ខេត្តក្រចេះ ៖ក្នុងចំណោមឈ្មួញឈើខុសច្បាប់ក្នុងខេត្តនេះ លោក ហ៊ួត ប៊ុនគីម ក៏ជាជនដ៏សកម្មម្នាក់ក្នុងមុខរបរជំនួញឈើប្រណីតខុសច្បាប់ប្រចាំខេត្តពីរ គឺខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដោយប្រើ ប្រាស់ឥទ្ធិពលរបស់ខ្លួនជាមេបញ្ជាការវរការពារព្រំដែនដើម្បីរារាំងសមត្ថកិច្ចជំនាញគ្រប់ផ្នែក។នេះ បើយោងតាមការបញ្ជាក់របស់មន្ត្រី មូលដ្ឋាននៅស្រុកស្នួល។
តាមសេចក្តីរាយការណ៍ពីខេត្តក្រចេះ បានបញ្ជាក់ថា លោក ហ៊ួត ប៊ុនគីមគឺ ជាមេបញ្ជាការ កងអនុសេនាធំលេខ៣ ចំណុះឲ្យវរៈការពារព្រំដែន២០៤ ប្រចាំស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។ក្រៅពីតួនាទីជាសមត្តកិច្ចយោធាដែលមាន សក្តិតូចតាច តែអ្វីដែលលោកអនុសេនីយ៍ ហ៊ួត ប៊ុនគីម មានអំណាចនោះគឺគាត់ជាឈ្មួញឈើប្រណីតដ៏ធំម្នាក់នៅក្នុង អាណាចក្រខេត្តក្រចេះ និងមណ្ឌលគីរី។
ប្រភពបន្តថា ឈ្មោះ ហ៊ួត ប៊ុនគីម បានរួមគំនិតជាមួយឈ្មោះ ជាប់ សារឿន ជាយោធាយោធភូមិភាគទី២ ដែលគេដឹងថា ជាកូនចៅរបស់បុរសម្នាក់មានរហស្សនាមថា តា០៧០ ជានាយទាហានជាន់ខ្ពស់នៅតំបន់នោះ នាំឈើប្រណីតចេញទៅស្រុកយួន យ៉ាងសកម្ម និងល្បីល្បាញ ព្រោះមិនដែលមាននរណាហ៊ានក្អកជាមួយទេ យ៉ាងច្រើនស្កាត់ទៅសុំលុយចាក់សាំងប៉ុណ្ណោះ។
ប្រភពបន្តទៀតថា ហ៊ួត ប៊ុនគីម បានចាត់តាំងឲ្យសាច់ញាតិរបស់ខ្លួនចេញមុខប្រមូលទិញឈើ ដើម្បីដឹកចេញទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង មិនដែលខ្វល់ខ្វាយពីបទបញ្ជារបស់ថ្នាក់លើក្នុងការបង្ក្រាបបទល្មើសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នោះឡើយ។សូម្បីតែមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងនគរបាលការពារ ព្រំដែនតាមវរៈនានា ឬសមត្ថកិច្ចក៏មិនដែលហ៊ានហើបមាត់អ្វីទាំងអស់ ព្រោះក្រៅពីអាងបក្ខពួកលោក ហ៊ត ប៊ុនគីម បានបែងចែកផលប្រយោជន៍ជាប់ជាប្រចាំដើម្បីកុំឲ្យរំខានដល់ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំរបស់គាត់ជាពិសេស គឺលោក គង់ គឹមនី អភិបាលស្រុកស្នួលតែម្តង។
សេចក្តីរាយការណ៍មួយពីមន្ត្រីជំនាញបានឲ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃទី ២៩ខែមិថុនា២០១៥ រហូតមកដល់ល្ងាចថ្ងៃទី០១កកដ្ដា ២០១៥ គេឃើញមានរថយន្ដយួនខ្នាតធំ២មិនតិចជាង៦០គ្រឿងនោះទេ ចូលមកទឹកដីខ្មែ ដោយខុសច្បាប់តាមច្រករបៀង ងាំ៦២ ក្នុងភូមិត្រពាំងក្រញូង ឃុំពីរធ្នូ ស្រុកស្នូលខេត្តក្រចេះ ដែលជាទីតាំងឈរជើងត្រួតត្រាដោយឈ្មោះ ហ៊ួត ប៊ុន គីម យ៉ាងគគ្រឹកគគ្រេង។
