ក្តៅៗ ! ដោះលែង​វិញ​ហើយ ឡាន​ចង្កូត​ស្តាំ​គេចពន្ធ​ដែល​ដេញចាប់​ផ្អើល​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2018 ក+ ក-

 

​បាត់ដំបង ៖ គយ​ខេត្តបាត់ដំបង បាន​ដោះលែង​វិញ​ហើយ ​ករណី​រថយន្ត​គេចពន្ធ​ម៉ាក ម៉ាស់​ស្តា ចង្កូត​ស្ដាំ​ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង​ដែល​ពាក់​ស្លាក​លេខ ខ​.​ម​. ក្លែងក្លាយ បន្ទាប់ពី​ដេញចាប់​ផ្អើល​ពេញក្រុង​បាត់ដំបង អស់​រយៈពេល​ជិត​២​ម៉ោង​រួចមក​។ ករណី​ដោះលែង​នេះ ត្រូវបាន​មន្ត្រី​មួយរូប​បង្ហើប ឲ្យ​ដឹងថា ដោយសារ​មាន​ការចរចា​សម្រុះសម្រួល លាយឡំ​ដោយ​ឥទ្ធិពល​របស់លោក​ឧ​ត្ត​ម​សេនីយឯក​យោធា​ម្នាក់​។​ ឯករណីដែលគយបាត់ដំបង ដេញចាប់នោះ គឺដោយសារម្ចាស់រថយន្តមានទំនាស់ជាមួយគយសំពៅលូន។

​ប្រភពព័ត៌មាន​ពី​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា កន្លងទៅនេះ ដែលជា​ថ្ងៃកើតហេតុ គេ​ឃើញ​ឈ្មោះ ជា ច័ន្ទ​សុធា​រ័ត្ន ជា​ប្រធាន​ទំនាក់ទំនង​ច្រក​តំបន់ម៉ាឡៃ បាន​បើករថយន្ត​ល្មើស​ខាងលើ​ដោយ​ពាក់​ស្លាក​លេខ ខ​.​ម​. ០២/ ២-១០៩៨ ក្លែងក្លាយ សំដៅទៅ​ខេត្តបាត់ដំបង ដែល​ទំនងជា​យកទៅលក់​ឲ្យ​ម៉ូយ​នៅ​ទីនោះ​។ ប្រភព​ដដែល​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​គយ​ខេត្តបាត់ដំបង​ដេញចាប់​នោះ គឺ​ដោយសារតែ​ឈ្មោះ សុធា​រ័ត្ន ជជែក​មិន​ត្រូវរ៉ូវ​គ្នា និង​បាន​បង្កទំនាស់​ជាមួយមន្ត្រី​គយ​សំពៅ​លូន ហើយ​ត្រូវ​គយ​សំពៅ​លូន​បោះដៃ​ឲ្យ​គយ​បាត់ដំបង​ត្រៀមតាមចាប់​តែម្តង​។​

​សូម​រំលឹកថា នៅ​ថ្ងៃកើតហេតុ ក្រុមមន្ត្រី​គយ​ចល័ត​ខេត្តបាត់ដំបង បាន​ដេញចាប់​រថយន្ត​ខាងលើ​ដោយសារ​ឈ្មោះ ជា ច័ន្ទ​សុធា​រ័ត្ន ដែលជា​ម្ចាស់​រថយន្ត និង​ជា​អ្នកបើកបរ​ផ្ទាល់​នោះ មិន​ព្រម​ឈប់​ឲ្យ​គយ​ត្រួតពិនិត្យ​ឯកសារ​រហូតដល់​ចំណុច​លើ​ដងផ្លូវ​លេខ​១ (​ប្រប​ដងស្ទឹង​សង្កែ​) ទល់មុខ​ចំណតទូក​ទេសចរណ៍ ក្នុង​សង្កាត់​ស្វាយប៉ោ ទើប​ឈប់​។ នៅ​ទីនោះ​ឈ្មោះ សុធា​រ័ត្ន មិន​ព្រម​ចុះ​ពីលើ​រថយន្ត​ទេ គិតតែ​ចុច​ទូរស័ព្ទ​និយាយ​ខ្វាត់ខ្វែង​ក្នុង​រថយន្ត​ដែល​ទំនងជា​ស្វែងរក​ការអន្តរាគមន៍ បង្ក​ឲ្យ​ស្ទះចរាចរណ៍​អស់​រយៈពេល​ជាង​មួយ​ម៉ោង​។

