ខេត្តរតនគិរីៈ មេឈ្មួញដុះស្លែដែលត្រូវ បានកត់សម្គាល់ក្នុងករណីកាប់បំផ្លាញឈើក្នុងតំបន់អភិរក្សដោយខុសច្បាប់ឈ្មោះ ថាន និងចែ ច្រឹប កំពុងបង្កើនការកាប់អារ និងដឹកជញ្ជូនចេញនូវប្រភេទឈើប្រណីតពីដែនជម្រកអភិរក្សសត្វព្រៃក្នុងស្រុកលំផាត់ បញ្ជូនឆ្លងទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រករបៀងដែលប្តីរបស់ខ្លួនគ្រប់គ្រងមានរហស្សនាមថា «ប៉ុសិ៍្តសង្កេតការណ៍ខ្លាធំ» ខេត្តរតនគិរី។នេះបើតាមការអះអាងពីមន្ត្រីជំនាញ និងកម្មករស៊ីឈ្នួលកាប់ឈើ។
ចំណុចដែលត្រូវគេប្រើកម្លាំងប្រដាប់ដោយម៉ាស៊ីនរ៉ៃគ្រប់ដៃប្រមាណពី២០ទៅ៣០គ្រឿងក្នុងចំណោមកម្លាំងសរុបប្រមាណជាង ៨០នាក់ ស្ថិតនៅក្នុងតំបន់ អូរតាង អូរលាវ ភ្នំ៥៥៥ អូរប៊ឿក… ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី ដឹកចេញតាមច្រករបៀងដែលគ្រប់គ្រងដោយលោក ផុន ជាប្តីរបស់ចែច្រឹប។
មន្ត្រីជំនាញ និងប្រជាពលរដ្ឋបានរិះគន់ស្រដៀងគ្នាថា បុរសស្ត្រីមេឈ្មួញដុះស្លែទាំង២រូបម្នាក់ឈ្មោះ ថាន និងម្នាក់ទៀតគឺចែ ច្រឹប។ចែច្រឹប គឹជាប្រពន្ធរបស់លោក ផុន នាយប៉ុសិ៍្ត«សង្កេតការណ៍ខ្លាធំ»ការពារព្រំដែន ដែលជាច្រករបៀងមួយដ៏សកម្មក្នុងការជួយលាក់បាំងជ្រោមជ្រែងបញ្ជូនឈើខុសចេញទៅលក់ឲ្យឈ្មួញវៀតណាម។ ចំណែកបុរសឈ្មោះ ថាន ក៏ជាសាច់ឈាមជាមួយលោក ផុន និងចែច្រឹប នេះដែរ។
ប្រភពបន្តថា ខណៈភ្លៀងដើមរដូវចាប់ផ្តើមធ្លាក់ម្តងម្កាល មេឈ្មួញ២-៣នាក់នេះ បានបញ្ចេញកម្លាំងស៊ីឈ្នួលរាប់សិបនាក់ចូលកាប់រុករានព្រៃដែនជំរកជាច្រើនកន្លែងនៅក្នុងព្រៃអភិរក្សដូចជាចំណុចពាមអូរតាង ពាមអូរលាវ ពាមអូរយិនតែ អូរតាង៉ត អូរតាង៉ែ ភូមិខ្វែង អូរប៊ឿក ភ្នំ៥៥៥ ក្នុងនោះមានប្រភេទឈើសុក្រំ ផ្ចឹក ត្រាច ឈើទាល ស្រឡៅ នាងនួន កកោះ និងលាយឈើធ្នុងផងដែរ។ បន្ទាប់ពីកាប់បានហើយ គេបានដឹកពីស្រុកកោះញ៉ែក ចេញតាមច្រករបៀងអូរប៉ាវ ជាភូមិសាស្ត្រដែលថិតក្នុងការគ្រប់គ្រងរបស់លោក ផុន នាយប៉ុស្តិ៍សង្កេតការណ៍ដែលមានរហស្សនាម ខ្លាធំរបស់កងទ័ពការពារព្រំដែនជើងគោក និងនគរបាលព្រំដែនគោក ហៅកាត់ថា «ប៉ុស្តិ៍ខ្លាធំ»។
ក្រុមកម្មករស៊ីឈ្នួលកាប់ដែលសុំលាក់ឈ្មោះបានប្រាប់ មេគង្គប៉ុសិ៍្ត កាលពីថ្ងៃចន្ទ ថា ពួកគេបានប្រើប្រាស់កម្មកររាប់សិបនាក់ប្រដាប់ដោយម៉ាស៊ីនរ៉ៃ និងត្រង់ស៊ីន័រច្រើនគ្រឿង ចូលទៅក្នុងដែនអភិរក្សដែលជាតំបន់ហាមឃាត់ ជ្រៀក ផែ ឈើប្រណីតៗ រួចប្រើកម្លាំងដឹកជញ្ជូនដោយប្រើត្រាក់ទ័រកែច្នៃចំនួន២-៣គ្រឿង និងរថយន្តកែច្នៃជាច្រើនគ្រឿងទៀតដែលអាចផ្ទុកឈើប្រណីតបានប្រមាណ១៥.២០តោនក្នុងមួយគ្រឿង ។ពេលដឹកចេញពីកន្លែងស្តុកទុកលួចលាក់គេប្រើរថយន្តប្រភេទឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 2A-2826 ដើម្បីបំភ័នភ្នែកសមត្ថកិច្ចដែលមិនបានទទួលសំណូក ចេញពីស្រុកកោះញ៉ែកតាមច្រករបៀងអូរប៉ាវ ដែលហៅថាប៉ុស្តិ៍ខ្លាធំ និងប៉ុស្តិ៍សង្កេតការណ៍របស់កងទ័ពខាងលើ គ្មានអ្នកណាហ៊ានរារាំងនោះទេ ព្រោះលោកមេប៉ុសិ៍្តជាប្តីរបស់ចែច្រឹប។
