ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ កម្មករ-និយោជិតទាំងអស់ នឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ក្នុងរយៈពេល៤ថ្ងៃ។
តាមសេចក្ដីជូនដំណឹងស្ដីអំពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានបញ្ជាក់ជូនដល់ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅ ក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ដោយបានធ្វើការណែនាំដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំង អស់នេះ ត្រូវអនុញ្ញាត្តឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលឈ្នួលចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ១៥ ១៦ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជំនួសឱ្យថ្ងៃទី១៤ ចំនួនមួយថ្ងៃ ដោយសារត្រូវចំថ្ងៃអាទិត្យ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា បើករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលានិងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប និងមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា “។
ក្នុងសេចក្ដីជូនដំណឹង ខាងលើនេះ ក៏បានបញ្ជាក់ផងថា បើក្នុងករណីមានលទ្ធិភាពម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន គូរចាត់តាំងឱ្យមានការលែងល្បែងកំសាន្តនានា នៅតាមសហគ្រាស គ្រឹះស្ថាន របស់ខ្លួន ដើម្បីចូលរួមអបអរសាទរ ពីធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីលើកទឹកចិត្តដល់ កម្មករ និយោជិតដែលបាន បំពេញការងារកន្លងមក។
គួរបញ្ជាក់ថាប្រាក់ឈ្នួលគោលរបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងរហូតដល់ ១៨២ដុល្លារ នៅឆ្នាំ២០១៩ សម្រាប់កម្មករពេញសិទ្ធិ និង១៧៧ដុល្លារសម្រាប់កម្មករ និយោជិត សាកល្បង។ ប្រាក់ឈ្នួលថ្មីនេះមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតទទួលបាននោះទេហើយបើបូករួមបញ្ចូលប្រាក់បំណាច់និងប្រាក់អត្ថប្រយោជន៍ផ្សេងៗផងកម្មកម្នាក់អាចទទួលបានប្រាក់ឈ្នួលចាប់ពី២០០ដល់៣០០ដុល្លារទៀតផង៕