ខេត្តរតនគិរីៈ ប្រតិបត្តិការបង្ក្រាបឈើល្មើសគួរឲ្យកត់សម្គាល់មួយ ដឹកនាំដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត លោកជា សុភ័ក្ត្រ និងសមត្ថកិច្ចចម្រុះខេត្តបានចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតរបស់ឈ្មួញឈើជនជាតិវៀតណាមចំនួន២នាក់ដែលសំងំរកស៊ីល្មើសច្បាប់យូរមកហើយ មិនដែលឃើញមានការបង្ក្រាបសោះ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ជនជាតិវៀតណាមជាម្ចាស់ឈើមាន ១.ឈ្មោះ ឡេ វ៉ាន់ថាន់ ហៅទៀង និងទី២ឈ្មោះ អាញី ដែលរកហ៊ុនឈើល្មើសជាមួយគ្នាក្នុងខេត្តនេះយ៉ាងគគ្រឹកគគ្រេងគ្មានអ្នកណាហ៊ានបង្ក្រាបឡើយ។ពួកនេះរកស៊ីក្រោមអំណាចរបស់ លោកអភិបាលខេត្តរតនគីរី។
ប្រភពស្និទនឹងឈ្មួញឈើជនជាតិវៀតណាមខាងលើបានខ្សឹបប្រាប់ឲ្យដឹងថា ក្នុងនោះមន្ត្រីជាន់ខ្ពស់នគរបាលក្នុងស្នងការដ្ឋានខេត្តរតនគិរីពាក់ស័ក្តិ៤កន្លះម្នាក់ឈ្មោះ ស៊ី វែង ក៏ត្រូវគេដឹងថាបានឃុបឃិតជួលផ្ទះអោយជនជាតិវៀតណាមទាំងពីរនាក់នេះស្តុកឈើប្រណីតរាប់ពាន់កំណាត់ មុនពេលគេដាក់ចូលរថយន្តក្រុងធុនធំដឹកបញ្ជូនចេញតាមច្រកទ្វារព្រំដែនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម។ ប្រភពមួយ ផ្សេងទៀត បានបញ្ជាក់ថា លោក ស៊ី វែង ក៏មានភាគហ៊ុនយ៉ាងធំក្នុងនោះដែរ ព្រោះពួក ឈ្មួញបានប្រើអំណាច និងជួលទីតាំងរបស់លោក ស៊ី វែង ស្តុកឈើដែលផ្តល់បាននូវ ភាពកក់ក្តៅ។
ហេតុការណ៍ចុះបង្ក្រាបឈើប្រណីតនេះ គឺបានធ្វើឡើងនៅក្នុងក្រុងបានលុង ខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ដែលដឹកនាំដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត លោកជា សុភ័ក្ត្រ និងក្រុមសមត្ថកិច្ចចម្រុះមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងក្រុមមន្ត្រីបរិស្ថាន។ទីតាំងស្តុកឈើប្រណីតដែលត្រូវបានបង្ក្រាបនោះមាន២កន្លែង គឺទី១ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង និងទី២ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីដែលបានចុះបង្ក្រាបនោះ បានប៉ាន់ប្រមាណភ្លាមៗថា ឈើប្រណីតទាំងពីរកន្លែងនេះមានចំនួនប្រមាណ២០ម៉ែត្រត្រីគុណ ហើយឈើទាំងនេះជាឈើប្រណីតប្រភេទធ្នង់។ ក្រុមមន្ត្រីដដែលបន្តថា ឈើប្រណីតទាំងនេះទំនងត្រូវគេបញ្ជូនទៅកាន់ប្រទេសវៀតណាម តាមរយៈរថយន្តក្រុងដឹកអ្នកដំណើរធុនធំរបស់វៀតណាម។ រយៈពេលពេញមួយថ្ងៃ ថ្ងៃទី១៨ នៃប្រតិបត្តការនេះ ឈើទាំងនោះត្រូវបានសមត្ថកិច្ចចម្រុះដឹកទៅកាន់ការិយាល័យ ប៉ុន្តែគេនៅមិនទាន់ដឹងថា វាមានចំនួនជាក់ស្តែងប៉ុន្មានម៉ែត្រត្រីគុណនោះទេ។
មជ្ឈដ្ឋានមួយចំនួនដែលបានដឹងពីហេតុការណ៍បង្ត្រាបនេះ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នាព្រោះថា កន្លមកគ្មានឈ្មួញឈើល្មើសណាម្នាក់ត្រូវបានបង្ក្រាបដោយងាយៗបែបនេះឡើយ ដោយសារពួកគេចេះគិតគូសូកប៉ាន់គ្រប់មន្ត្រីជំនាញទាំងអស់។
មន្ត្រីជំនាញដែលគ្មានឈ្មោះក្នុងប្រតិបត្តិការនេះ បានបង្ហើបដោយលាក់លៀមថា « ខ្ញុំឆ្ងល់ដែរ ហេតុអ្វីបានជាយូរយារណាស់មកហើយគេមិនចាប់ បែរជាមកបង្ក្រាបនៅពេលនេះទៅវិញ ។បើតាមខ្ញុំដឹង ទំនងជាឈ្មួញវៀតណាមទាំងនោះធ្វើឲ្យលោកអភិបាលខេត្ត ថងសាវុន មិនសប្បាយចិត្តហើយ ទើបបានជាមានករណីដូចនេះកើតឡើង។មន្ត្រីរូបនេះបន្តថា រាល់ប្រតិបត្តិការសំខាន់ៗក្នុងខេត្តនេះ គ្រប់ផ្នែកជំនាញទាំងអស់ត្រូវតែរាយការណ៍សុំយោបល់ជាមុនបើមិនដូច្នេះទេប្រយ័ត្នអស់កន្លែងជ្រក។
លោកអភិបាលខេត្តរតនគិរី ថង សាវុន មិនអាចភ្ជាប់ប្រព័ន្ធទូរស័ព្ទដើម្បីសុំយោបល់ពាក់ព័ន្ធនឹងការបង្ក្រាបឈើល្មើសរបស់ជនជាតិវៀតណាមបានទេកាលពីល្ងាចថ្ងៃទី១៨ ឧសភា ចំណែកមន្ត្រីដឹកនាំប្រតិបត្តិការបង្ក្រាបនេះ ក៏មិនបញ្ចេញរបាយការណ៍លម្អិតស្តីពីចំនួនឈើពិតប្រាកដដែលរឹបអូស ឬក៏ត្រូវផ្តល់ទោសទណ្ឌចំពោះឈ្មួញវៀតណាមនោះយ៉ាងណានៅឡើយដែរ។មជ្ឈដ្ឋានមួយចំនួនកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់៕ សារ៉េត