ម្ចាស់​ចិត្ត ច​ន ច័ន្ទ​លក្ខិណា ទម្លាយ​ប្រវត្តិ​ស្នេហ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2015 ក+ ក-

ភ្នំ​ពេ​ញ៖បន្ទាប់ពី​មានការ​រិះគន់​ពី​ក្រុម អ្នកលេង​ហ្វេ​ស​ប៊ុ​ក អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា មិនទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ទេ តប​ទៅនឹង​ការលើកឡើង​ដែល​បាន​ចោទថា​អ្នកនាង​ផិត​ប្ដី ឬ​បាន​បោះបង់​លោក​យុ​ត្ថា​រ៉ា ឆា​នី ព្រោះតែ​បាន​បុរស​សំបូរ​ទ្រព្យ​ដែល​ទើប​បង្ហាញខ្លួន​នៅ​ពីក្រោយ​។

​លោក ហេង ណា​រ័ត្ន ហៅ​ហេង ឡុង ដែល​អ្នកណា​ក៏បាន​ស្គាល់​ថា​ជា​ម្ចាស់​ស្នេហ៍​ថ្មី​របស់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​ចេញមុខ​បញ្ជាក់​ការពិត​លើ​បញ្ហា​នេះ​។ ឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​VOD អ្នក ជំនួញ​វ័យ​៣៧​ឆ្នាំ​រូបនេះ ពោលថា​ទំនាក់ទំនង​របស់លោក និង​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ទើបតែ​បានកើត​ឡើង ក្រោយពី​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​តុលាការ​ចេញ​សាលក្រម​ឲ្យ​លែងលះគ្នា​ប៉ុណ្ណោះ គឺ​មិន​ដូចនឹង​ការលើកឡើង​ដែល​បាន​ចោទថា​អ្នកនាង​ស្គាល់​លោក ឬ​ទាក់ទង​ជាមួយ​លោក តាំងពី​មិនទាន់​បែក​ប្ដី​នោះទេ​។

លោក​បន្តថា​ចំណងទាក់ទង​រវាង​ខ្លួន និង​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា មាន​លោក​យុ​ត្ថា​រ៉ា ឆា​នី ដែល​ក្រោយពី​លែងលះ​បាន​ប្រែ​អារម្មណ៍​ជា​បងប្រុស​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ទទួល​ដឹងឮ​ទៀតផង​។ លោក​ហេង ណា​រ័ត្ន ពោលថា «​ខ្ញុំ​នៅ តែ​មិន​យល់​រឿង​គេ​ថា​ឲ្យ​គាត់​(​ផិត​ប្ដី​)​អី​អស់ហ្នឹង ព្រោះ​ការពិត​ខ្ញុំ និង​គាត់​ស្គាល់គ្នា ក្រោយ​ពួកគាត់​លែង​គ្នា​ឆ្ងាយ​មែនទែន ជាន់​ពេល​គ្នា​តែ​បន្តិច​ក៏​អត់​មាន​ដែរ បើ​ពួក​ខ្ញុំ​ធ្វើ​អញ្ចឹង មិច​ឆា​នី​គាត់​រាប់អាន​ខ្ញុំ​ធ្វើ​អី សួរ​គាត់​មើល គាត់​មានតែ​គាំទ្រ​រវាង​ខ្ញុំ និង​អា​មុំ​(​ច​ន ច័ន្ទ​លក្ខិណា​) ស្រឡាញ់គ្នា​ទៀតផង តារាៗ​ដែល​ដឹង​រឿង​ពួក​ខ្ញុំ ក៏​ធ្វើ​សាក្សី​បានដែរ ថា​ខ្ញុំ​ស្រឡាញ់គ្នា​ពេលណា​!»​។ លោ​កថា​ចំណងទាក់ទង​បណ្ដាល​ឲ្យ​ស្គាល់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា កើតឡើង​នៅពេលដែល​លោក​បើកសម្ពោធ​ក្លិប​រាត្រី​កម្សាន្ត​មួយ​នៅ ភ្នំពេញ ហើយ​បាន​ជ្រើស​ក្រុម​Cambodia Super Model ដែលមាន អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា និង​ឌួង ហ្សូ​រី​ដា គ្រប់គ្រង ឲ្យ​ដើរ​បង្ហាញ​ម៉ូដ​។ លោក​បន្តថា​បន្ទាប់ពី​ការងារ​នោះ លោក និង​អ្នកនាង​ក៏មាន​ឱកាស​ធ្វើការ​រួមគ្នា​បន្តបន្ទាប់ ដោយសារតែ​លោក​មាន​គម្រោង​បើក​ជំនួញ​ថ្មី​បន្តបន្ទាប់ ដែល​ក្នុង​កាលៈទេសៈ​នោះ​ក៏បាន​បណ្ដាល​ឲ្យ​ស្គាល់ចិត្ត​គ្នា​តែម្ដង​។​

