ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី ប្រតិកម្មនឹងប្រសាសន៍របស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលថា លោកបានទិញផែនទីកម្ពុជាពីផ្សារនៃប្រទេសបារាំងក្នុងតម្លៃ ១៦៨ ដុល្លារ ថា ជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ផែនទី បារាំង មុនឆ្នាំ ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ទាំង ២៦ ផ្ទាំង ដែលទាំងអស់គ្នាចង់បានពេលនេះ មានដាក់លក់នៅប្រទេសបារាំង ក្នុងតម្លៃ ១៥៣,៩១ Euros ស្មើនឹង ១៦៨ ដុល្លារអាមេរិក ។
សម រង្ស៊ី បន្តថា គណបក្ស សង្គ្រោះជាតិ បានទិញផែនទីទាំង ២៦ ផ្ទាំង (វិក័យបត្រភ្ជាប់មកជាមួយនេះ) យកមកបង្ហាញ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ច្បាប់ដើមនៃផែនទីនេះ មានតែមួយច្បាប់គត់ ដែលតម្កល់ទុក នៅប្រទេសបារាំង ។ អ្វីដែលគេដាក់លក់នោះ គឺជាច្បាប់ចម្លងតាមប្រព័ន្ធអេឡិចត្រូនិក ដែលដាក់បញ្ជូលក្នុង DVD (រូបថតភ្ជាប់មកជាមួយនេះ) ។
សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី ១៧ ខែ កក្កដានេះ បានចាត់ទុកទង្វើរបស់លោក សម រង្ស៊ី ជាចេតនាអាក្រក់ក្នុងការបន្ទាបបន្ថោក បន្តុះបង្អាប់នូវតម្លៃការងាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបាន ប្រសូត្រចេញពីការបោះឆ្នោត ។ សេចក្តីថ្លែងការណ៍បន្តថា ទង្វើរបស់លោក សម រង្ស៊ី ក៏ជាការបន្ថោកតម្លៃនៃអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ និងមានចេតនាបង្ហាញឲ្យឃើញថា ផែនទីដែលទិញនៅតាមផ្សារនេះ មានតម្លៃថ្លៃជាងផែនទីផ្លូវការដែលរដ្ឋាភិបាល បាននិងកំពុងប្រើ ។
តាមរយៈសេចក្តីថ្លៃងការណ៍ ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើឲ្យលោក សម រង្ស៊ី បញ្ឈប់នូវការយកព្រំដែន ក៏ដូចជាយកផែនទីនៅទីផ្សារមកធ្វើជាល្បែងនយោបាយ ដើម្បីបំភ័ន្តសាធារណមតិក្នុងផលប្រយោជន៍នយោបាយរបស់ខ្លួន ។
មិនទាន់អាចសុំការឆ្លើយតប ពីលោកសម រង្ស៊ី ជុំវិញការចោទប្រកាន់នេះ បាននៅឡើយទេ។
គួររំឮកថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយទៅថ្នាក់ដឹកនាំប្រទេសមហាអំណាចចំនួន៣ គឺបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដោយស្នើសុំខ្ចីផែនទី និងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលកំពុងតែ ប្រើប្រាស់ ។ ការស្នើសុំផែនទីពេលនេះ បន្ទាប់ពីបក្សប្រឆាំងចោទរដ្ឋាភិបាលថា បានប្រើប្រាសផែនទីក្លែងក្លាយសម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេស វៀតណាម ៕ ប្រភព៖វីអូដេ