ភ្នំពេញ៖លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវ បានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេតពាក់នឹងសំណុំរឿងក្តីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លី សុខឡេង បានសាកសួរអស់រយៈពេលជិត ៤ម៉ោង កាលពីរសៀលថ្ងៃទី១៧ មេសា រួចមក តុលាការបានសម្រេចឃុំខ្លួនលោក ថោង សារ៉ាត់ បណ្តោះអាសន្ននៅគុកព្រៃស។។
គួរជម្រាបថា ជនសង្ស័យ ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន”។ លោក ថោង សារ៉ាត់ ត្រូវចាប់សង្ស័យជាមេខ្លោងនៃ អំពើឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ។លោក ថោង សារ៉ាត់ បន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់ជាច្រើនខែ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលវៀតណាម ចាប់ខ្លួននៅប្រទេសវៀតណាម និងបាននាំខ្លួនមកកម្ពុជា កាលពី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។
សូមបញ្ជាក់ផងដែរថា អង្គរក្សទាំង៤នាក់ របស់លោកថោង សារ៉ាត់ ចំនួន៤នាក់ មានឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាជនដល់ដល់ និងឈ្មោះ មាស សម្បត្តិ ហៅទូច អាយុ២៧ឆ្នាំ ត្រូវបានតុលាការចោទ ប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន ”។ ចំណែកឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ( អ្នកមើលផ្លូវ ) និងឈ្មោះ លី សៅ ហៅវី អាយុ២៨ឆ្នាំ (អ្នកឌុបជនដៃដល់) ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
ដោយឡែកលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ” ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០ និងមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ។
ក្រុមជនត្រូវចោទទាំងអស់ អាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ឋភាពដូចការចោទប្រកាន់មែន។
ជនសង្ស័យ ទាំង០៤នាក់នេះ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រព្រឹត្តកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៉ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខាងលិចអាងទឹកស្តាតអូឡាំពិក ៕