ប្រធាន​ដែនជម្រកសត្វព្រៃ​លំផាត់ និង​កូន​មុំ បើកដៃ​ឲ្យ​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2015 ក+ ក-

​​រតន​គិ​រី៖ ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី បាន​សម្រុក​កាប់​យក​ឈើ​ប្រណីតៗ​ពី​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់​ដឹក​ចេញ​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ចាប់តាំងពី​សមត្ថកិច្ច​ជំនាញ គឹប្រធានដែន ជម្រកសត្វព្រៃលំផាត់ និងស្រុកកូនមុំ ​រហូតដល់​ថ្នាក់ដឹកនាំ​ខេត្ត​ ត្រូវគេមើល​ឃើញថាមិនបានចេញ​បង្ក្រាប​នោះឡើយ​។ ​នេះបើយោង តាមការ អះអាងរបស់ប្រជាពលរដ្ឋ និងពីមន្ត្រីក្នុងខេត្តមួយរូប។

​មន្ត្រី​ថ្នាក់​អ​ន្ទ្រើ​ស​ក្នុង​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រំលឹក​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១៣ ​គេឃើញតំណាងក្រុមហ៊ុនខាងលើ បានចូលទៅដាក់ឧបករណ៍អារឈើ(​ម៉ាស៊ីន​រ៉ៃ​) នៅក្នុង​បរិវេណ​ដី​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ ហង អា​ញ មាន​ទីតាំង​ក្នុងស្រុក​លំផាត់​ដើម្បី​អារច្រៀក​ឈើ​ដែល​ប្រមូលបាន​ពី​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន ប៉ុន្តែ​ក្រោយពី​ដាក់​ម៉ា​ស៊ី​អារឈើ​នៅ​ទីនោះ គេ​បាន​លួច​ចូល​ជ្រៅ​តាម​រុករាន​រក​ឈើ​ប្រណីត​ពី​ក្នុងព្រៃ​ដែន​ជម្រក​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​ត្រង់ចំណុច​អូរ​រ៉ៃ អូរ​ស្ទឹង​រាំង អូរ​យោង អូរ​ល្ហា អូរ​កកោះ ស្ថិតក្នុង​ភូមិ​សិរី​មង្គល ឃុំ​សិរី​មង្គល ដែល​ស្ថិតនៅ​ទឹកដី​ព្រៃ​អភិរក្ស​បរិស្ថាន​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​ យ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់ ឡើយ។ ករណីមិនអើពើបង្រ្កាបបទល្មើសព្រៃឈើខាងលើនេះ ត្រូវប្រជាពល រដ្ឋ​ចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តក៏ដូចជា ប្រធានដែនជម្រកសត្វព្រៃលំផាត់ និងកូនមុំ រួមនិងមន្ត្រីមួយចំនួនទៀតបានស៊ុមគ្រលុំគ្នាទទួលសំណូក ហើយធ្វើ មិនដឹងមិនឮករណីបំផ្លាញព្រៃឈើក្នុងដែនអភិរក្សដែលទទួលស្គាល់ដោយ ព្រះរាជក្រិត្យ។

​មន្ត្រី​ដដែល​បន្តថា ឈើ​ដែល​ប្រមូល​ដឹកជញ្ជូន​ពី​ចំណុច​ខាងលើ​ចូលទៅ​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី នោះ សុទ្ធតែជា​ឈើ​ប្រណីតៗ​ដូចជា ធ្នង់ សុ​ក្រំ ត្រាច នាងនួន ស្រឡៅ កកោះ ថ្បែ​ង និង​ឈើ​ល្អៗ​មួយចំនួនទៀត មានមុខ​កាត់​ចាប់ពី​៥​តឹក រហូតដល់​ជាង​១​ម៉ែត្រ​ឯណោះ ។​ក្រោយពី​កាប់​រួច​គេ​បាន​ដឹកជញ្ជូន​តាម​ឡាន​រ៉េវ ឬក៏​ឡាន​ច្នៃ​(​គោយន្ត​កែច្នៃ​)​ប្រភេទ​ធំៗ នៅពេល​យប់​យកទៅ​លាក់ទុក​ចំណុច​មាត់​អូរ​រ៉ៃ ក្នុង​ទឹកដី​ក្រុមហ៊ុន​«​ដូងប្រេង​ភ្នំពេញ ហង អា​ញ យ៉ា​ឡាយ​» និង​មួយចំនួនទៀត​ដាក់​រាយ​តាម​មាត់ព្រៃ​ក្នុង​ទឹកដី​របស់​ក្រុមហ៊ុន​ដូងប្រេង ស្រុក​កូន​មុំ រង់ចាំ​បញ្ជា​ឲ្យ​ដឹក​ចូលទៅក្នុង​ក្រុមហ៊ុន ពេជ្រ ឬ​ទ្ធ​សី ។