​លោក​និយាយថា​«​ខ្ញុំ​សារភាពថា​ខ្ញុំ​ស្គាល់​គាត់​ក្នុងនាម​ជា តារា​ល្បី​យូរហើយ ប៉ុន្តែ​មិនដែល​ទាក់ទង​អី​នឹង​គាត់​ទេ បើតាម​ខ្ញុំ​ចាំ គឺ​ខ្ញុំ​ធ្វើការ​ជាមួយ​គាត់​កាល​បើក​ក្លិប​ហ្នឹង​យ៉ាងហោច​ក៏​កន្លះ ឆ្នាំ​ដែរ បន្ទាប់ពី​គាត់​លែង​គ្នា ហើយ​ទម្រាំ​តែ​ខ្ញុំ​ទទួលបាន​បេះដូង​របស់គាត់ ខ្ញុំ​សុំ​និយាយថា​ពិបាក​ណាស់ មិន​ដូច​គេ​ថា​តារា​សិល្បៈ​ស្រួល​ទាក់ទង ឬ​ស្ត្រី​មេម៉ាយ​ស្រួល​លែបខាយ​នោះទេ ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ច្បាស់លាស់​ជាមួយ​គាត់ ខ្ញុំ​អត់​មាន​លេងសើច​ជាមួយ​គាត់​ទេ​!»​។​

លោក ហេង ណា​រ័ត្ន ឲ្យ​ដឹង​ទៀតថា​ចំណងស្នេហា​មកទល់ពេលនេះ​មិនទាន់​រំលេច​ពិធី​ភ្ជាប់ ពាក្យ ឬ​ស្ដីដណ្ដឹង​ផ្លូវការ​នោះទេ ប៉ុន្តែ​ចាស់ទុំ​សងខាង​សុទ្ធ​បានទទួល​ស្គាល់​ទាំងអស់ ពិសេស​គឺ​គ្រួសារ​ខាង​លោក ដោយ​មិនមាន​អ្នកណា​ជំទាស់ ឬ​រើសអើង​អ្វី​ឡើយ​។ លោ​កថា​លោក​សម្រេចចិត្ត​ធ្វើ​ខួបកំណើត​ឲ្យ​អ្នកនាង កាលពី​ថ្ងៃទី​១៨ មិថុនា មិនមែន​ដើម្បី​ស​ម្ញ៉ែ​ង​មុខមាត់​នោះទេ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា តែប៉ុណ្ណោះ​។ លោក ហេង ណា​រ័ត្ន ពោលថា​«​ខ្ញុំ​និយាយ ដោយ​ត្រង់ តាំងពី​ខ្ញុំ​ស្រឡាញ់​គាត់ ខ្ញុំ​អត់​ដែល​បាន​ឲ្យ​អី​ទៅ​គាត់​ទេ ហើយ​គាត់​ក៏​មិន​ងាយ​ទទួល​ដែរ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​រៀបចំ​ធ្វើ​ខួបកំណើត​ឲ្យ​គាត់ និង​ប្រគល់​របស់​តិចតួច​ហ្នឹង​ឲ្យ​គាត់ ដោយឡែក​ខ្សែក​(​ពេជ្រ​)​អីហ្នឹង ខ្ញុំ​អត់​មានបំណង​បំពាក់​ឲ្យ​គាត់​ទេ ប៉ុន្តែ​មកពី​តារាៗ​យើង​ចេះតែ​រុញ​ពេក ទើប​ខ្ញុំ​ពាក់​ឲ្យ​គាត់​ទៅ មិន​នឹកស្មានថា​ភ្ញៀវ​យើង​គាត់​ថត​បង្ហោះ ហើយ​ធ្វើ​ឲ្យ​ផ្អើល​ដល់​ម្ល៉ឹង​ទេ​!»​។​

