដ្ឋសភា​ក្នុងពេល​សាកសួរ​កន្លងមក​៖ «​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់​ទង​ត្រូវធ្វើ​រឿងនេះ​បន្ថែមទៀត​»​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ប៉ុន សារឿន ដែល​ធ្លាប់​ចុះ​អង្កេត​រឿង​ព្រៃ​បាត​អាង​ប្រាប់ថា តំបន់​ដែល​ដឹកជញ្ជូន​ឈើ​នេះ ហួស​ដែន​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន គឺ​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ក្រសួងកសិកម្ម ឬ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​។ ដូច្នេះ​លោក​មិនអាច​ឆ្លើយបំភ្លឺ​រឿងនេះ​ឡើយ​៖ «​ដែនដី​នោះ​មិន​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​ទេ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏​ខ្ញុំ​អរគុណ​ដែរ​ដែល​បាន​ប្រាប់​រឿងនេះ​»​។​

តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ លោក កៅ វ៉ាង​អ៊ី នៅ​ថ្ងៃទី​៤ ខែមេសា បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍ ដោយ​លោក​និយាយថា លោក​មិន​ស្គាល់​វិទ្យុ​អាស៊ីសេរី​៖ «​ខ្ញុំ​មិន​ស្គាល់​វិទ្យុ​អាស៊ីសេរី ឬ​អាស៊ី​ផ្ដាច់ការ​អី​ទេ កុំ​ទូរស័ព្ទ​រំខាន​ខ្ញុំ​ទៀត​»​។​

​ទាក់ទង​រឿងនេះ​ដែរ អភិបាលរង​ខេត្តស្ទឹងត្រែង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត លោក ដួង ពៅ ឲ្យ​ដឹងថា លោក​មិនទាន់​ដឹង​រឿងនេះ​នៅឡើយ​ទេ​។ លោក​អភិបាលរង​ខេត្ត​បន្តទៀតថា អាជ្ញាធរខេត្ត​នឹង​សាកសួរ​ទៅ​អ្នកពាក់ព័ន្ធ​ដើម្បី​អន្តរាគមន៍​រឿងនេះ​៖ «​ខ្ញុំ​មិនដឹង​រឿងនេះ​ទេ ព្រោះ​ព្រៃ​បាត​អាង​មាន​ក្រុមហ៊ុន​ម៉ៅការ​មួយ ប៉ុន្តែ​ខ្ញុំ​អរគុណ​ហើយ​ដែល​ផ្ដល់ព័ត៌មាន​នេះ​»​។​

ō​អង្គការ​បណ្ដាញ​ទន្លេ​បី រកឃើញថា ករណី​ដឹកជញ្ជូន​ឈើ​ពី​កន្លែង​ផ្សេង​មក​ដាក់​ក្នុង​តំបន់​បាត​អាង និង​ដឹកឈើ​ចេញពី​តំបន់​បាត​អាង​ទៅ​កន្លែង​ផ្សេង គឺធ្វើឡើង​យ៉ាង​អនាធិបតេយ្យ​អស់​ច្រើន​ឆ្នាំ​មកហើយ គឺ​គ្មាន​ការបង្ក្រាប​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។ ផ្លូវ​ស្ពាន​មួយចំនួន​ត្រូវ​ខូច​ខ្ទេច​ដោយ​រថយន្ត​ដឹកឈើ​នេះ​។ ប្រភព​ខ្លះ​ថា អ្នក​ដែល​ទទួលបន្ទុក​សំអាត​បាត​អាង ចំណេញ​លុយ​ពី​ការដឹកជញ្ជូន​ឈើ​រហូត​បាន​ងារ​ជា​ឧកញ៉ា​ថែម​ទៀតផង​។​

​ថ្លែងប្រាប់​គណៈកម្មការ​ទី​៣​រដ្ឋសភា​កាលពី​ថ្ងៃទី​២៩ ខែមីនា អ្នកសម្របសម្រួល​បណ្ដា​ញ​ទន្លេ​បី លោក មៀ​ច មាន ឲ្យ​ដឹងថា ឈើ​ដឹក​ចេញពី​បាត​អាង​ភាគច្រើន​ចេញទៅ​ខេត្តក្រចេះ និង​ទៅ​ប្រ​ទស​វៀតណាម ហើយ​ភាគច្រើន​គឺ​គេ​ដឹក​នៅពេល​យប់​។​
​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ថា​ក្រោយពី​ទទួល​ព័ត៌មាន​នេះ លោក​នឹង​កោះអញ្ជើញ​រដ្ឋមន្ត្រី​មួយចំនួន និង​អ្នកពាក់ព័ន្ធ​មក​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​៕

Phol-1-3