កិច្ចប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា បានចាប់ផ្តើម​ក្រោម​ព្រះរាជអធិបតី​ព្រះមហាក្សត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2018 ក+ ក-

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក រដ្ឋសភា នីតិកាល​ទី​៦ បាន​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃ​ពុធ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​ពិធី​ដ៏ មហា​ឡា​រឹក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​ជាន់ខ្ពស់ អង្គទូត ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​កិត្តិយស ផងដែរ ។​

ក្នុងឱកាស​នេះ​ព្រះករុណា ព្រះមហាក្សត្រ បាន​ព្រះរាជទាន​នូវ​ព្រះរាជ​សុន្ទរកថា បើក សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៦ ដោយបាន​បញ្ជាក់ថា រដ្ឋសភា​ដែលជា​អង្គការ​មាន អំណាចនីតិប្បញ្ញត្តិ នឹង​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា ធរមាន ដើម្បី​បន្ត​និរន្ត​ភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាង​ព្រះរាជាណាចក្រ កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្តន៍​ច្បាប់​ដោយ​ស្មើ ភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ធានា​ការលើកស្ទួយ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​របស់ ប្រជាពលរដ្ឋ​។ ព្រះអង្គ​បាន​បន្ថែមថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំង មូល ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់​នៅបាន​ស្មើភាព​គ្នា​ក្នុង ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​ការ​មានការ​ងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព និង​កំរិត​វិជ្ជា​របស់ខ្លួន ហើយ​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​ឧបករណ៍ គតិយុត្តិ​សម្រាប់​រាជរដ្ឋាភិបាល​អ​នុ​វត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្រប ខ័​ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្របតាម​ការវិវឌ្ឍ​ន៍​រីកចំរើន​របស់​សង្គម​ជាតិ​។​

សូម​ជម្រាបជូន​ថា បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៅ​ព្រឹក​នេះ ក្រោម​ព្រះរាជ​
​អធិបតីភាព ព្រះករុណា​ព្រះមហាក្សត្រ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ បាន​ផ្តើម ការងារ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក រដ្ឋសភា​ដើម្បី​៖ (១).​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ របស់​សមាជិក​នីមួយៗ និង (២).​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។ ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែកញ្ញា វេលា​ម៉ោង ៨ ព្រឹកស្អែក​នេះ រដ្ឋសភា​ត្រូវធ្វើ​ការបោះឆ្នោត ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា ហើយ​មា​ជិ​ក រដ្ឋសភា​ទាំង ១២៥​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើស​
​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​គណបក្ស​
​នយោបាយ​ចំនួន ២០​ចូលរួម នឹង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ផងដែរ ហើយ ចំពោះ​តំណាងរាស្ត្រ នីតិកាល​ទី​៦ ទាំង ១២៥​រូប តំណាង​ឲ្យ​មណ្ឌល​ទាំង ២៥ ទូទាំងប្រទេស នឹងត្រូវ​ចូលធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះបរមរាជវាំង នា​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​៕