ចិន ៖ កាលពីថ្ងៃពុធម្សិលមិញទូរទស្សន៍របស់រដ្ឋក្នុងប្រទេសចិនបានចាក់ផ្សាយវីដេអូបង្ហាញពីរូបរាងនាវាផ្ទុកយន្តហោះចម្បាំងថ្មីសន្លាងរបស់ចិនដែលត្រូវបានផលិតនៅក្នុងស្រុកផ្ទាល់ជាលើកដំបូងមានឈ្មោះថា សានទុង (Shandong) ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃអង្គារក្រោមការត្រួតពិនិត្យរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jingping)។
ពិធីប្រគល់នាវាផ្ទុកយន្តហោះចម្បាំងនេះទៅឲ្យកងទ័ពជើងទឹកចិនត្រូវបានធ្វើឡើងនៅឯមូលដ្ឋានកងទ័ពជើងទឹក សាន់យ៉ា (Sanya) ក្នុងភាគខាងត្បូងកោះ ហៃណាន (Hainan) ក្បែរប្រជុំកោះកំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
កម្មវិធីនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិនមិនសូវផ្សព្វផ្សាយទូលំទូលាយទេដោយសារជាកិច្ចការសម្ងាត់របស់រដ្ឋប៉ុន្តែរដ្ឋាភិបាលបានប្រកាសថានាវាផ្ទុកយន្តហោះចម្បាំង សានទុង (Sandong) ត្រូវបានផលិតឡើងដោយយកតាមគំរូនាវាផ្ទុកយន្តហោះចម្បាំងទី១របស់ចិនឈ្មោះ ឡាវនីង (Liaoning) ដែលបានទិញពីអ៊ុយក្រែនកាលពីឆ្នាំ១៩៩៨។
តាមរយៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងបន្ថែមទៀតនេះ ចិនបានបង្ហាញពីមហិច្ឆតាធ្វើទំនើបកម្មយោធានៅក្នុងបរិបទដែលកំពុងមានភាពតានតឹងជាមួយកោះតៃវ៉ាន់, អាមេរិក ព្រមទាំងជម្លោះជាមួយប្រទេសក្នុងតំបន់អាស៊ីនៅសមុទ្រចិនខាងត្បូង៕