អាជ្ញាធរខេត្តព្រះសីហនុបិទប្រឡាយបង្ហូរទឹកកខ្វក់ចូលសមុទ្រ​តំបន់ឆ្នេរសុខា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានថ្លែងកាលពីម្សិលមិញថា រដ្ឋបាលខេត្ដបានរំពឹងថា ទៅអនាគតបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងអាចដោះស្រាយបាន។

លោក ឃាង ភារម្យ បានបញ្ជាក់បែបនេះ នៅបន្ទាប់ពី រដ្ឋបាលខេត្ដព្រះសីហនុ បានចាប់ផ្ដើមបិទប្រឡាយទឹកកខ្វក់មួយកន្លែងនៅចំណុចឆ្នេរសុខាដើម្បីកុំឲ្យបង្ហូរទឹកកខ្វក់ចូលសមុទ្រដោយផ្ទាល់បន្ដទៀត តែត្រូវបង្វែរឲ្យធ្លាក់ទៅស្ថានីយចម្រោះជាមុនសិនទើបអាចបង្ហូរចូលសមុទ្របាន ខណៈស្ថានីយប្រព្រឹត្ដិកម្មចម្រោះទឹកកខ្វក់ ចំនួន ៤ ក្នុងខេត្ដនេះ បានសាងសង់រួចរាល់និងកំពុងដំណើរការសាកល្បង។

លោក ជាវ វិជ្ជាក់ អភិបាលរង និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ ខេត្ដព្រះសីហនុ បានថ្លែងថា៖ «ការសម្រេចបិទទំនប់បង្ហូរទឹកកខ្វក់នៅចំណុចឆ្នេរសុខានេះដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយទម្លាក់ទៅស្ថានីយបូមទឹកកខ្វក់ទី ៣ ដោយបូមបញ្ចូលទៅស្ថានីយចម្រោះនៅអូរឈើទាលដើម្បីច្រោះទឹកកខ្វក់មុនឲ្យបង្ហូរទៅសមុទ្រ ព្រោះថា ស្ថានីយបូមទឹកកខ្វក់ទើបសាងសង់រួច និងកំពុងដំណើរការសាកល្បងផងដែរ»។

គួរជម្រាបថា ការសម្រេចបិទប្រឡាយទឹកកខ្វក់នេះ ធ្វើឡើងកាលពីថ្ងៃអង្គារបន្ទាប់ពីស្ថានីយបូមឆ្នេរសុខាបានបំពាក់ម៉ាស៊ីនបូមទឹកកខ្វក់ ដើម្បីបង្ហូរទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅចំណុចអូរឈើទាល វិញ បន្ទាប់ធ្វើការសាងសង់រួចនាពេលថ្មីៗនេះ៕

(រូបភាពហ្វេសប៊ុក ៖ ទិដ្ឋភាពមើលពីលើ ឃើញប្រឡាយបង្ហូរទឹកកខ្វក់ចូលសមុទ្រដែលត្រូវបិទ)