ភ្នំពេញ ៖ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ដ៏សំខាន់ក្នុងចំណោម ពិធីផ្សេងទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ដែលព្រះរាជពិធីនេះ នឹងទស្បន៍ទាយពីប្រផ្នូលនៃការរីកលូតលាស់ផលដំណាំនានាក្នុងវិស័យកសិកម្ម តាមរយៈការបរិភោគរបស់គោឧសភរាជ លើចំណីធញ្ញជាតិចំនួន ៧មុខ។
គោឧសភរាជត្រូវបានរៀបចំឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រាពិធីច្រត់ព្រះនង្គ័ល ដែល ត្រូវបាន គេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ ។ ចំណែកឆ្នាំនេះ ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើនៅថ្ងៃទី២២ ខែ៉សភា ក្នុងកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ បរិភោគរបស់ “ គោឧសភរាជ ” ។ គោ ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ»។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទពិពណ៌នាដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ជាវប្បធម៌ប្រពៃណីទៅហើយដែលប្រទេសកម្ពុជា រៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺតាំងសម័យកាលយូរឆ្នាំមកហើយ ។ ពិធីដ៏សំខាន់មួយនេះគឺតែងតែប្រារព្ធនៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ ។
ពិធីនេះតែងតែធ្វើឡើងក្រោមព្រះរាជអធិបតីភាពនៃ ព្រះមហាក្សត្រ ។ ពិធីនេះគឺប្រៀបបានជាការប្រកាសឲ្យប្រជាកសិករដឹងថា ចប់ខែប្រាំងចូលខែវស្សាដល់ពេលចាប់ផ្តើមដាំស្រូវធ្វើស្រែសម្រាប់ឆ្នាំថ្មីទៀតហើយ ។ សម្រាប់ឆ្នាំនេះ ពិធីច្រត់ព្រះនង្គ័លបានធ្វើឡើង នៅលើទឹកដីខេត្តសៀមរាប នៅទីតាំងលានជល់ដំរី ដោយក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ។
ប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿនិងរង់ចាំ ផ្សងចំពោះលទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ បង្ហាញថាយ៉ាងណា នោះគេនឹងដាំដុះដំណាំនោះ ។ បើសិនជា លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជបង្ហាញថាសោយ អាហារណាច្រើនជាងគឺមាន ស្រូវ ពោត សណ្តែក ល្ង ទឹក ស្រា ស្មៅ ។
ក្រោយពីភ្ជួរបានចំនួន៣ជុំ គោមួយនឹមដែលគេហៅថាគោឧសភរាជត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ។ សម្រាប់ពិធីផ្សងប្រថ្នូលឆ្នាំនេះ គឺគោឧសភរាជ បានបរិភោគ អាហារ៣ប្រភេទច្រើនជាងគេ ។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលរៀបចំដាក់ តាំងតុដោយទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។
ក្នុងពិធីនេះ គឺព្រាហ្មណ៍ព្រះរាជគ្រូ ជាអ្នកសូត្រ ធ្វើពិធីប្រកាស ប្រថ្នូល ។ នៅពេលសូត្រចប់ គឺព្រាហ្មណ៍ នេះយកទឹកមន្ដប្រោះក្បាលគោឧសភរាជ ទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ បើគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ ។ កាលណាគោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងគឺព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខគឺដូចការពោលខាងលើនេះ។
សូមបញ្ជាក់ផងដែរថាបើសិនជាគោឩសភរាជផឹកទឹកនោះទំនាយទាយថាមានទឹកធំឬភ្លៀងធ្លាក់ ច្រើន បើគោឩសភរាជស៊ីស្រូវនោះនឹងទទួលបានផលស្រូវច្រើនមិនខាន បើគោឩសភរាជស៊ីគ្រាប់សណ្តែកនោះផលសណ្តែកនឹងបានបរិបូរ បើគោឩសភរាជស៊ីពោតនោះការដាំដុះដំណាំពោតនិងបានផលគាប់ប្រសើរ បើគោឩសភរាជស៊ីស្មៅ សត្វពាហនៈនឹងកើតជំងឺ ហើយបើគោឩសភរាជផឹកស្រានោះទំនាយទាយថាឆ្នាំនេះនឹងសំបូរទៅដោយ មនុស្សពាល ចោរកម្មនិងគ្រោះកាចផ្សេងៗទៀត៕