សៀមរាប ៖ កម្ពុជាអាចរកចំណូលបានចំនួន ១០៤.៥២៧.៥៣១ដុល្លារ ពីការលក់បណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល១១ខែ ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ ចំនួននេះ បានកើតឡើង៩,២៧ភាគរយ បើធៀបនឹង រយៈ ពេលដូចគ្នា កាលពីឆ្នាំ២០១៧។
របាយការណ៍របស់អាជ្ញាធរអប្សរា បញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេស ចំនួន ២.៣២៣.១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦,០៩ភាគរយ។
របាយការណ៍ដដែល បញ្ចាក់ថា ចំណូលដែលទទួលបាន១០៤លានដុល្លារ នេះ រាជរដ្ឋាភិបាល បាន ដកចំនួន ៤.៦៤៦.៣៣៦ដុល្លារ ឧបត្ថម្ភចូលមូល និធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