​ឧកញ៉ា ​សុខ ប៊ុន ប្រកាស​លាឈប់​ពី​ងារ​ជា​ឧកញ៉ា និង​សងលុយ នាង ​សា​សា ១០​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2015 ក+ ក-

​ភ្នំពេញ​៖ លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើហិង្សា វាយ​ទាត់​ធាក់ លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា ឯក សុជាតា ហៅ សា​សា បានប្រកាស​លាលែង​ពី​ប្រធាន​សមាគម ប្រធាន​ក្រុមហ៊ុន លាឈប់​ពី​ងារ​ជា​ឧកញ៉ា និង​សង​ប្រាក់ ១០ ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល​សុខភាព​របស់​កញ្ញា សា​សា​។​

សេចក្តីបំភ្លឺ​ជូន​សាធារណជន​របស់លោក សុខ ប៊ុន ដែល​មេធាវី យិន សុក បាន​បោះត្រា ស៊ី​ញ៉េ ទទួលស្គាល់ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ បង្ហាញថា លោក សុខ ប៊ុន ប្រកាស​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ លាឈប់​ពី​ប្រធាន​ក្រុមហ៊ុន TEHO-SBG Development Co., Ltd. និង​លាឈប់​ពី​ងារ​ជា​ឧកញ៉ា​។ ក្នុងនោះ លោក សុខ ប៊ុន ក៏​សុខភាព​ផ្តល់​លុយ ១០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល​សុខភាព​របស់​កញ្ញា សា​សា ផងដែរ​។​

​គួររំលឹកថា អតីត​ពិធី​ការិនី​CTN នាង ឯក សុជាតា ហៅ​សា​សា ដែល​រង​ការវាយដំ​ពី​ឧកញ៉ា​សុខ ប៊ុន បាន​ត្រឡប់​មកពី​ពិនិត្យ​ភ្នែក និង​មើល​ស្នាមរបួស​ពី​ប្រទេស​ថៃ​វិញ​ហើយ កាលពី​ថ្ងៃទី​១៣ កក្កដា វេលា​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​នាង​ប្រកាសថា​ចង់បាន​សំណង​ជំងឺ​ចិត្ត​រហូតដល់​៥​លាន​ដុល្លារ និង​បានប្រកាសថា​បើទោះជា​ខាង​តុលាការ​សម្រេច​នាង​បាន​សំណង ប៉ុន្មាន​ក៏ដោយ ក៏​នឹង​ប្រគល់​៥០​ភាគរយ​ដាច់ខាត ជួយ​ដល់​សង្គម និង​មូលនិធិ​ស្ត្រី​រងគ្រោះ​។​

​ការប្រើ​ហិង្សា​មកលើ​កញ្ញា​សា​សាបាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​១​ឈាន ចូល​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ប៉ុន្តែ​សា​សា​អះ​អះអាង​មកពី​ការដាក់​ពាក្យបណ្ដឹង​មិន​ទទួលបាន ប្រតិកម្ម​តប​តាម​ការចង់បាន ទើប​នាំ​ឲ្យ​មានការ​បង្ហោះ​ជា​វីដេអូ​ឃ្លី​ប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែម្ដង​។​

​នាង សា​សា បានផ្តល់​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ​ថា ស្ថាន​នភា​ព​មុខរបួស​របស់​នាង​មិនមាន​បញ្ហា​ស្នាក​ស្នាម​លើ​ផ្ទៃមុខ និង​ជាំ​រង្វង់​ភ្នែក​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​អ្វីដែល​នៅជាប​ញ្ហា​ចោទ គឺ​នៅ​ស្រវាំងភ្នែក និង​ហឹ​ង​ត្រចៀក​នៅឡើយ​។

នាង​គ្រោង​ទៅ​ជួប​ក្រុមគ្រូពេទ្យ​ថៃ​ជាថ្មី​ម្ដងទៀត​ក្នុងពេល​ដ៏​ខ្លី ប្រសិនបើ​ស្ថានភាព​នេះ​នៅមាន​បញ្ហា​។ អតីត​តារា​រូបនេះ​និយាយថា​«​អ្នកខ្លះ​ថា​ខ្ញុំ​ទៅ​ព្យាបាល​នៅ សិង្ហ​បុរី និង​ខ្លះ​ថា​ខ្ញុំ​នៅ​ចរចា​ជាសម្ងាត់​ជាមួយ​ម្នាក់​ហ្នឹង​(​ឧកញ៉ា​សុខ ប៊ុន​) ប៉ុន្តែ​ខ្ញុំ​ទៅ​បាងកក​ទេ ហើយ​ខ្ញុំ​សូមជម្រាបថា​អត់​មានអី​ជាសម្ងាត់​ទេ ទោះជា​គាត់​ត្រូវ​បង់​សំណង​ឲ្យ​ខ្ញុំ ក៏​មិនអាច​គេច​ផុតពី​ទោស​ព្រហ្ម​ណ្ឌ​បានដែរ »​។

