ឃាត់ខ្លួន​ឧកញ៉ា​ក្លែងក្លាយ​ម្នា​ក់នៅ​ខេត្តរតនគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2015 ក+ ក-

ខេត្តរតនគិរីៈ ចៅក្រម​សាលាដំបូង​ខេត្ត រតនគិរី​លោកស្រី​ជ័យ មាលា បានចេញ​ដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ឧកញ៉ា​។ ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។

​យោងតាម​កំណត់ហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹងថា អំពី​ករណី​ឆបោក​និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ លោក​វរៈសេនីយ៍ត្រី ហៃ​វ ណ្ណា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង ប្រាប់​ឲ្យ​ដឹងថា កម្លាំង​របស់លោក​អនុវត្តន៍​តាម​ដីការ​ចេញ​ដោយ​ចៅក្រម លោកស្រី​ជ័យ មាលា បង្គាប់​ឲ្យ​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ធី ហួត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ឃុំ​មេ​មង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។

​លោក​ហៃ វណ្ណា​រ៉ា បាន​បញ្ជាក់ថា​ជនសង្ស័យ​នេះ​បាន​ដើរតួ​ជា​ឧកញ៉ា​បង្អួតខ្លួន​ពេញ​ខេត្តរតនគិរី​យើង​នេះ​ជា​យូរ​មកហើយ ប៉ុន្តែ​កន្លងមក​មិនទាន់​ស៊ើប​ដឹង​ការពិត ទើប​មិនទាន់​ឈានដល់​ការចាប់ខ្លួន លុះដល់​មាន​ដីការ​ចេញ​ដោយ​លោកស្រី​ជ័យ មាលា ចៅក្រម​សាលាដំបូង​ខេត្ត ទើប​មាន​វិធាន​ការចុះ​អនុវត្តន៍​ដីការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​។ សូមបញ្ជាក់ថា​ជនសង្ស័យ​តាំងខ្លួន​ជា​ឧកញ៉ា​នេះ សមត្ថកិច្ច​មិនបាន​បញ្ជាក់ប្រាប់​អ្នកកាសែត​ថា​ឆបោក​អ្នកណាខ្លះ​នោះទេ និង​សម្ភារៈ​អ្វីខ្លះ​នោះឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ចៅក្រម​ចេញ​បញ្ជា​អោយ​ឃុំខ្លួន​បណ្តោះ អាសន្ន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​(​ទី​២៧ ខែឧសភា ឆ្នាំ​២០១៥) ដើម្បី​ស្រាវជ្រាវ​រក​ស្ថាន​ទំងន់ទោស​បន្ថែម​ចោទ​លើ​ជន​នោះ​ទៅតាម​ផ្លូវច្បាប់​៕ឡុង សារ៉េត​
wqdsa