សម្តេចតេជោ អះអាងថា នឹងបន្តជួយទេសចរលើនាវា Westerdam រហូតទីបំផុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2020 ក+ ក-

 

ភ្នំពេញ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជានឹងបន្តជួយឲ្យអ្នកទេសចរដែលស្ថិតនៅលើនាវា Westerdam ទាំងអស់អាចវិលទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញរហូតដល់ទីបញ្ចប់។    សម្តេចតេជោចាត់ទុកការមិនអនុញ្ញាតឲ្យនាវាទេសចរចូលចតគឺជាវិបត្តិ មនុស្សធម៌ដ៏ធំមួយសម្រាប់ពិភពលោក។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកម៉ិញ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា កំពុងសហការយ៉ាងជិតស្និតជាមួយមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោក ពិនិត្យយ៉ាងម៉ត់ចត់ តាមរយៈយកសំណាករបស់ទេសចរនៅលើនាវាដែលនៅសេសសល់ចំនួន២៣៣នាក់ និងនាវិកជាង៧០០នាក់ មកធ្វើការពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុននឹងអនុញ្ញាតឲ្យពួកគាត់ចុះពីនាវា និងបន្តធ្វើដំណើរទៅកាន់ប្រទេសកំណើតខ្លួនវិញ។ សម្តេចតេជោ បន្ថែមថា កម្ពុជា នឹងជួយអ្នកទេសចរលើនាវាឲ្យបានវិលត្រលប់ទៅស្រុកទេសរបស់ខ្លួនវិញ រហូតដល់ទីបំផុត។ ការមិនទាន់បញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតបានគ្រប់ ចំនួនទាំងអស់ មិនមែនដោយសារពួកគាត់មានវិរុសCOVID-19 ទេ តែដោយ សាររង់ចាំការទិញសំបុត្រយន្តហោះពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួនប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការមិនទទួលយកនាវា ទេសចរខ្នាតយក្ស Westerdam គឺជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយ។

គួរជម្រាបដែរថា អ្នកទេសចរចំនួន៥០០នាក់ ដែលបានមកដល់ និងស្នាក់នៅ រាជធានីភ្នំពេញ ក្រោយចុះពីនាវាខ្នាតយក្សនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឌូបៃចំនួន៣០០នាក់ មួយចំនួនទៀតធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ នឹងមួយចំនួនទៀតនឹងហោះទៅកាន់ប្រទេសណាមួយនៅក្នុង តំបន់អាស៊ាន ដែលព្រមទទួលឲ្យពួកគាត់ Transit។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើទៅអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតចំពោះករណីស្ត្រីអាមេរិកាំងម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា ដែលអាជ្ញាធរម៉ាឡេស៊ីបានរកឃើញ ត្បិតស្វាមីរបស់គាត់មិនមានផ្ទុកវីរុសនេះទេ។

សម្តេចបញ្ជាក់បន្ថែមថា វីរុសកូរ៉ូណានេះ បាននឹងកំពុងវាយប្រហារសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ពិសេសលើវិស័យទេសចរណ៏ និងវិស័យដឹកជញ្ជូន។ ទេសចរ ចិន រាប់លាននាក់ បានផ្អាកការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសផ្សេង ចំណែកឯទេសចរពីអឺរ៉ុប មិនហ៊ានធ្វើដំណើរមកកាន់អាស៊ី ដោយសារខ្លាចវីរុសកូរ៉ូណា។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ កុម្ភៈថា  អាជ្ញាធរកម្ពុជា កំពុងយកសំណាករបស់អ្នកទេសចរចំនួន២៣៣នាក់ដែលកំពុងនៅលើនាវា មកធ្វើការពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ បើសិនលទ្ធផលបង្ហាញថា អវិជ្ជមានអ្នកទេសចរទាំងនោះ នឹងត្រូវអនុញ្ញាតចាកចេញពីនាវា ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ខ្លួនវិញ៕