ខេត្តព្រះសីហនុ ៖ បណ្តឹងនៃសំណុំរឿងហិង្សាមួយត្រូវបានស្ថាប័នកងរាជអាវុធហត្ថបញ្ជូនទៅដល់ដៃតុលាការខេត្តព្រះសីហនុរួចហើយ ពាក់ព័ន្ធនឹងស្ត្រីម្នាក់ឈ្មោះ មឿង ស្រីទូច និងមនុស្សផ្សេងទៀតបង្កហិង្សាបណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមកដល់ពេលនេះ ហាក់ដូចជាមិនសូវពុះកញ្ជ្រោលសោះ បើទោះបីជាដឹងថា អំពើនេះបង្កឡើងប្រឆាំងនឹងប្រតិបត្តិការរបស់សមត្ថកិច្ចក៏ដោយ។ នេះបើតាមព័ត៌មានដែលទទួលបាននៅក្រៅរបងតុលាការខេត្ត។
រឿងរ៉ាវដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ ពិសេសក្នុងខេត្តព្រះសីហនុភ្ញាក់ផ្អើលនេះ ដោយសារមន្ត្រីប៉េអឹមមួយរូបរងនូវអំពើហិង្សាយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ស្ទើរដាច់ស្លឹកត្រចៀកមួយចំហៀងទៅហើយនោះ បែរជាស្ងាត់ឈឹង និងបង្កជាភាពងឿងឆ្ងល់យ៉ាងខ្លាំងចំពោះមូលហេតុដ៏អាថ៌កំបាំងនេះ ។
សូមរំលឹកថា លោក អនុសេនីយ៍ឯក ញា ពិសិដ្ឋ អនុប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ចុះបំពេញភារកិច្ច តាមបទបញ្ជារបស់គណ:បញ្ជាការឯកភាពខេត្តក៍ដូចជាចុះអនុវត្តទៅតាមបទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរទី១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ទាក់ទងទៅនិងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋអំពីបទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើងនៅចំណុចពយម៉ាចូវក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលកន្លងមក។
តាមការរៀបរាប់របស់លោកអនុសេនីយ៍ឯកញា ពិសិដ្ឋ បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាកម្មករចាំចំការនៅចំណុចខាងលើនេះថាមានករណីជម្លោះកើតឡើងរវាងកម្មករចាំចំការនិងកម្មករចាំចំការ ឲ្យឈ្មោះ មឿង ស្រីទូច ដែលកន្លងមកបានអះអាងថាជាក្មួយបង្កើតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅរាជធានីភ្នំពេញបានបញ្ជាឲ្យកម្មកររបស់ខ្លួនប្រើហឹង្សាដុតបំផ្លាញម៉ូតូកម្មករចាំចំការភាគីម្ខាងទៀត។
ប្រភពខាងលើបានបន្តថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងនិងទទួលបានបទបញ្ជារបស់ប្រធានគណ:បញ្ជាការឯកភាពខេត្តនិងបទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរស្រាវជ្រាវយុត្តិធម៏បានចុះដល់កន្លែងកើតហេតុនិងទីតាំងដីចំការ អ្នកស្រីមឿង ស្រីទូចក្នុងគោលបំណងពិនិត្យនិងអញ្ជើញ អ្នកស្រីមឿង ស្រីទូចនិងបក្សពួកមកសួរនាំ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ភ្លាម មឿង ស្រីទូចបានលើកទូរស័ព្ទតេឆ្វាត់ឆ្វែងទំនង ជារកការជួយអន្តរាគមន៍។
បន្ទាប់មកលោក ញា ពិសិដ្ឋបានអញ្ជើញ មឿងស្រីទូចនិងបក្សពួកដែលគេអះអាងថាជាអង្គរក្សឲ្យបើករថយន្តម៉ាកឡិចស៊ីស៥៧០មកកាន់ទីបញ្ជាការដើម្បីបានសួរនាំទៅតាមនិតិវិធី។លោកបន្តបន្ថែមទៀតថាលោកក៍ឡើងជិះរថយន្តជាមួយមឿងស្រីទូច ពេលនោះមឿង ស្រី ទូចឡើងទៅកាន់ចង្កូតបើកបរនិងបានប្តូរឲ្យអង្គរក្សរបស់គេមកអង្គុយជិតលោកវិញ ហាក់បីដូចជាមានគម្រោងផែនការក្នុងការធ្វើសកម្មភាពអ្វីមួយ។
ប៉ុន្តែលោកញា ពិសិដ្ឋយល់ឃើញថាយើងមានកម្លាំងនៅក្នុងរថយន្តសុីរ៉ែនបើកតាមពីក្រោយផងដែរទំនងជាមិនមានរឿងអ្វីកើតឡើងបានទេ មិនដូចការគឹតទុកជាមុនឯណាគ្រាន់តែឡើងជិះអង្គុយនៅក្នុងរថយន្តភ្លាម មឿង ស្រីទូច និងអង្គរក្សបានបញ្ជាឲ្យលោកបិទទូរស័ព្ទមិនឲ្យធ្វើការទាក់ទង មិនខុសពីក្លាយខ្លួនពីសមត្ថកិច្ចមកជាចំណាប់ខ្មាំងវិញ។ ហើយពួកគេបានបើករថយន្តក្នុងល្បឿនលឿនដូចហោះសំដៅទៅភ្នំពេញធ្វើឲ្យរថយន្តកម្លាំងសមត្ថកិច្ចតាមមិនទាន់។ឃើញទិដ្ឋភាពមិនអំណោយផល លោកក៍បានសម្រេចចិត្តបើកទ្វាររថយន្តរួចលោតចុះទាំងបង្ខំទៅខាងឆ្វេងដៃបណ្តាលឲ្យរងរបួសដាច់រយ៉ាស់ស្លឹកត្រចៀកខាងស្តាំស្ទើរបាត់ទាំងស្រុងនិងមានស្នាមជាំ ឈឺចុកចាប់ពេញខ្លួនប្រាណ។
ពេលនោះរថយន្តកម្លាំងសមត្ថកិច្ចដែលបើកបរប្រដេញតាមក្រោយបានឈប់ដឹករូបលោកមកកាន់គ្លីនិកមិត្តភាពឃ្លាំងលើដើម្បីសង្គ្រោះ។ដោយឡែក មឿងស្រីទូច និងអង្គរក្សនៅក្នុងរថយន្តចំនួន០២នាក់ទៀតបានបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយហេតុការណ៍កើតឡើងក៍មានវត្តមានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុចុះមកសួរសុខទុក្ខនិងពិនិត្យមុខរបួសដល់គ្លីនិកផងដែរ។
យ៉ាងណាក៏ដោយ អ្នកតាមដានព័ត៌មាននេះ បាន និងកំពុងរង់ចាំមើលករណីនេះយ៉ាងយកចិត្តទុកដាក់ថា តើសមត្ថកិច្ចតុលាការក្លាហានក្នុងការចាត់ការតាមនីតិវិធីក្នុងសំណុំរឿងនេះដែរឬទេ? ៕