ភ្នំពេញ៖សមត្ថកិច្ចចម្រុះចំនួន២ខណ្ឌ បានចុះឆែកឆេរទីតាំងជួសជុល និងបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែង ហើយរឹបអូសបានម៉ូតូដែលមានស៊េរីជាច្រើនប្រភេទខុសគ្នា និងគ្មានឯកសារត្រឹមត្រូវចំនួន១០២គ្រឿង ដែលសង្ស័យថាក្នុងចំណោមនោះ មានម៉ូតូខ្លះជាផលចោរកម្ម។
នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចចម្រុះចំនួន២ខណ្ឌគឺខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ អមដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងនោះ បានចុះទៅឆែកឆេរទីតាំងជួសជុល និងទទួលបញ្ចាំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទួកឹស សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម៉ូតូចំនួន១០២គ្រឿងប្រភេទខុសៗគ្នាដែលគ្មានឯកសារត្រឹមត្រូវ។
មន្ត្រីនគរបាលមួយរូបបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបភ្លាមៗខាងលើនេះ បន្ទាប់ពីទទួលបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូមួយគ្រឿងនៅវេលាម៉ោង១០យប់ថ្ងៃទី១១ ខែ មិថុនា នៅចំណុចសង្កាត់ព្រៃវេង ខណ្ឌដង្កោ ហើយសមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញម៉ូតូនោះនៅក្នុងទីតាំងដូចខាងលើ។
ប្រភពបន្តថា បុរសជាម្ចាស់ទីតាំងឈ្មោះ ម៉េង ស៊ា អាយុ ៤៤ឆ្នាំ ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរ និងធ្វើកំណត់ហេតុបំពេញសំណុំឯកសារបញ្ជូនទៅតុលាការ ក្នុងករណីដែលរកឃើញថា ជាទីតាំងទទួលផលចោរកម្ម។
គួរលើកឡើងផងដែរថា មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលត្រូវចោរលួច ប្លន់បានពីគ្រប់ទិសទី តែងតែយកទៅលក់ ឬបញ្ចាំក្នុងតម្លៃថោកៗនៅទីតាំងដូចខាងលើ។បើម៉ូតូគ្មានéកសារត្រឹមត្រូវទេ អ្នកទទួលទិញនឹងបញ្ចុះតម្លៃថោក រួចគេយកទៅកាប់សាច់ដោះដូរគ្រឿងពីម៉ូតូមួយទៅម៉ូតូមួយទៀតត្រឡប់ចុះឡើងដើម្បីកុំឲ្យម្ចាស់ដើមមើលស្គាល់។ទីតាំងរបៀបនេះ គេហៅថា ឡ ៕ ដោយ៖សាន