កម្មករដដែលបន្តថា ការអារ ផែ ឈើប្រណីតក្នុងតំបន់ព្រៃដែនជំរកអភិរក្សនោះ គេជួលកម្មករជាជនជាតិវៀតណាមទាំងអស់ ជនជាតិខ្មែរបន្តិបន្តួចប៉ុណ្ណោះ កម្មករទាំងនេះមានចំនួនប្រមាណជិត៨០នាក់ឯណោះ។
ប្រភពពីកម្មករខ្មែរបន្តឲ្យដឹងថា កម្មករវៀតណាមស៊ីឈ្នួលទាំងនោះ ទទួលថ្លៃឈ្នួលពលកម្មក្នុងមួយគីបតម្លៃ១លានដុង(លុយវៀតណាម) រួចដឹកជញ្ជូនចេញទៅលក់នៅប្រទេសវៀតណាម បានតម្លៃក្នុងម៉ែត្រគីប៧០០ដុល្លាអាមេរិក(ប្រភេទឈើសុក្រំ)។
ប្រភពបន្តថា ឈើនៅក្នុងដែនជំរកខាងលើដែលបានអាររំលំផែរួចប្រមាណ២គោយន្តកែច្នៃទម្ងន់ប្រមាណជាង ៧០ ទៅ ៨០តោន ទើបថៅកែបញ្ជាឲ្យគោយន្តកែច្នៃចូលដឹកចេញ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ទៅស្តុកលាក់ទុកនៅឃ្លាំងឯកោះរំយើល បើក្នុងករណីមិនទុកចិត្តខ្លាចមានហេតុការអាក្រក់ ថៅកែចេញបញ្ជាឲ្យដឹកបង្ហួសទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងដូចបានរៀបរាប់ខាងលើនេះមិនថាយប់ ឬថ្ងៃឡើយ។
ប្រភពព័ត៌មានពីអតីតកម្មករដឹកជញ្ជូនឈើបានបន្តទៀតថា ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណីតយ៉ាងអនាធិបតេយ្យខាងលើនេះគ្មានអ្នកណាមករំខានទេ ព្រោះមេឈ្មួញចែច្រឹប មាននាយនគរបាលនៅច្រករបៀងការពារព្រំដែនជើងគោកដែលហៅថាប៉ុស្តិ៍ខ្លាធំនោះ ជាសាច់ញាតិ។
មន្ត្រីជំនាញមួយរូបបានប្រាប់ មេគង្គប៉ុសិ៍្ត ដោយរិះគន់ថា មេឈ្មួញដែលរកស៊ីកាប់ទន្ទ្រានព្រៃឈើល្មើសច្បាប់ខាងលើនេះ គេបានបង់លុយអោយសមត្ថកិច្ចច្រើនផ្នែក ដូចជាជំនាញរដ្ឋបាលព្រៃឈើ និងជំនាញដែនជំរកអភិរក្សនៅក្នុងខេត្តជាដើម ទើបការកាប់ទន្ទ្រានព្រៃឈើក្នុងដែនអភិរក្សដែលដូនតាបន្សល់ទុកសម្រាប់អភិរក្សរក្សាព្រៃឈើ និងសត្វព្រៃជាសម្បត្តិធម្មជាតិ និងព្រៃបំរុងរក្សារបស់រដ្ឋត្រូវគេឃុបឃិតគ្នាកាប់បំផ្លាញលក់ធ្វើមានធ្វើបានគ្រប់ៗ មិនខ្វល់ពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិលដែលចាត់ទុកការកាប់បំផ្លាញព្រៃឈើជាឧក្រិដ្ឋកម្មព្រៃឈើនោះឡើយ។
បុរសម្នាក់អះអាងថាខ្លួនជាមន្ត្រីព្រៃឈើតែសុំមិនបង្ហាញឈ្មោះបានបញ្ជាក់ថា នៅរតនគិរីសព្វថ្ងៃ មានបុរសម្នាក់ឈ្មោះ សាក់ តាំងខ្លួនជាអ្នករត់ការសូកប៉ាន់ដើម្បីបិទបាំងបទល្មើសព្រៃឈើរបស់ ចែច្រឹប និងឈ្មោះ ថាន ។ ជនឈ្មោះ សាក់ ដែលជិះរថយន្តម៉ាកវីហ្គោ២បាំង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2X-7894 ក៏មានភាគហ៊ុនក្នុងបទល្មើសនេះដែរតែឆ្លៀតចូលខ្លួនរត់ការយ៉ាងសកម្មសូកលុយសមត្ថកិច្ចតាមឋានៈ និងតួនាទីតូចធំឲ្យលាក់បាំងបទលើ្មសការកាប់បំផ្លាញ និងជួញដូរឈើរបស់ខ្លួននៅក្នុងខេត្តរតនគិរី ។
