ខេត្តរតនគិរី៖ កុមារាអាយុ៣ឆ្នាម្នាក់ បានលង់ទឹកស្រះមានជម្រៅប្រហែល ២ម៉ែត្រ ខាងក្រោយផ្ទះស្លាប់ កាលពីវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិបីឆ្កែហត់ ឃុំត្រញាំងក្រហម ស្រុកកូនមុំ ខេត្ដរតនគិរី។
លោក ផាន់ តិក អធិការរងស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា កុមាររងគ្រោះឈ្មោះ រំ ប៉ាវ ភេទប្រុស អាយុ៣ឆ្នាំ មានឪពុកឈ្មោះ កន ភារម្យ អាយុ២២ឆ្នាំ និងម្តាយឈ្មោះ ម៉ន ចន្ថា អាយុ២៤ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ ជាគ្រួសារកសិករ។
បុរសជាឪពុកកុមាររងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងប្រពន្ធ កំពុងធ្វើការនៅក្នុងផ្ទះហើយកូនប្រុសតូចរបស់គាត់ក៏នៅលេងក្បែរនោះដែរ ។មួយសន្ទុះក្រោយមក ស្រាប់តែបាត់កូនដោយមិនបានចាប់អារម្មណ៍ថាកូនបានដើរទៅស្រះក្រោយផ្ទះនោះទេ។ ឪពុកកុមាររងគ្រោះបន្តថា ពួកគាត់បានរកកូនក្នុងផ្ទះមិនឃើញ ក៏បានដើរទៅមើលនៅក្រោយផ្ទះ ស្រាប់តែឃើញកូនអណ្តែតទឹកក្នុងស្រះស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងដល់សមត្ថកិច្ចចុះមកពិនិត្យខ្លាចក្រែងជាអំពើឃាតកម្ម៕ដោយ៖ឡុង សារ៉េត