​យោងតាម​លិខិត​ដដែល លោក សុខ ប៊ុន បានស្នើ​សុំចូល​រួម​ជា​វិភាគទាន​ជួយ​ព្យាបាល​ដល់​កញ្ញា​សា​សា​ចំនួន​១ ០​ម៉ឺន​ដុល្លារ និង​បាន​ស្នើសុំ​ការយោគយល់​ឈប់​ប្រកាន់ និង​មិន​សងសឹក​ពី​ក្រុមគ្រួសារ​របស់​កញ្ញា​សា​សា​។ លិខិត​បញ្ជាក់ថា​៖«​ខ្ញុំ បាទ​សូម​ចូលរួម​វិភាគទាន​ដើម្បី​ព្យាបាល​សុខភាព និង​ដោះស្រាយ​ជីវភាព ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ជូន​ចំពោះ​កញ្ញា​សា​សា ទោះបី​ច្បាប់​កំណត់​ត្រឹម​៦​លាន​ទៅ​១០​លាន​រៀល​ក្តី​។ ខ្ញុំ​សូម​ការយោគយល់ ការឈប់​ចោទប្រកាន់​គ្នា និង​ការមិន​សងសឹក​គ្នា​ពី​កញ្ញា​សា​សា និង​ក្រុមគ្រួសារ​»​។​

​លោក សុខ ប៊ុន ក៏បាន​ប្រកាស​សុំ​អធ្យាស្រ័យ​ពី​ស្ថាប័ន​តុលាការ ដើម្បី​ទុកពេល​ឲ្យ​លោក​ព្យាបាល​ជំងឺស្ត្រេស ដែល​លោ​អះអាងថា​លោក​មាន​ជំងឺ​នេះ​ធ្ងន់ធ្ងរ និង​ទុក​រាល់​ការងារ​នីតិវិធី​ច្បាប់​ជូន​មេធាវី​របស់លោក​។ លោក​ក៏​អំពាវនាវ​ឲ្យ​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិនិត្យ​ករណីនេះ​ដោយ​ប្រុងប្រយ័ត្ន និង​ផ្សះផ្សារ​ដោយស្មោះ​ត្រង់​ចំពោះ​គូ​ជម្លោះ​ទាំងពីរ​។​

​ជុំវិញ​លិខិត​បំភ្លឺ​ជូន​សាធារណជន​របស់លោក សុខ ប៊ុន នៅថ្ងៃនេះ មិនទាន់មាន​អត្ថាធិប្បាយ​បែបណា​ពី​ពិធី​ការិនី សា​សា នៅឡើយ​ទេ​។

ក្រៅពីជាប់បណ្តឹងជាមួយនាងសាសា ឧកញ៉ា សុខ ប៊ុន បានរងនូវបណ្តឹងមួយទៀត ដែលក្រសួងមហាផ្ទៃ​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃទី​១៤​កក្កដា​នេះ​ថា លោក​ឧកញ៉ា  សុខ ប៊ុន បាន​រង​នូវ​បណ្តឹង​មួយ​ផ្សេងទៀត​ពី​ស្ត្រី​ជនជាតិ​ជប៉ុន​ជា​ថៅកែ​ហាង​ដែលជា​មិត្តភក្តិ​កញ្ញា ឯក សុជាតា ហៅ សា​សា ពីបទ​រំលោភ​សេពសន្ថវៈ​។​

​ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​ជប៉ុន​រូបនេះ ធ្លាប់​ត្រូវបាន​លោក​ឧកញ៉ា​ស្រវឹង​ចាប់​យកទៅ​រំលោភ​ធ្វើបាប​ម្តង​រួចមកហើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មិនអាច ទាក់ទង​ពី​ឧកញ៉ា​សុខ ប៊ុន បានទេ​ដោយ​ទូរស័ព្ទ ត្រូវបាន​បិទ​៕​ដោយ​៖រដ្ឋា​

bnmjfc