ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលមានស័ក្ដិយស និងតួនាទីធំ លំដាប់ផ្កាយ បែរជាមកព្រព្រឹត្តិបទល្មើសតាមរយៈបើកល្បែងស៊ីសងឆ្នោតកន្ទុយលេខវៀតណាម យ៉ាងកក្រើករាជធានីភ្នំពេញ សួរអ្នកភ្នំពេញ ឬអ្នកអង្គុយកត់កន្ទុយលេខ(កូនកញ្ច្រែង) អ្នកណាក៏ស្គាល់លោក កែវ ចំរើន ហៅលោកព្រីង មេល្បែងឆ្នោតវៀតណាម នេះដែរ។
លោកឧត្តមសេនីយ៍ កែវ ចំរើន ហៅ “លោកព្រីង” មានឈ្មោះល្បីខាងបើកល្បែងឆ្នោតកន្ទុយលេខផង កាងល្បែងកន្ទុយលេខវៀតណាមផង ដែលការរកស៊ីល្បែងស៊ីសងដែលជាបទល្មើសសង្គមស្អប់ខ្ពើមនេះ លោក ព្រីង រកស៊ីតាំងពីលោកស្នងការចាស់រហូតផ្លាស់ស្នងការថ្មី នៅតែប្រកបមុខរបរចាស់ដដែល អត់មានសមត្ថកិច្ចណាបង្ក្រាបបាន។ ដល់ពេលអ៊ីចឹង ទៅ វាដូចជារាជធានីភ្នំពេញនេះ អត់មានច្បាប់ទម្លាប់ អត់មានមេសមត្ថកិច្ច មេអាជ្ញាធរគ្រប់គ្រងអ៊ីចឹង … ទុកឱ្យលោក ព្រីង កាងឆ្នោតវៀតណាម ទូទាំងរាជធានីភ្នំពេញទាំង១២ ខណ្ឌ យ៉ាងគឃ្លើន។
កូនកញ្ច្រែងកត់កន្ទុយលេខមួយចំនួន បាននិយាយអួតអាងជំនួសលោក ព្រីង ថា ការប្រកបរបររកស៊ីបើកល្បែស៊ីសងឆ្នោតកន្ទុយលេខវៀតណាមរបស់លោក ព្រីង គ្មានសមត្ថកិច្ចណាម្នាក់ហ៊ានឈានជើងទៅក្បែរនោះទេ គ្រាន់តែឮឈ្មោះលោក ព្រីង សមត្ថកិច្ចមូលដ្ឋានបះសក់ទៅហើយ មិនដឹងថា លោក ព្រីង គាត់មានឥទ្ធិពលឫទ្ធិចេស្តាអ្វីទេ? តែយ៉ាងណាក៏ ដោយ លោក ព្រីង មិនជះលុយទាំងដុំៗឲ្យ មេៗថ្នាក់លើទេ គឺមិនអាចឈរធ្វើមេកន្ទុយ លេខវៀតណាមបានរាប់ឆ្នាំដោយរលូនបែបនេះបានឡើយ។
គួរកត់សម្គាល់ថា នៅតាមទីប្រជុំជន ឬផ្សារធំៗ នៅក្នុងរាជធានីភ្នំពេញ អ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាម ឬហៅថាកូនកញ្ច្រែង សុទ្ធសឹងតែជាកូនចៅរបស់ឧត្តមសេនីយ៍ កែវ ចំរើន ហៅព្រីង ស្ទើរតែទាំងអស់។ បើសិនមានកូនកញ្ច្រែងណាហ៊ានក្បត់ ទៅកត់ឆ្នោតឱ្យមេផ្សេង លោក ព្រីង និងបញ្ជាឱ្យសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនតែម្តង។ មានន័យថា ឧត្តមសេនីយ៍ កែវ ចំរើន ហៅព្រីង ពិតជាមានអំណាចខ្លាំងមែន គឺខ្លាំងជាងលោកស្នងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ទើបឡើងកាន់តំណែងថ្មីទៅទៀតផង … ថាមិនត្រូវទេ ទំនងជាខ្លាំងជាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទៅទៀតផងក៏មិនដឹង ?។
គិតសព្វៗទៅ គឺខ្លាំងមែន ព្រោះលោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត រាប់ឆ្នាំមកហើយក្នុងរាជធានីភ្នំពេញនេះ តាំងពីជំនាន់លោកស្នងការចាស់ ដល់ស្នងការ ថ្មី និងលោកអភិបាលរាជធានីចាស់ ថ្មី គ្មានអ្នកណាហ៊ានធ្វើអីទេ៕