ភ្នំពេញ៖ នាព្រឹកមិញនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបើកចំហឲ្យគ្រប់គណបក្សនយោបាយទាំងអស់ និងអ្នកជំនាញផែនទី អាចចូលរួមពិនិត្យមើលការបង្គោលព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម ដើម្បីចៀសវាងការចោទប្រកាន់ដោយអយុត្ដិធម៌ ។លោកថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះដើម្បីបញ្ជាក់ពីភាព ស្អាតស្អំរបស់រដ្ឋាភិបាលក្នុងបញ្ហាព្រំដែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបែបនេះ ក្រោយពេលមួយថ្ងៃបន្ទាប់ពីលោកបានសរសេរលិខិតទៅថ្នាក់ដឹកនាំប្រទេសមហាអំណាច ចំនួន៣ គឺបារាំង អង់គ្លេស សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដោយស្នើសុំខ្ចីផែនទី និងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជា ក្នុងការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលកំពុងតែប្រើប្រាស់ ។ ការថ្លែងរបស់លោកក៏ជាសារមួយប្រតិកម្មទៅនឹងក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា« ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមជាង៣០ឆ្នាំហើយមិន ទាន់ចប់ ដោយសារតែកម្ពុជាមិនយល់ព្រម ។ លោកបន្តថា បើទោះជា មានការចម្លងផែនទីសម្រាប់ប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន តែផែនទីនោះមិនអាចខុសពីផែនទីបោនខ្នាត១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិនោះទេ ។ លោកបានបញ្ជាក់ថា៖ «បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូសបន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន ៨៣%នៅសល់ ១៧ % ហើយអា ៨៣%នេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណីដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា« ចាប់ពីថ្ងៃនេះ រដ្ឋាភិបាលនឹងបញ្ចេញព័ត៌មានសម្ងាត់ទាំងអស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ។ លោកថា ការដែលរដ្ឋាភិបាលសម្រេចសរសេរលិខិតទៅស្នើសុំខ្ចីផែនទីព្រំដែន ប្រទេសកម្ពុ ពីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាច បារាំង អាមេរិក និងអង់គ្លេស ដោយសារអង្គការសហប្រជាជាតិបានប្រាប់ថារកអត់ទាន់ឃើញ ផែនទីទេ ។ លោក ហ៊ុន សែន ជឿជាក់ថា ប្រទេសបារាំង និងសហរដ្ឋអាមេរិកប្រាកដជាមានផែនទីរបស់កម្ពុជា ។តែប្រទេសអង់គ្លេស អាចនឹងមិនមានផែនទីរបស់កម្ពុជាទេ ។ លោកបន្តថា បើទោះជាមានការចម្លងផែនទីសម្រាប់ប្រើប្រាស់ក្នុងការ បោះបង្គោលព្រំដែន តែផែនទីនោះមិនអាចខុសពីផែនទីបោនខ្នាត១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «សមាជិកគណបក្សសង្គ្រោះជាតិ បានចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ ។ ប៉ុន្តែរដ្ឋាភិបាល និងលោក មិនអាចទ្រាំនឹងការចោទប្រកាន់លើការប្រើប្រាស់ផែនទីក្លែងក្លាយនេះ បានទេ ។ឥ«ព្រោះវាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំព្រះករុណា ឬរាជរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងទេត្រូវធ្វើរឿងនេះឲ្យដល់កោះដល់ត្រើយ» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «បើយើងមិនគូសចម្លង១/១០០០០០ ផែនទីបោនអមសន្ធិសញ្ញាឆ្នាំ១៩៨៥ទេ យើងជាអ្នកបច្ចេកទេសមិនអាចធ្វើការបោះបង្គោលខណ្ឌសីមានៅលើដីជាក់ ស្តែងបានទេ ព្រោះថាផែនទី១/១០០០០០ដែលជាផែនទីមូលដ្ឋានយើងទទួលស្គាល់ ព្រោះថារដ្ឋធម្មនុញ្ញទទួលយកផែនទី១/១០០០០០មកធ្វើជាផែនទីជាមូល ដ្ឋាន ប៉ុន្តែពេលយើងចុះទៅលើដីជាក់ស្តែង មិនមែនផែនទី១/១០០០០០ យើងទៅបោះបង្គោលបានទេ ត្រូវយកផែនទី UTM ខ្នាតធំ១/៥០០០០ដែលមានក្រឡាអុកឈើត្រង់ ។ វាអនុញ្ញាតឲ្យយើងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាជីភីអេសជាដើម វាអាចចាប់កន្លែងណាកន្លែងណាលើដីជាក់ស្តែង» ។
ក្នុងពិធីនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសជាមួយប្រសាសន៍ធ្ងន់ៗថា« កម្ពុជាមិនបោះបង់ចោលសិទ្ធិទាមទារ ចំណុចមួយចំនួនពីប្រទេសជិតខាងនោះទេ ប៉ុន្តែទាមទារឲ្យខ្មែរមានឯកភាពផ្ទៃក្នុងជាមួយគ្នា នៅលើផែនទីជាមុនសិន »។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំក៏ផ្តាំទៅដៃគូ ធ្វើការជាមួយយើង នៅប្រទេសជិតខាងថា កម្ពុជាអត់បោះបង់ចោលនូវ សិទ្ធិ នៃការដែលខ្លួនទទួលខុសត្រូវ ទៅលើបញ្ហាការទាមទារចំណុចមួយចំនួន ដែលនៅសេសសល់ទេ ទោះបីជា កម្ពុជា នៅមានចំណុចមិនទាន់ឯកភាពគ្នាក្នុងផ្ទៃក្នុងមួយចំនួន ដែលកំពុងស្វះស្វែងរកការឯកភាពគ្នា ឯកភាពលើ ផែនទីហ្នឹងសិន» ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់គណៈកម្មការចម្រុះព្រំដែនកម្ពុជា ដែលជាក្រុមចរចាព្រំដែនជាមួយនិងប្រទេសវៀតណាម ត្រូវតែគោរពនូវលក្ខខណ្ឌចំនួនពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមផងដែរ៖
លក្ខខណ្ឌចំនួនពីរដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនោះរួមមាន៖ ទី១-ក្រុមចរចាព្រំដែនកម្ពុជា ត្រូវតែចរចាជាមួយប្រទេសវៀតណាមដោយប្រកាន់យកទៅតាមផែនទីរបស់ កម្ពុជាខ្នាត១/១០០០០០ ដែលបានតម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤ ។ ទី២-បើក្រុមចចារព្រំដែនកម្ពុជា ចរចាជាមួយវៀតណាមមិនត្រូវទេ ឲ្យអូសបន្លាយក៏អូសទៅប្រសើជាងចរចាបាត់ទឹកដី ។
គួរជម្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ុន សែន ក៏បានសរសេរលិខិត ទៅកាន់លោកបានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនៅពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិត ៣ច្បាប់ ជូនទៅកាន់ប្រធានាធិបតីបារាំង ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រី អង់គ្លេស ស្នើសុំកិច្ចសហការ និងស្នើសុំខ្ចីផែនទីកម្ពុជា ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង។
អ្នកវិភាគបញ្ហានយោបាយបានលើកឡើងថា ការអនុញ្ញាតឱ្យគ្រប់និន្នាកាគណបក្ស និងអ្នកជំនាញផ្នែកផែនទីចូលរួមពិនិត្យមើលផែនទីដែលបានពីអន្តរជាតិនោះ និងការបោះបង្គោលព្រំដែន គឺអាចនឹងបញ្ចប់ការមិនទុកចិត្តគ្នា និងបញ្ចប់ការធ្វើពាណិជ្ជកម្មផ្តួលដៃគូនយោបាយលើបញ្ហាព្រំដែន៕ ដោយ៖ខេមរៈ