ស្នួលក្រចេះ៖រថយន្តធុនធ្ងន់ដែលដឹក ឈើប្រណីតខុសច្បាប់របស់ឈ្មួញឈើឧកញ៉ា ប៊ុន ថៃ កាលពីថ្ងៃទី១៩ មិថុនា កន្លងមកនេះ បានខូចទៅមុខលែងរួចនៅចំណុចក្បែរស្ពានឆ្លូង ស្ថិតក្នុងឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយសារផ្ទុកលើសទម្ងន់។សមត្ថកិច្ចជាច្រើនជំនាញ គេឃើញចូលទៅខ្សឹបខ្សៀវជាមួយអ្នកដឹកនាំឈើ រួចចាកចេញទៅវិញដោយស្ងៀមស្ងាត់។
មន្ត្រីមួយរូបបានអះអាងថា ក្នុងចំណោមឈ្មួញឈើខុសច្បាប់ជាច្រើនាក់ដែលឡើងគោរមងារឧកញ៉ាដោយសារមុខរបរជួញឈើប្រណីតនៅភូមិភាគឥសាន្តគឺលោក ប៊ុន ថៃ ត្រូវគេកត់សម្គាល់ថា ជាអ្នកជួញដូរឈើខុសច្បាប់ដ៏ស្រួចស្រាវម្នាក់នៅក្នុងខេត្តក្រចេះ និងខេត្តដែលមានព្រំប្រទល់ជាប់គ្នា។
ប្រភពដដែលបានរាយការណ៍ថា កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៥ រថយន្តធុនធ្ងន់ដឹកឈើប្រណីតប្រភេទ សុក្រំ ឃ្លុម មេឈ្មួញ ប៊ុន ថៃ បានខូចនៅចំនុចជិតស្ពានឆ្លូង ក្នុងឃុំខ្សឹមស្រុកស្នួល ខេត្តក្រចេះ តែអត់ឃើញសមត្ថកិច្ចណាមួយទៅចាប់ បង្ក្រាបរឹបអូសអ្វីឡើយរាប់ទាំងលោក ទ្រី សុភ័ក្រ មេព្រៃខេត្តក្រចេះផង គឹសំងំឈឹង។
តាមសេចក្តីរាយការណ៍របស់សមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងចំណោមឈ្មួញឈើខុសច្បាប់ដែលយកគោរមងារឧកញ៉ាទៅកាងមុខរបររកស៊ីល្មើសច្បាប់មានដូចជាឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ,ឈ្មួញ ឆាយ ជ្រាយ ,ឈ្មួញ អ៊ឹង ម៉េងតឹក ,ឈ្មួញ សឹង សំអុល ,ម្សៀឧកញ៉ា ប៊ុន ថៃ នេះគាត់ធ្វើសកម្មភាពកាប់បំផ្លាញព្រៃខុសច្បាប់នាពេលកន្លងមកនៅក្នុងតំបន់អភិរក្សជម្រកសត្វព្រៃលំផាត់ ដែលជាតំបន់ស្ថិតក្រោមក្រសែភ្នែករបស់មន្ត្រីអភិរក្ស ចំណុះឲ្យក្រសួងបរិស្ថានដែលមានលោក សាយ សំអាល់ ជាកូនសំណព្វរបស់លោករដ្ឋមន្ត្រី សាយ ឈុំ ។
ប្រភពបន្តថា មេឈ្មួញ ប៊ុន ថៃ បន្ទាប់ពីទទួលបាននូវគោរមងារឧកញ៉ាមក គេបានពង្រីកឥទ្ធិពលពេញខេត្តរតនគិរី ដែលអ្នកល្មមៗមិនហ៊ានប៉ះពាល់នោះទេ សូម្បីតែពេលថ្មីៗនេះ ប្រជាសហគមន៍បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការសិទ្ធិមនុស្ស និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ឈ្មួញ ថៃ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅតាមតំបន់អភិរក្សនោះ ក៏មិនឃើញមានសមត្ថកិច្ចណាចាត់ការឡើយ ហាក់ដូចជាលើកទឹកចិត្តឲ្យឈ្មួញឈើ ប៊ុន ថៃ បានដៃរួចបន្តសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទមថែមទៀតទៅវិញ។
ប្រជាសហគមន៍បានលើកឡើងថា បទល្មើសកាប់ឈើនៅដែនជម្រកសត្វព្រៃលំផាត់ ត្រង់ចំណុចកំពតតាវៀន ឃុំស្រែអង្គ្រង កំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ប្រព្រឹត្តដោយឈ្មួញដ៏មានអំណាច ដែលទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើនៅតាមតំបន់ព្រៃសម្បទាននៅក្បែរនោះ។ ជាធម្មតា មន្ត្រីអភិរក្សបានដាក់ប៉ុស្តិ៍ និងបែងចែកវេនប្រចាំការគ្រប់ច្រកចេញចូលទាំងអស់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែមន្ត្រីទាំងនោះបានបែរជាបិទភ្នែកបិទត្រចៀក ធ្វើមិនដឹងមិនឮ ចំពោះភាពអនាធិបតេយ្យទាំងនោះជាថ្នូរនឹងលុយសំណូក។
