ជំនួបរំសាយនុយក្លេអ៊ែរ រវាងលោក ត្រាំ និងលោក គីម គ្រាន់តែជានិម្មិតរូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2019 ក+ ក-

ហាណួយ ៖ ជំនួបកំពូលលើកទី២ រវាងលោក គីម និងលោក ត្រាំ ដែលធ្វើនៅថ្ងៃព្រហស្បត៍ ទី២៨ ខែកុម្ភៈ នេះ ត្រូវគេគិតថា ភាគីទាំងពីរនឹងបន្តពិភាក្សានូវអ្វីដែលបានព្រមព្រៀងគ្នាកាលពីជំនួបលើកទី១ នៅសិង្ហបុរី តែមិនដូច្នេះទេ ជំនួបនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម គេបានបន្តការខ្វែងគំនិតគ្នា និងមិនបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមណាមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដូចការរំពឹងទុករបស់ពិភពលោកនោះឡើយ។

បើតាមកម្មវិធីដើមរបស់សេតវិមាន នៅក្រោយជំនួបរបស់មេដឹកនាំកំពូលទាំងពីរ នឹងមាន«ពិធីចុះហត្ថលេខារួម»មួយ ដែលបានគ្រោងធ្វើឡើងនៅរដ្ឋធានីហាណូយ រួមទាំងអាហារការងារពេលថ្ងៃត្រង់មួយ សំរាប់មេដឹកនាំទាំងពីរផងដែរ។ តែពេលនេះ អ្នកទាំងពីរបានចាកចេញពីជំនួបប្រជុំ ដោយគ្មានបានចុះហត្ថលេខាណាមួយឡើយ។

លេខាព័ត៌មានសេតវិមាន អ្នកស្រី សារ៉ា ស៊ែនឌ័រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« ពួកលោកមានជំនួបល្អ និងបែបស្ថាបនាណាស់ និងបានពិភាក្សាអំពីវិធីផ្សេងៗដើម្បីជំរុញការរំសាយចោលនុយក្លេអ៊ែរ និងទស្សនាទានអំពីសេដ្ឋកិច្ច»។ លោកស្រីបានបន្ថែមថា«មិនមានកិច្ចព្រមព្រៀងត្រូវបានសំរេចឡើងក្នុងពេលនេះទេ ហើយក្រុមការងារររឿងៗខ្លួន នឹងពិនិត្យមើលការធ្វើកិច្ចប្រជុំនាពេលអនាគត»។

ហារី កាកាហ្សៀនីស នាយកមជ្ឈមណ្ឌលនៃការសិក្សាកូរ៉េខាងត្បូង បាននិយាយថា «អត់កិច្ចព្រមព្រៀងប្រសើរជាងមាន។គ្មានអ្វីអាក្រក់ជាងចុះកិច្ចព្រមព្រៀងមួយដើម្បីអោយគ្រាន់តែមានទេ។ការគំរាមជាក់ស្តែងគឺសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។មានកិច្ចព្រមព្រៀងដែលមិនអាចបំបាត់ការគំរាមនេះវាអាក្រក់ជាងកិច្ចព្រមព្រៀងមានគុណវិបត្តិមួយ»៕