ភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ កាន់តែខិតជិតមកដល់ បងប្អូនប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេស បាន និងកំពុងរៀបចំសម្អាតគេហដ្ឋានដើម្បី ទទួលទេវតាឆ្នាំថ្មីសិរីសួរស្តីលាភជ័យទៅតាមជំនឿជាប្រពៃណីតរៀងមក។
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ
ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥ ៖ ១២នាទី រសៀល។
ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានដូចជា ៖
-បាយសី៩ថ្នាក់ មួយគូ, ៧ថ្នាក់មួយគូ, ៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
-បាយសីប៉ាឆាម មួយគូ
-ស្លាធម៌មួយគូ
-ទឹកអប់មួយគូ
-ទៀន៥ធូប៥ លាច៥ផ្កា៥ដាក់លើជើងពាន១គូ
-ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ
-ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន១១គូ
-ដូងឡៅមួយគូ
-ទឹកស្អាតពីរកែវ
កាលណារៀបស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