ព្រៃវែង៖ បឹងក្រចាប់ ស្ថិតក្នុងឃុំកំពង់សឹង ស្រុកព្រះស្តេច ជាបឹងដ៏ធំមួយដែលមានអាយុរាប់រយឆ្នាំមកហើយនោះ ត្រូវបានក្រុមហ៊ុនរបស់លោក អ៊ឹង ស៊ុយគឹមលី ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតា ដែលធ្វើឲ្យប៉ះពាល់ប្រភពទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់សឹង បានធ្វើការចោទប្រកាន់មេឈ្មួញ ម្នាក់ឈ្មោះ ស៊ុយ គឹមលី ដែលជាប្រធានក្រុមហ៊ុន អ៊ឹង ស៊ុយគឹមលី ឌីវេឡុបមេន អ៊ីមផត អិចផតថា បានចាក់ដី រំលោភយកផ្ទៃបឹងសាធារណៈ មួយឈ្មោះបឹងក្រចាប់ ស្ថិតក្នុងភូមិ ក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច។
បឹងនោះជាបឹងធម្មជាតិ ដែលមានជាយូរមកហើយ ហើយប្រជាពលរដ្ឋបានប្រើប្រាសទឹកបឹងនោះ សម្រាប់ធ្វើស្រែចម្ការ និង ងូតផងដែរ។ ប៉ុន្តែពេលនេះត្រូវបាន ឈ្មោះ ស៊ុយ គឹមលី ចាក់ដីលុបអស់ជាច្រើនហិកតាទៅហើយ ដើម្បីច្បាមយកធ្វើជាកម្មសិទ្ធ ដោយគេមិនបានឃើញអាជ្ញាធរ ក៍ដូចជាមន្ត្រីជំនាញ ចេញវិធានការទប់ស្កាត់ទាល់តែសោះ។
តាមច្បាប់រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្ទៃសមុទ្រ ទន្លេ និង បឹងបួរ គឺជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ។ប៉ុន្តែបើទោះជាដូច្នេះក្ដី គេកត់សម្គាល់ឃើញថា មានផ្ទៃបឹងមួយចំនួន បានក្លាយទៅជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់ ដោយអ្នកមានលុយ និង មានអំណាច។
ទាក់ទងករណីនេះកាលពីព្រឹកមិញ នៅពេលដែលមានការសាកសួរ លោក ស៊ុយ គឹមលី បានបង្វែរសំនួរ ឲ្យទៅសួរប្រជាពលរដ្ឋវិញ ហើយក៍បដិសេធការធ្វើអត្ថាធិប្បាយ។ ប៉ុន្តែយ៉ាងណាក៍ដោយ លោក សំ ហុន មេឃុំកំពង់សឹង បានថ្លែងថា បឹងនោះជាបឹងមានម្ចាស់ ហើយគេបានលក់មួយផ្នែកទៅឲ្យលោក ស៊ុយ គឹមលី ។ លោកថា កាលពីប៉ុន្មានថ្ងៃមុន មន្ត្រីជំនាញពីថ្នាក់ខេត្ត និង ស្រុក ក៍ធ្លាប់បានចុះមកត្រួតពិនិត្យដែរ៕