សៀមរាប៖ខ្លោងទ្វារអង្គរសង្ក្រាន្ត មួយដែលមានទីតាំងនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានដុតបំផ្លាញកាលពីយប់អាធ្រាត្រថ្ងៃអង្គារ ទី០៧ខែមេសា ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនថាមិនមែនជា រចនាប័ទ្មខ្មែរ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់នៅព្រឹកថ្ងៃអង្គារនេះថា ខ្លោងទ្វារនេះត្រូវដុតបំផ្លាញ កាលពីវេលាម៉ោងប្រមាណ១ រំលងអាធ្រាត្រនិងត្រូវបានពន្លត់វិញនៅម៉ោងជិត២យប់។នៅព្រឹកទី៧នេះ សមត្ថកិច្ច និងអាជ្ញាធរខេត្តសៀមរាប កំពុងតែចុះស៊ើបអង្កេតករណីនេះ។
ស្នងការខេត្តសៀមរាប លោក សន ណាឌី មានប្រសាសន៍ថាពិតជាមានការដុតមែន ហើយអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែប្រជុំពីបញ្ហានេះ។
ទីតាំងកន្លែងកើតហេតុ ស្ថិតនៅចម្ងាយប្រហែល១០០ម៉ែត្រពីទីបញ្ជាការដ្ឋាននគរបាលបេតិភណ្ឌ ដែលតែងតែយាមកាមតំបន់នោះ២៤ម៉ោងលើ២៤ម៉ោង។
គួរបញ្ជាក់ថាការដុតខ្លោងទ្វារនេះកើតឡើង បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់ថាខ្លោងទ្វារនោះជា រចនាប័ទ្មវៀតណាម និងចិន ។
កន្លងមក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានឲ្យក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្យាយាមកែលម្អខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន ដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីប្រជាពលរដ្ឋក្រុមណាមួយ។ប៉ុន្តែមិនទាន់បានកែលម្អផង ក៏ស្រាប់តែមានករណីដុតបំផ្លាញបែបនេះតែម្តង។
ព្រឹទ្ធាចារ្យមួយរូបដែលកំពុងឈរមើលខ្លោងទ្វារដែលបានរងការដុតបំផ្លាញ បានបង្ហាញពីការខកចិត្ត ចំពោះទង្វើអសីលធម៌របស់ក្រុមជនមួយក្តាប់តូច ដែលបញ្ជាក់ឲ្យដឹង មានតែក្រុមជនអគតិប៉ុណ្ណោះដែលចិញ្ចឹមចិត្តជំទាស់ទាំងងងឹតងងុល សូម្បីតែសំណង់ខ្លោងទ្វារក៏មិនទុកឲ្យទើសមុខពួកគេដែរ គ្មានចរិកកែលម្អដើម្បីស្ថាបនាបន្តិចណាសោះ៕
ខ្លោងទ្វារអង្គរសង្ក្រាន្តក្រោយពេលដុតបំផ្លាញ