បាត់ដំបង ៖ រថយន្តម៉ាក ម៉ាស់ស្តា ចង្កូតស្ដាំស៊េរី ឆ្នាំ២០១៥ មួយគ្រឿងពាក់ស្លាកលេខ ខ.ម. ដែលសមត្ថកិច្ចគយ មានការសង្ស័យថា ជារថយន្តគេចពន្ធ ព្រោះបានបើករត់មិនឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យតាមសម្រួលនោះឡើយ ទើបសមត្ថកិច្ចធ្វើការប្រដេញតាមស្ទាក់ចាប់បាននៅចំណុចលើដងផ្លូវលេខ១ (ប្របដងស្ទឹងសង្កែ) ទល់មុខចំណតទូកទេសចរណ៍ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង និងធ្វើឲ្យកកស្ទះចរាចរណ៍ជិត២ម៉ោង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
មន្ត្រីគយចល័តដែលកំពុងបង្ក្រាបករណីរថយន្តដែលបានបើករត់នេះ បានប្រាប់ឲ្យដឹងថា រថយន្តស៊េរីទំនើបនេះ ពណ៌ប្រផេះ ចង្កូតស្តាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២/ ២-១០៩៨ បានព្យាយាមបើកគេចវេសពីកម្លាំងសមត្ថកិច្ចរហូតមកដល់កំណាត់ផ្លូវលេខ១ រ៉បតាមដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ទើបឈប់។ មន្ត្រីគយ អះអាងថា បើមិនមែនជារថយន្តគេចពន្ធ គេមិនចាំបាច់បើករត់ទេ
ប្រភពដដែលបន្តថា អ្នកបើកបររថយន្ត ដែលសមត្ថកិច្ចគយឃាត់បាននេះ ជាមន្ត្រីយោធា ឈ្មោះ”រ័ត្ន” ពាក់ស័ក្តិ៤ ឈរជើងនៅច្រកទ្វារម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅពេលសមត្ថកិច្ចឃាត់នៅលើដងផ្លូវខាងលើនេះ ម្ចាស់រថយន្តនៅតែបន្តអង្គុយក្នុងរថយន្តដោយចាក់សោរទ្វារ មិនព្រមចុះពីលើរថយន្តដើម្បីឲ្យមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យនោះឡើយ។ ប៉ុន្តែបន្តិចក្រោយមក អ្នកបើកបររថយន្តរូបនេះ ត្រូវបានគេលួចជម្លៀសតាមរយៈរថយន្តមួយផ្សេងទៀត គេចខ្លួនបាត់។
បន្ទាប់ពីមានហេតុការណ៍ប្រទាំងប្រទើសរវាងកម្លាំងសមត្ថកិច្ចគយចល័ត ជាមួយអ្នកបើកបររថយន្តដែលជាមន្ត្រីយោធា ខាងលើ អស់រយៈពេលជិត២ម៉ោង និងបង្កឲ្យមានការស្ទះចរាចរណ៍ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងក្រុងបាត់ដំបង រួចមក គេឃើញមានវត្តមានមន្ត្រីយោធាជាន់ខ្ពស់មួយរូបដែលគេស្គាល់ ថា ជាលោកឧត្តមសេនីយឯក ប៉ុល ស៊ីនួន ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការរងយោធភាគទី៥ បានចេញមុខជួបចរចាជាមួយមន្ត្រីគយចល័ត ដែលទំនងជាកាងឲ្យបិទរឿងបទល្មើសមួយនេះ។
ក្រោយពីលោកឧត្តមសេនីយឯក និងមន្ត្រីសមត្ថកិច្ចចាប់ដៃគ្នា និងជជែកគ្នាបានមួយបានមួយដង្ហើមចង្រិត គេឃើញមន្ត្រីជំនាញគយ ចូលទៅបើករថយន្តមួយគ្រឿងនេះ ដោយប្រាប់ថា នាំយកទៅកាន់កន្លែងរបស់ខ្លួន។ ជាមួយគ្នានោះ មន្ត្រីគយចល័តមួយរូប ឈ្មោះ ណុប សាអឿន បានធ្លោយប្រាប់អ្នកកាសែត និងបណ្តាញភ្នាក់ងារទូរទស្សន៍ក្នុងខេត្តថា ខាងយោធាបានស្នើសុំនាំចូលរថយន្តចំនួន៨០០គ្រឿង។ ការបំភ្លឺនេះ ផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងដាច់ណាត់នាពេលកន្លងមក ដោយមិនអនុញ្ញាតឲ្យនាំចូលរថយន្តចង្កូតស្តាំជាដាច់ខាត។ មន្ត្រីគយមួយរូបផ្សេងទៀត បានលួចខ្សឹបប្រាប់ថា «…សុទ្ធតែគ្នាឯង បើនិយាយឲ្យស្រួលស្តាប់ គឺមានគេចង់កាង»។ ហេសហេ ! ករណីមួយនេះ បង្ហាញថា ពួកគេបាននាំគ្នា យកបទបញ្ជារបស់សម្តេចនាយករដ្មន្ត្រីតេជោ ហ៊ុន សែន ទ្រាប់គូទអង្គុយ ! ៕