​ប្រភព​ដដែល​បន្តថា បន្ទាប់មក ស្រាប់តែ​លេចមុខ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​ម្នាក់ ដែល​គេ​ស្គាល់​ថា ឈ្មោះ ប៉ុល ស៊ីនួន ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការទទួលទិសយោធ​ភូមិភាគ​ទី​៥ ដែល​ត្រូវជា​ពូ​របស់​ឈ្មោះ សុធា​រ័ត្ន បាន​លេចមុខ​មកជួប​ចរចា​ជាមួយ​មន្ត្រី​គយ​ចល័ត ដែល​ទំនងជា​ឲ្យ​បិទ​ករណី​បទល្មើស​មួយ​នេះ​។ តែ​យ៉ាងណាក៏ដោយ មន្ត្រី​គយ​ចល័ត​ខេត្ត មិនបាន​ដោះលែង​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​នោះឡើយ ដោយបាន​នាំយក​រថយន្ត​ល្មើស​ខាងលើ ទៅ​ទី​ស្នាក់​របស់ខ្លួន ហើយ​បាន​ដោះលែង​ទៅវិញ​នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ​។

​ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ឈ្មោះ សុធា​រ័ត្ន បាន​រកស៊ី​លួច​នាំចូល​រថយន្ត​«​ក្តៅ​»​ចង្កូត​ស្តាំ​ស៊េរី​ទំនើបៗ​ពី​ស្រុកថៃ មក​កម្ពុជា គឺ​រកស៊ី​យូរ​ឆ្នាំ​ហើយ តាម​ច្រក​តំបន់​ម៉ាឡៃ ដោយ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន និង​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​។ ប្រភពដដែល​នេះ ​បានដាក់ការសង្ស័យថា លោក​ឧ​ត្ត​ម​សេនីយ​ឯក​ដែល​ត្រូវជា​ពូ​របស់​ឈ្មោះ សុធា​រ័ត្ន ក៏​ទំនងជា​ពាក់ព័ន្ធ​នឹង​ជំនួញ​រថយន្ត​«​ក្តៅ​»​ចង្កូត​ស្តាំ​ខុសច្បាប់​នេះ​ផងដែរ ទើបបានជា​នៅពេលដែល​គយ​បាត់ដំបង​ចាប់​ភ្លាម ស្រាប់តែ​លេចមុខ​លោក​ឧ​ត្ត​ម​សេនីយ​ឯក​នោះ​មកដល់​ភ្លាម​តែម្តង​។​

​មន្ត្រី​គយ​មួយរូប​នៅ​រាជធានី​ភ្នំពេញ បាន​ពន្យល់ថា បើ​អនុវត្តន៍​តាមច្បាប់ ឈ្មោះ សុធា​រ័ត្ន អាច​ប្រឈម​នឹង​កំហុស​ចំនួន​បី គឺ​ទី​១. លួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ខុសច្បាប់ ទី​២.​លួច​នាំចូល​បាន​ហើយ តែ​គេច​មិន​ព្រម​បង់ពន្ធ និង​ទី​៣. បំពាក់​ស្លាក​លេខ ខ​.​ម​. ក្លែងក្លាយ​បំផ្លាញ​កិត្តិយស​កងយោធពល​ខេមរភូមិន្ទ​។​

​មន្ត្រី​គយ ខេត្តបាត់ដំបង មិនទាន់​អាច​សុំ​ការពន្យល់​ពី​ករណី​ចាប់ និង​ដោះលែង​វិញ ចំពោះ​ករណី​លួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​នោះបានទេ កាលពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ​៕