ភ្នំពេញ ៖ ជំនួបប្រចាំជាលើកទី៣ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអ្នកសារព័ត៌មាននៅកម្ពុជា នឹងប្រព្រឹត្ដទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រសួងព័ត៌មាន បានបញ្ជាក់ថា «អ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមក្នុងពិធីខាងលើ តម្រូវឲ្យមានការចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ដើម្បី ទទួលបានប័ណ្ណចូលរួម»។ ក្រសួងព័ត៌មាន នឹងចាប់ផ្ដើមចុះឈ្មោះ អ្នកសារព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងយូរបំផុត។
គួររំលឹកថា ពិធីជួបសំណេះសំណាលលើកដំបូងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ និងជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ៕