ប្រភពដដែលបន្តថា ឈ្មួញឈើ ប៊ុន ថៃ បានបញ្ជូនកម្មករប្រដាប់ម៉ាស៊ីនរ៉ៃឲ្យទៅចូលព្រៃកាប់ឈើប្រណីតគ្រប់ប្រភេទ យកទៅស្តុកទុកក្នុងទីតាំងដីសម្បទាននៅក្បែរនោះ រួចបន្តដឹកចេញទៅលក់នៅស្រុកយួនយ៉ាងសុខស្រួល។ កម្មករស៊ីឈ្នួល
យ៉ាងហោចណាស់ ៥០ទៅ៦០ នាក់ក្នុងមួយថ្ងៃៗ បានសម្រុកចូលព្រៃកាប់ឈើប្រណីតក្នុងដែនជម្រកសត្វព្រៃលំផាត់ និងបានប្រើប្រាស់រថយន្តរ៉េវកែច្នៃ មិនតិចជាង ១០គ្រឿងនោះទេសម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃលាន់ឮកងរំពង តែមន្ត្រីអភិរក្សក្រោមបញ្ជារបស់លោក អ៊ូ សុធី ជាប្រធានដែនជម្រកសត្វព្រៃលំផាត់ មិនដែលឈឺក្បាលវិលមុខពីបញ្ហានេះឡើយ មិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មាន ពីឈ្មួញ ថៃ នោះទេ។
ប្រភពបន្តថា ឈើដែលគេកាប់រួចហើយគេបានដឹកជញ្ជូនយកទៅស្តុកទុកនៅក្នុងទីតាំងដីសម្បទានធំៗចំនួន ២កន្លែង គឺនៅក្នុងទីតាំងក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន ហុងអាញ់ អណ្តូងមាស។ពេលខ្លះគេឃើញមានសមត្ថកិច្ចមួយចំនួនបានចេញមុខមកជួយជ្រោមជ្រែង ឲ្យការដឹកជញ្ជូនឈើខុសច្បាប់នោះចេញដំណើរដោយរលូនមិនឲ្យមានការបង្ក្រាបឡើយ។
ប្រភពអះអាងថា កាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក ការដឹកជញ្ជូនឈើប្រណីតរបស់ឈ្មួញ ប៊ុន ថៃ ដោយសារតែផ្ទុកលើសទម្ងន់រថយន្តបានខូចនៅតាមផ្លូវត្រង់ចំណុចខ្សឹមដែរតែមិនមានសមត្ថកិច្ច ឬមន្ត្រីជំនាញទៅត្រួតពិនិត្យទេ ព្រោះមុនពេលដឹកចេញគេបានបញ្ជូនព័ត៌មាន និងលុយ ទៅឲ្យរួចអសើហើយ។
ប្រភពដោយឡែកបានរាយការណ៍ថា ឥឡូវមុខរបកាប់ និងជួញឈើល្មើសច្បាប់របស់ឈ្មួញ ប៊ុន ថៃ ត្រូវបានគេរាយការណ៍ថា ធ្វើសកម្មភាពនៅក្នុងខេត្តមណ្ឌលគីរីវិញម្តងដោយជ្រកក្រោមស្លាកក្រុមហ៊ុនជជុះមួយដែលទទួលបានដីសម្បទានសេដ្ឋកិច្ចឈ្មោះខ្មែរអង្គរកសិកម្ម ដើម្បីធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើនៅភ្នំព្រេជតំបន់ជីវចំរុះកែវ សីមាដើម្បីនាំទៅលក់នៅស្រុកយួន។ជាក់ស្តែងរថយន្តធុនធ្ងន់ដឹកសុក្រំ ឃ្លុម របស់ម្សៀប៊ុន ថៃ បានខូចនៅចំណុចជិតស្ពានឆ្លូងក្នុងឃុំខ្សឹមកាលពីថ្ងៃទី១៩មិថុនា២០១៥ជាភស្តុតាង។មូលហេតុដែលម្សៀ ប៊ុន ថៃ ហ៊ានរកស៊ីឈើល្មើសបែបនេះ គឺមួយផ្នែកដោយសារគាត់មានឧត្តម សេនីយ៍ជាមេដឹកនាំយោធានៅភូមិភាគ២ជាបង្អែក។
កន្លងមកនេះ ឈ្មួញប៊ុន ថៃ បានទិញយកទីតាំងយោធាសឹករងស្រុកអូររាំងឪមកធ្វើកម្មសិទ្ធដោយដេញយោធាស្រុកអូររាំងឪឲ្យទៅនៅកន្លែងផ្សេងបានយ៉ាងស្រួល។
ផ្អែកតាមបទបញ្ជារបស់សម្តេច ហ៊ុន សែន និងសុន្ទរកថា កាលពីពេលមុន ដែលថាជនបំផ្លាញព្រៃឈើ គឺជាជនឧក្រិដ្ឋ ត្រូវនាំទៅកាត់ទោសតាមច្បាប់ ប៉ុន្តែរឿងពិតជាក់ស្តែង មេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ធ្វើសកម្មភាពកាន់តែគគ្រឹកគគ្រេង កាន់តែមានលុយកាក់ច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាង រំភើយ ហើយឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់រាប់រយនាក់ដែលអ្នកខ្លះបានសូកប៉ាន់ក្លាយជាឧកញ៉ាជាបន្តបន្ទាប់ ៕ដោយ៖ណាតូនី