ភ្នំពេញ ៖ ល្ខោនខោលរបស់កម្ពុជា “វត្តស្វាយអណ្ដែត” ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយ។ ការបញ្ជីជាបេតិកភណ្ឌនេះ ធ្វើនៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មមានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត។
ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូចបេតិកភណ្ឌផ្សេងទៀតមកពី អាល់ហ្សេរី អាសែបៃហ្សង់ អេហ្ស៊ីប កេនយ៉ា ប៉ាគីស្ថាន និងស៊ីរី ដែរ៕