ថោង សារ៉ាត់ ជា​ជន​ចុងក្រោយ​ដែល​នឹង​បង្ហាញ​ការពិត​ក្នុង​សំណុំ រឿង​ឃាតកម្ម​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2015 ក+ ក-

ភ្នំពេញ​៖ លោក ថោង សារ៉ាត់ ដែលជា​ជន​ត្រូវ​ចោទ​ជា​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​ដ៌េ​ល​ត្រូវបាន​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦​មេសា​នៅ​ខេត្តស្វាយរៀង​នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​ឃុំខ្លួន​ក្នុង​ព​ន្ឋ​នាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​។​

​លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ដាក់​ក្រោម​ការចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដោយ​រង់ចាំ​ការស៊ើបអង្កេត និង​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿងក្តី​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងមក​។​

​ការសម្រេច​ឃុំខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក លី សុខ​ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​អស់​រយៈពេល​ជិត ០៤​ម៉ោង​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ថោង សារ៉ាត់ ត្រូវបាន សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភូមិ​មួយ​ក្នុង​ខេត្តស្វាយរៀង ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៥ ។​

​ថោង សារ៉ាត់ ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ដោយ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត​។ ថោង សារ៉ាត់ ជាប់​ពាក់​ព័​ន្ឋ​នឹង​ការបញ្ជា​ឱ្យ​អង្គរក្ស​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈដែល​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ខាងលិច​អាងទឹក​ស្តា​ត​អូឡាំពិក​។​

​ខ​ណះ​តុលាការ​សាកសួរ ថោង សារ៉ាត់ នោះដែរ ក៏មាន​វត្តមាន​លោក ឱម យ៊ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​សាកសួរ ថោង សារ៉ាត់ ផងដែរ ។ ក្នុង​សំណុំ​រឿងនេះ ក្រៅពី​ថោង សារ៉ាត់ នៅមាន​អង្គរក្ស​៤​នាក់ ទៀត​របស់ ថោង សារ៉ាត់ កំពុង​ជាប់​ព​ន្ឋ​នាគារ  មានឈ្មោះ សៀង វាសនា អាយុ​៤៤​ឆ្នាំ ជា​ជន​ដល់​ដល់ និង​ឈ្មោះ មាស សម្បត្តិ ហៅ​ទូច អាយុ​២៧​ឆ្នាំ ត្រូវបាន​តុលាការ​ចោទ ប្រកាន់​ពីបទ “​ឃាតកម្ម​គិតទុក​ជាមុន ”​។ ចំណែក​ឈ្មោះ កូយ ចាន់ថុល អាយុ​២៩​ឆ្នាំ ( អ្នកមើល​ផ្លូវ ) និង​ឈ្មោះ លី សៅ ហៅ​វី អាយុ​២៨​ឆ្នាំ (​អ្នក​ឌុប​ជនដៃដល់​)  ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ។​

​ដោយឡែក​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ” ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ” តាម​មាត្រា​២០០ និង​មាត្រា​២៧ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់ អាច​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​មែន​។​

​ថោង សារ៉ាត់ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា ជា​ជន​ចុងក្រោយ​ដែល​អាច​បើក​វាំងនន​ខ្មៅ​លាតត្រដាង​ការ​ពិ​ក​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ចុងឆ្នាំ​២០១៤ កន្លងមក​៕
Sarat-thong-fpm
Untitled-4