ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី១៥ខែកក្កដា បានផ្ញើលិខិតបីច្បាប់ផ្សេងគ្នាទៅកាន់ប្រទេសមហាអំណាចចំនួនបីគឺបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។ ការស្នើសុំនេះ នឹងអាចបញ្ជៀសភាពជ្រុលនិយម និង មហន្តរាយដល់ជាតិកម្ពុជា។នេះបើតាមការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែកក្កដា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតស្នើសុំផែនទីពី មហាអំណាច អាមេរិក អង់គ្លេស និងបារាំង ដើម្បីដោះស្រាយបញ្ហាតានតឹងព្រំដែនជាមួយវៀតណាម និងដើម្បីបញ្ជៀសការញុះញង់បង្កើតជាចលនាជ្រុលនិយមក្នុងប្រទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ទៅកាន់មេដឹកនាំពិភពលោកថា ការផ្តល់ផែនទីដែលកម្ពុជាបានតម្កល់នៅឆ្នាំ១៩៦៤នោះ គឺដើម្បីជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីភាពហ្មត់ចត់ និងរក្សាភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះបង្គោលព្រំដែន។
ក្នុងសារលិខិតនោះបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបញ្ចប់ការញុះញង់ និងការបង្កើតភាពជ្រុលនិយមនៅក្នុងប្រទេស ដែលនឹងអាចនាំមហន្តរាយដល់សង្គមកម្ពុជា។ ក្រៅពីនោះ ការផ្តល់ផែនទីដែលប្រទេសមហាអំណាចបានទទួលស្គាល់នេះ គឺដើម្បីរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ប្រកបដោយតម្លាភាពចំពោះជាតិកម្ពុជាទាំងមូលផងដែរ។
គួរជម្រាបថា ការស្នើសុំផែនទីពីមហាអំណាចនាពេលនេះ នៅក្រោយពេលដែលកម្ពុជាមិនទាន់បានទទួលចម្លើយពីអង្គការសហប្រជាជាតិក្នុងការស្នើសុំផែនទីដើមរបស់កម្ពុជា និងបន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងបានចោទថា វៀតណាម លួចជីកស្រះ ,ធ្វើប៉ុស្តិ៍យាម និងធ្វើផ្លូវចូលមកលើទឹកដីកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលបង្ហាញផែនទីដែលកម្ពុជាបានប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម៕ដោយ៖ខេមរៈ