ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ជំហានទី២នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រមាណ ៣០លានដុល្លារអាមេរិក។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍ថា ជំហានទី២ នេះ រួមមាន ៖ គម្រោងបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុងនៅខេត្តកែប និងគម្រោង បីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោង បង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅ កោះរ៉ុង ខេត្តព្រះសីហនុ។
គួរជម្រាបថា ក្រសួងទេសចរណ៍ និងធនាគារADB បានចាប់ផ្ដើមអនុវត្តជំហានទី១បណ្ដើរៗ រួចមក ហើយដែរ ដូចជា គម្រោងកំពង់ផែទេសចរណ៍ នៅខេត្តកំពត បង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្ត កែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