រុស្ស៊ី ៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានចែករំលែកព័ត៌មានសម្ងាត់ទាន់ពេលវេលាក្នុងការទប់ស្កាត់មិនឱ្យក្រុមភេរវក វាយប្រហាររុស្ស៊ី បានឡើយ។ នេះបើតាមការប្រកាសរបស់វិមានគ្រឹមឡាំង ក្រោយកិច្ចសន្ទនារវាងប្រធានាធិបតីទាំងពីរតាមទូរសព្ទ កាលពីចុងសប្តាហ៍កន្លងទៅ។
ទោះជាយ៉ាងណា វិមានគ្រឹមឡាំងមិនបានបញ្ជាក់លម្អិតបន្ថែមជុំវិញកិច្ចពិភាក្សានេះឡើយ ដោយគ្រាន់តែលើកឡើងថា មេដឹកនាំទាំងពីរ បាននិយាយគ្នាអំពីបញ្ហាផលប្រយោជន៍គ្នាទៅវិញទៅមក និងព្រមព្រៀងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
បើតាមសេវាសន្តិសុខសហព័ន្ធនៃប្រទេសរុស្ស៊ី បានបញ្ជាក់ឱ្យដឹងថា ព័ត៌មានដែលផ្តល់ឱ្យដោយភាគីអាមេរិក បាននាំដល់ការឃាត់ខ្លួន ពលរដ្ឋរុស្ស៊ី២នាក់ ដែលមានគម្រោងវាយប្រហារភេរវកម្មនៅទីកន្លែងសាធារណៈ ក្នុងក្រុង St. Petersburg នាអំឡុងចូលឆ្នាំសកលខាងមុខ៕