ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៤,៤៦២នាក់
ប៉េកាំង ៖ អ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៤,៤៦២នាក់ហើយ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិនដែលដកស្រុងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ២០២០នេះ។
របាយការណ៍ដដែលបញ្ជាក់ថា ពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ មនុស្សចំនួន ២,៨៣៧នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ២០២នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៤២នាក់។
សូមជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០,០២៦ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៩១២នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងស្ទើរតែទាំងអស់នៃករណីទាំងនេះ៕