ប៉ូលីស​ស្វែងរក​ចាប់ ​ឧកញ៉ា សុខ ប៊ុន តាម​បណ្តឹង​ប្រើ​អំពើហិង្សា​ធ្ងន់ ធ្ងរ​លើ​កញ្ញា​ សា​សា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2015 ក+ ក-

​ភ្នំពេញ​៖ តុលាការ​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​នេះ បានចេញ​ដីកា​បញ្ជា​ឲ្យ​នគរបាល​នាំខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន ចូល​ឆ្លើយបំភ្លឺ​ទាក់ទង​ករណី​ប្រើ​អំពើហិង្សា​លើក​ញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​ថ្ងៃទី​២​កក្កដា​កន្លងមកនេះ​។

​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ​បានចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ ក្រសួងមហាផ្ទៃ​នាំខ្លួន​ឧកញ៉ា សុខ ប៊ុន ចូលទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​ស្ត្រីភេទ​គឺ​កញ្ញា សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ី​ធី​អិន​។

​ប្រភពព័ត៌មាន​ពី​តុលាការ​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួមទាំង​អង្គរក្ស​ម្នាក់​បាន​រង​បណ្តឹង​ចោទថា ព្រួត​គ្នា​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅលើ​កញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ក្លឹប ឡា​ហ្គេ​ន​បា ស្ថិតនៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​មាន​រយៈពេល​ជាង​១​នាទី​ដែល​ទើប​បែកធ្លាយ​ហើយ​ត្រូវគេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​មួយ ដែល​បង្កឡើង​ពី​សំណាក់​បុរស​ម្នាក់ ដោយ​ចាប់​បោច​ទាញ​សក់ កញ្ញា​សា​សា អូស​ចេញ​ពីលើ​សា​ឡុង និង​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​យ៉ាង​កម្រោល​លើ​រូបនាង​ដែលជា ស្ត្រីភេទ​ទន់ខ្សោយ ដោយ​គ្មាន​តបត​វិញ​សោះឡើយ​។ ក្នុង​រូបភាព​នោះ ក៏​ឃើញ​មាន​បុរស​ម្នាក់ទៀត​ដែល​គេ​ដឹងថា​ជា​អង្គរក្ស​ផ្ទាល់ខ្លួន​(​លោក​សុខ ប៊ុន​)​បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ក្នុង​ហេតុការណ៍​នោះ​ទៀតផង​។ ប៉ុន្តែ​សំណាងល្អ​ដែល​មិនបាន​ផ្ទុះអាវុធ​បង្ក​គ្រោះថ្នាក់​ធំដុំ​ដល់ កញ្ញា​សា​សា ដែលជា​ជនរងគ្រោះ​។​

​កញ្ញា​សា​សា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នាង​មិន​ស្គាល់​បុរស​ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​នោះទេ ហើយ​នៅមុន​ពេល​កើតហេតុ​នាង​បាន​អង្គុយលេង​ធម្មតា ហើយ​មិត្ត​ភ័ក្តិ​របស់​នាង​ស្រវឹង (​ថៅកែ​ហាង ដែលជា​ជនជាតិ​ជប៉ុន​) បាន​អង្វរ​ឲ្យ​នាង​នៅ​អង្គុយ​កំដរ​។ នាង​បន្តថា ពេលនោះ ភ្ញៀវ​ក៏បាន​ចេញពី​ក្នុង​ហាង​អស់ហើយ ប៉ុន្តែ​ស្រាប់​តែមាន​បុរស​ពីរ​នាក់ ដែលជា​ភ្ញៀវ​ដែរ​បាន​ត្រឡប់មក​ក្នុង​ហាង​វិញ ដោយបាន​ចាប់​អូស​មិត្ត​ភ័ក្តិ​របស់​នាង​ម្នាក់​ទាំង​បង្ខំ​ដើម្បី​យក​ចេញទៅ​ក្រៅ រហូត​មិត្ត​ភ័ក្តិ​នាង​ស្រែកយំ និង​បាន​ស្រែក​ឲ្យ​ន​សង​ជួយ ។​នាង​បន្តថា នាង​ក៏បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិ​នាង តែ​ត្រូវ​អង្គរក្ស​របស់​បុរស​ម្នាក់​នោះ បាន​ស្រែកជេរ​ម្រា​យ​នាង កុំ​ឲ្យ​ចេះដឹង (​កុំ​ចេះ ចង់​ងាប់​ហេះ​) ដោយមាន​កាំភ្លើង​កាន់​នៅ​ដៃ​ផង​។ បន្ទាប់មក នាង​បាន​ប្រាប់​បុរស​នោះ​កុំ​ឲ្យ​ជេរ​ម្តាយ​របស់​នាង​ទៀត ស្រាប់តែ​បុរស​រូបនោះ (​ឧកញ៉ា សុខ ប៊ុន​) ស្ទុះ​មក​វ៉ៃ​នាង​តែម្តង​។​

កញ្ញា​សា​សា បាន​បញ្ជាក់ថា ការប្រើ​អំពើហិង្សា​មកលើ​កញ្ញា គឺ​ដូចជា​នៅក្នុង​វីដេអូ​ឃ្លី​ប អីចឹង បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ក្នុង​ដៃ ដោយ​ភ្ជង់​ក្បាល និង​បាន​យក​ជើង​ជាន់​ក្បាល​ខ្ទប់​នៅ​នឹង​ឥដ្ឋ និង​មាន​អា​ម៉េ​បាញ់​ដែរ តែ​គ្រាប់​ស្អុយ​។​

កញ្ញា​សា​សា បាន​គូសបញ្ជាក់ថា វ៉ៃ​ខ្ញុំ​អូស​រហូតដល់​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិនតិចជាង ៥​នាទី​ទេ​។ ទាត់​ខ្ញុំ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នករត់​តុ​ជួយ​។ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់បាត់​ហើយ​។​អ្នករត់​តុ​គាត់​ជួយ​ឃាត់​។​ខ្ញុំ បានដាក់​ពាក្យបណ្តឹង​អស់ហើយ​។​

​លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ភ្លាម សមត្ថកិច្ច​កំពុងតែ​ធ្វើ​កិច្ចការងារ​នេះ យ៉ាង​ដុតដៃដុតជើង តាមរក​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន ជា​ជនដៃដល់ ដែល​ជាប់​ក្នុង​បណ្តឹង​ប្រើ​អំពើហិង្សា​វាយដំ​លើ និង​គំរាម​ដោយ​អាវុធ​៕ ដោយ​៖​រដ្ឋា​

mkjnm

 

asdf

oplk

xcvb