​ប្រភព​ដដែល​បន្តថា ឈើ​ល្មើសច្បាប់​ទាំងនោះ គេ​ឃុបឃិត​គ្នា​លួច​កាប់​ក្នុង​តំបន់ហាមឃាត់​រួច​ដឹក​ចូល​ដាក់​បន្លំ​ជាមួយ​ឈើ​ដែលមាន​ច្បាប់​ដើម្បី​អារ​លក់​ធ្វើ​អាជីវកម្ម ហើយ​មន្ត្រី​ដែលមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិនដែល​ចុះទៅ​ត្រួតពិនិត្យ​ដើម្បី​កំណត់​ទោសទណ្ឌ ឬ​ចាប់​ឲ្យ​បង់ពន្ធ​នោះទេ គឺ​គេ​សំងំ​ចែក​លុយ​គ្នា​តាម​តួនាទី ហើយ​ធ្វើ​របាយការណ៍​ភូ​តទៅ​ថ្នាក់លើ​។

​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន ពេជ្រ ឬ​ទ្ធ​សី និង​ក្រុមហ៊ុន ដូងប្រេង​ភ្នំពេញ ហង អា​ញ យ៉ា​ឡាយ ត្រូវគេ​រិះគន់ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ដែន​អភិរក្ស​និង​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​ទិស​នៅ​ទីនោះ​ទើប​អាច​ចូល​កាប់​យក​ឈើ​ប្រណីត​ចេញពី​តំបន់ហាមឃាត់​នោះបាន​ដោយ​ងាយៗ​បែបនេះ ចំណែក​លោក​អភិបាល អភិបាលរង​ខេត្ត​ក៏ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​ដែរ ដោយសារ​លោក​មិន​អើពើ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន​ខាងលើ ។​

​មន្ត្រី​ប្រដាប់អាវុធ​មួយរូប​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី មាន​មនុស្ស​មួយក្រុម​ដូចជា​ឈ្មោះ ចែ​ពៅ ឈរជើង​ចាំ​ប្រមូលយក​ឈើ​ដែល​កាប់​បាន​ពី​ក្នុង​តំបន់​អូរ​ស្ទឹ​ៀ​ង​។ ចំណែក​ឈ្មោះ​តា ឈី​ន ​; តា​ជា និង​ឈ្មោះ អៀ​ត ហៅ​តា​ថ្នាំខ្លាំង គឺជា​ឈ្មួញ​ជើង​ខ្លាំង​ខាង​កាប់បំផ្លាញ​ឈើ​ដឹក​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់ ស្រុក​កូន​មុំ បញ្ជូនទៅ​ឲ្យ​មេការ​ក្រុមហ៊ុន​ឧកញ៉ា​សី មានឈ្មោះ ញ៉ា​ញ់ និង​ឈ្មោះ​ណាក់ ដែល​ទទួល​ភារកិច្ច​មើល​ឈើ​នាំចូល នាំចេញ​អោយ​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី ក្រោមលេស​ក្រុមហ៊ុន​កែច្នៃ​ឈើ​ស្របច្បាប់​រួច​ឃុបឃិត​គ្នា​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ចំហ​។​

​មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ូ សុធី ប្រធាន​ដែន​ជម្រក​ស្រុក​លំផាត់​បានទេ​កាលពី​រសៀល​ម្សិលមិញ​នេះ ដោយ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន ចំណែក​លោក​ឧកញ៉ា​សី នាយក​ក្រុមហ៊ុន ពេជ្រ ឫទ្ធ​សី ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ ដោយសារ​ទូរស័ព្ទ​ហៅចូល​បាន​ហើយ​តែ​មិនមាន​អ្នកទទួល​។​

​ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បានបង្ហាញ​ពី​ការ​អស់​សង្ឃឹមលើ​លោក​អភិបាលខេត្ត ដោយសារ​ការបាត់បង់​ដើមឈើ​យក​ជ័រទឹក​ចំនួន​២៩៣​ដើមដែលស្ថិតនៅ​ព្រៃ​ដែន​ជម្រក​ស្រុក​លំផាត់​ដែល​ពួកគាត់​ធ្លាប់បាន​អាស្រ័យ​ផល​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ដោះដូរ​ចិញ្ចឹម​ជីវភាព​គ្រួសារ​ត្រូវ​បាត់បង់​ដោយ​ការកាប់បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន​ខាងលើ​។

​គួរ​បញ្ជាក់ថា មន្ត្រី​បរិស្ថាន​ដ៏​មានអំណាច​ម្នាក់​ដែល​ប្រចាំ​ទិស​នៅ​តំបន់​នោះ​ឈ្មោះ អ៊ូ សុធា ​គឺជា​កូនលោក អ៊ូ សុធី ប្រធាន​ដែន​ជម្រក​លំផាត់ និង​ឈ្មោះ​សុវណ្ណ សុង ក៏​ជាម​ន្ត្រី​ដែល​សំបូរ​គេ​រិះគន់​ច្រើន​ណាស់ដែរ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​នៅ​ស្រុក​កូន​មុំ​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​ពីនេះ រួម​និង​មន្ត្រី​ដែលមាន​សមត្ថកិច្ច​សំខាន់ៗ​ក្នុង​ខេត្ត បាន និង​កំពុង​ឃុបឃិត​គ្នា​បង្ក​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់ហាមឃាត់​ជា​បន្តបន្ទាប់​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការហាមឃាត់​ទេ ចំណែក​ពួកគាត់​ជា​ពលរដ្ឋ​តូចតាច​បាន​ត្រឹម​ត្អូញត្អែរ​ប៉ុណ្ណោះ​៕ស រ

1321
aaaa1

213123