មន្រីរូបនោះបានបន្តថា ក្បួនរថយន្ដទាំងនោះបានដឹកឈើចេញនៅយប់ ថ្ងៃទី១ និងទី២កក្កដា២០១៥ កន្លងមកនេះ ដោយដឹកចេញពីតំបន់ព្រៃកាពារ និងអភិរក្សជីវចម្រុះសីមា។ប៉ុន្តែដោយសារបែកការណ៍ដល់បណ្តាញផ្សព្ធផ្សាយព័ត៌មាន ទើបលោក មាឃ វុទ្ធី ប្រធានអភិរក្សចំរុះកែវសីមា ប្រាប់ឲ្យរថយន្តប្រមាណ៤០គ្រឿងនោះបកចូលទៅស្រុកយួនវិញព្រោះគ្មានចំណាត់ការថ្មីពីលោក ហ៊ួត ប៊ុនគីម ។ មិនដឹងថាលោក សរ ចំរ៉ុង ចៅហ្វាយខេត្តក្រចេះជ្រាបករណីនេះដែរឬអត់នោះទេ?។ ។គេមិនដឹងថាតើឈ្មោះហ៊ួតប៊ុនគីមនេះអាងស្អីទេដែលហ៊ានបើកដៃឲ្យឡានយួនចូលស្រុកខ្មែរមកដឹកឈើដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រងបែបនេះ ?។
មន្ត្រីមូលដ្ឋានមួយរូបបានរំលឹកពីហេតុការណ៍ថា កាលពីវេលាម៉ោង៩ និង១៩នាទីយប់ ថ្ងៃទី៣០ មិថុនា ២០១៥ កន្លងមកនេះនៅចំណុចមុខក្រុមហ៊ុនប៊ិញហ្វឿក១របស់ឧកញ៉ាម្នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ស្រុកស្នួល ខេត្តក្រចេះមានហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងយោធាវរៈ១ ខេត្តមណ្ឌលគិរី និងយោធាវរៈ២០៤ ខេត្តក្រចេះ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលមានការប៉ះទង្គិចគ្នារវាងយោធាទាំង២ក្រុមនេះកើតឡើង ក្រុមយោធាវរៈ១ ខេត្តមណ្ឌលគិរី បានចាប់ឡានដឹកឈើ១គ្រឿង រួមជាមួយជនជាតិវៀតណាម៤នាក់ នៅចំណុចមុខក្រុមហ៊ុនប៊ិញហ្វឿក១ ហើយក៏ត្រូវបានយោធាកងអនុសេនាធំលេខ៣ ចំណុះឱ្យយោធាវរៈ២០៤ខេត្តក្រចេះ ប្រដាប់ដោយអាវុធវែងខ្លីមកភ្ជង់រំដោះទាំងឡានដឹកឈើ ទាំងជនជាតិវៀតណាម៤នាក់យកទៅបាត់ ។
តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះគឺជាករណីជួញដូរឈើខុសច្បាប់ ដែលមានមេឈ្មួញធំៗនៅតំបន់កាបី ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បានធ្វើការដឹកជញ្ជូនឈើពីចំណុចក្រុមប៊ិញភ្វឿក១ ក្នុងស្រុកកែវសីមា ចេញតាមច្រកផ្លូវ TTV ឆ្ពោះទៅព្រំដែនវៀតណាម ដើម្បីលក់ចេញឲ្យថៅកែធំ ។
ក្រៅពីជាទាហាន និងជាថៅកែឈើដ៏ល្បីឈ្មោះប្រចាំតំបន់ព្រំប្រទល់ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ លោក ហ៊ួត ប៊ុនគីម ក៏មានបើកសង្វៀនបញ្ជល់មាន់មួយកន្លែងដ៏ធំស៊ីសងលុយមួយគូៗ រាប់សិបលានរៀល នៅក្នុងចម្ការកៅស៊ូក្រោយផ្ទះរបស់ខ្លួន ជិតផ្សារកាបីទៀតផង ។
លោក ហ៊ួត ប៊ុនគីម មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការរិះគន់ដូចខាងលើបានទេ ចំណែកលោក គង់ គឹមនី អភិបាលស្រុកស្នួល និងលោក មាឃ វុទ្ធី ប្រធានអភិរក្សចំរុះកែវសីមា ក៏មិនអាចសុំការបកស្រាយបានដែរ កាលពីព្រឹកថ្ងៃទី២ កក្កដា ឆ្នាំ២០១៥ កន្លងមកនេះ ។
ប្រជាពលរដ្ឋបានរិះគន់ថា មិនដឹងជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសលោក គង់ គឹមនី អភិបាលស្រុកស្នួល ទទួលបានផលប្រយោជន៍ ដែលលោក ហ៊ួត ប៊ុនគីម បន្តក់ឲ្យក្នុងមួយខែៗ ប៉ុន្មាន នោះទេ ទើបអាចរក្សាភាពស្ងៀមស្ងាត់ បិទភ្នែកបិទត្រចៀក ទុកឲ្យលោក ហ៊ួត ប៊ុនគីម និង ឈ្មោះ ជាប់ សារឿន ធ្វើអ្វីៗតាមតែទំនើងចិត្ត មិនដែលគិតគូរពីការបទបញ្ជាទប់ស្កាត់បទល្មើសព្រៃឈើរបស់ប្រមុខរាជ រដ្ឋាភិបាលដែលចាត់ទុកថាជាបទឧក្រិដ្ឋនោះឡើយ៕ដោយ៖ណាតូនី