​លោក​បន្តថា​លោក​មាន​គម្រោង​រៀបការ​ជាមួយ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ក្នុងពេល​ខាងមុខ ប៉ុន្តែ​មិន​ច្បាស់​ពី​ពេលវេលា​នៅឡើយ​ទេ ដោយសារតែ​មានបំណង​បំពេញ​កិច្ចការ​មុខ​ជំនួញ​ធំ​មួយ​រួមគ្នា ឲ្យ​លេចចេញ​រូបរាង​សិន​។ លោក​និយាយថា​«​ការពិត​ពួក​ខ្ញុំ​រៀប ការ​ពេលណា​ក៏បាន​ដែរ ប៉ុន្តែ​មកពី​ខ្ញុំ និង​គាត់​សុទ្ធតែ​ធ្លាប់​រៀបការ​ហើយ ទើប អត់​ចង់​ភ្ជាប់ពាក្យ ឬ​ប្រញាប់​រៀបការ​អី​ពេក​ទេ ចាំ​មួយឆ្នាំ ឬ​២​ឆ្នាំ​ទៀត​ក៏​មិន​អី​ដែរ សំខាន់​ពេលនេះ គឺ​ពួក​ខ្ញុំ​យល់ចិត្ត​គ្នា​»​។​

​លោក ហេង ណារ​ត្ន័ ប្រាប់ថា​ខ្លួន​មិនមែនជា​ឧកញ៉ា​នោះទេ ប៉ុន្តែ​បាន​សារភាពថា​ក្នុង​ដៃ​របស់លោក គឺមាន​មុខ​ជំនួញ​ច្រើន​ផ្នែក ដែល​សុទ្ធតែជា​ជំនួញ​វ៉ាល់​លាន មិន​អន់​ជាង​ឧកញ៉ា​នោះទេ​។ លោក​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ភាគច្រើន​របស់លោក គឺមាន​ភាគហ៊ុន​ពី​ក្រុម​អ្នកវិនិយោគទុន​អាមេរិក សិង្ហ​បុរី ជប៉ុន មី​យ៉ាន់​ម៉ា និង​នៅ​អឺរ៉ុប​ជាដើម ដែលជា​ដៃគូ​មុខ​ជំនួញ​។ បុរស​ពោះម៉ាយ​កូន​មួយ​រូបនេះ​និយាយថា​«​មុខ​ជំនួញ​របស់ខ្ញុំ​មាន ច្រើន ក្រៅពី​រកស៊ី​ខ្ញុំ​ក៏​ជាម​ន្ត្រី​នៅក្នុង​ក្រសួង​មួយ​ផងដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បង្ហើប​ពី​រឿងនេះ​ច្រើន​ទេ សុំ​ឲ្យ​គេ​ដឹង​ត្រឹម​ថា​ខ្ញុំ​ជាម​នុស្ស​សាមញ្ញ​ធម្មតាៗ​ទៅបាន​ហើយ !»​។ លោក​ប្រាប់ថា​ខ្លួន​ជា​អគ្គនាយក​ក្រុមហ៊ុន​JHJ Investment ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ផលិតផល​ម្រេច​ខ្មែរ​ធំ​មួយ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស និង​ជា​ម្ចាស់​ក្រុមហ៊ុន​នាំចូល​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិនទាន់​រាប់បញ្ចូល​មុខ​ជំនួញ​ជាច្រើន​មុខ​ផ្សេងទៀត​។ លោក​អះអាងថា​មុខ​ជំនួញ​ដែល​ខ្លួន​ក្ដោប​ក្ដាប់​សុទ្ធតែ​ប្រើ​ដើម ទុន​រាប់សែន​រាប់លាន​ដុល្លារ​។ ប៉ុន្តែ​លោក​ថា​ចំណុច​ទាំងនោះ​មិនមែនជា​អ្វីដែល​លោក​យកបាន​បេះ ដូង​របស់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​នោះទេ​។​

​គួររំឭកថា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​បានសម្រេច​សាលក្រម​លែងលះ​ជា​ផ្លូវការ​រវាង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក យុ​ត្ថា​រ៉ា ឆា​នី​។ អ្នក​ទាំងពីរ​បាន​បន្សល់​ទុក​កូនស្រី​មួយ ក្រោយពី​បាន​រៀបការ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​៕(ប្រភព៖វ៉េអូដេ)

hgbvcmwdswsazqប្រភពរូបថត៖ហ្វេសប៊ុក