ភ្នំពេញ ៖ ថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺ«ពិសាខបូជា»។
តើពិធីបុណ្យពិសាខបូជា នៅឆ្នាំនេះ មានអត្ថន័យ និងប្រយោជន៍យ៉ាងណាខ្លះ..?
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជា សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលចេញផ្សាយកាលពីឆ្នាំ១៩៥១ បានសរសេរកត់ត្រាថា ប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចជានៅប្រទេសសិរីលង្កា គេមានទំនៀមប្រារព្ធពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមទូទាំងប្រទេសរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត រហូតដល់ថ្ងៃ ១រោច ខែពិសាខ យ៉ាងអ៊ឹកធឹក។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកស្រុកសិរីលង្កា នាំគ្នាបូជាគ្រឿងសក្ការផ្សេងៗ មានផ្កា និងទៀនប្រទីបជាដើម អុជបូជាភ្លឺព្រោងព្រាតគ្រប់វត្តអារាម និងតាមផ្ទះអ្នកស្រុកអ្នកភូមិ តាមទ្រព្យធនធាន។
ចំណែកនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាវិញ ក៏ធ្វើ ៣ថ្ងៃដូចនៅសិរីលង្កាដែរ ប៉ុន្តែខុសប្លែកគ្នាត្រង់អ្នកស្រុកភូមា គេទៅប្រជុំគ្នានៅឯវត្តនាពេលយប់ រង់ចាំរហូតដល់ពេលផ្កាយវិសាខនក្ខត្តឫក្ស ឬផ្កាយប្រចាំខែពិសាខ រះឡើង គេក៏វាយជួងទូងស្គរលាន់កងរំពង រួចទើបអុជទៀនបូជា។ រីឯទំនៀមប្រារព្ធបុណ្យវិសាខបូជា នាសម័យនេះវិញ ភាគច្រើនអ្នកស្រុកភូមា គេធ្វើនៅតាមចេតិយ ដោយមិនមានហែក្បួន ឬបូជាផ្កាអ្វីទេ គឺគេផ្ដោតជាសំខាន់តែការបូជាប្រទីបមានទៀនជាដើមប៉ុណ្ណោះ។
តាមពុទ្ធប្រវត្តិ ទីដែលព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ប្រសូត គឺនៅឧទ្យាន លុម្ពិនី ក្នុងនគរកបិលវត្ថុ ដែលសព្វថ្ងៃនេះជាទឹកដីប្រទេសនេប៉ាល់ ជាប់ព្រំប្រទល់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះហើយ ទើបមានបរិស័ទខ្មែរ សិរីលង្កា ភូមា និងថៃ ជាដើម បានទៅកសាងវត្តអារាមពុទ្ធសាសនានៅទីនោះ និងតែងនាំគ្នាធ្វើធម្មយាត្រាទៅគោរពបូជា នាទីបូជនីយដ្ឋាន សួនលុម្ពិនី ជារៀងរាល់ឆ្នាំ។
ពិធីបុណ្យនេះ ក្រៅពីការរម្លឹកនឹកគុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នាក៏ចូលរួមបួងសួងសូមឲ្យ ក្រុមគ្រួសារ មានសេចក្ដីសុខ ប្រទេសជាតិ មានសុខសន្តិភាពជានិរន្តផងដែរ៕