មន្ត្រីម្នាក់ដែលខឹងសម្បារដោយគ្មានចំណូលពីបទល្មើសដូចគេបាននិយាយទាំងកំហឹងប្រាប់ មេគង្គប៉ុសិ៍្ត ថា មេឈ្មួញឈ្មោះ ចែ ច្រឹប បានប្រើអំណាចប្តីខ្លួនជានាយប៉ុសិ៍្តក្នុងការជួញដូរឈើប្រណីតខុសច្បាប់។ចំណែកឈ្មោះ ថាន ក៏ជាប់សាច់ឈាមជាមួយគ្នាដែរ។ប្រភពបន្តថា ទោះជាយ៉ាងណាក៏លោក ផុន នាយប៉ុស្តិ៍ច្រករបៀងប៉ុស្តិ៍ខ្លាធំ ព្រំដែនកម្ពុជា-វៀតណាម ត្រូវជាប្តីចែច្រឹប ត្រូវតែចេញមុខកាងឈើក្នុងពេលដែលប្រពន្ធរបស់គាត់ដឹកបញ្ជូនឆ្លងដែនលក់ឲ្យឈ្មួញវៀតណាមយ៉ាងសកម្មដែរ បើទោះបើជាដឹងថា ជាទង្វើខុសច្បាប់បែបណាក៏ដោយ។
មន្ត្រីដដែលបន្តទៀតថា លោក អ៊ូ សុធី នាយកដែនជំរកសត្វព្រៃស្រុកលំផាត់ ត្រូវគេមើលឃើញថា បានបិទភ្នែកធ្វើមិនឃើញការបំផ្លាញឈើក្នុងដែនអភិរក្សដែលជាដែនសមត្ថកិច្ចរបស់លោកទៀតផង។ដោយសារ ការមិនអើពើរបស់សមត្ថកិច្ចជំនាញ ទើបការកស៊ីកាប់ឈើលក់ខុសច្បាប់ក្នុងតំបន់អភិរក្សដឹកចេញតាមផ្លូវច្រករបៀងប៉ុសិ៍្តខ្លាធំនេះ មហាគ្រួសារចែច្រឹប និងលោក ផុន ដ៏មហិមាអាចបន្តធ្វើព្យុះធ្វើភ្លៀងរាប់ឆ្នាំមកហើយ គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ។
លោក អ៊ូ សុធី នាយកដែនជំរកសត្វព្រៃស្រុកលំផាត់ ខេត្តរតនគិរី ភ្នាក់ងារសារព័ត៌មាន មេគង្គប៉ុស្តិ៍ បានភ្ជាប់ទូរស័ព្ទទៅលោកជាច្រើនដង ដើម្បីសុំការបញ្ជាក់ហេតុការណ៍ដែលប្រទះឃើញមនុស្សរាប់សិបកំពុងកាប់ក្នុងដែនសមត្ថកិច្ចរបស់លោកដែរ ប៉ុន្តែមិនអាចភ្ជាប់ប្រព័ន្ធបានទេ។ ចំណែកលោក ថង សាវុន អភិបាលនៃគណះអភិបាលខេត្តរតនគិរី មិនអាចទាក់ទងសុំការអធិប្បាយពាក់ព័ន្ធនឹងករណីចោទប្រកាន់ចំពោះការកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្ស និងការជួញដូរឈើខុសច្បាប់របស់លោក ថាន និងចែច្រឹប បានទេកាលពីព្រឹកថ្ងៃទី១០ មិថុនា នេះ ៕ដោយ៖ រដ្ឋ វិរៈ
រថយន្តស៊េរីខ្ពស់ដែលទុកដឹកឈើប្រណីតទៅកាន់ច្រករបៀង ប៉ុសិ៍្តខ្លាធំ (photo : virek ថតថ្ងៃទី៦ មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )
ក្រុមកម្មករស៊ីឈ្នួលកាប់ជាជនជាតិវៀតណាម
(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )
ឈើដែលទើបនឹងកាប់រំលំថ្មីៗក្នុងតំបន់អភិរក្ស ស្រុកលំផាត់
(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )
ត្រាក់ទ័រសម្រាប់ស្ទូចលើកដាក់ឈើលើគោយន្តច្នៃ ឬប្តូរទីតាំងស្តុក
(photo : virek ថតថ្ងៃទី៦មិថុនា ២០១៥ ក្នុងតំបន់អភិរក្សស្រុកលំផាត់ )