កោះកុង៖មន្ត្រីគយច្រកទ្វារចាំយាមខេត្តកោះកុងបានបើកដៃឲ្យឈ្មួញដឹកទំនិញច្រើនប្រភេទ និងម៉ូតូគេចពន្ធប្រមាណ៤០-៥០ គ្រឿង ចូលមកខេត្តកោះកុងក្នុងមួយថ្ងៃៗ ។នេះបើយោងតាមការចុះពិនិត្យជាក់ស្តែងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីឈ្មួញរកស៊ីស្របច្បាប់។
ប្រភពពីឈ្មួញ និងប្រជាពលរដ្ននៅព្រំដែនក្បែរច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងបានអោយដឹងថា ម៉ូតូរាប់សិបគ្រឿង និងទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ដឹកចូលតាមច្រកអន្តរជាតិចាំយាមដោយរលូនពុំមានសមត្ថកិច្ចណាហាមឃាត់ ឬឆែកឆេររកលិខិតស្នាមឡើយ។តាមការកត់សម្គាល់យ៉ាងហោចណាស់ក្នុងមួយថ្ងៃមានម៉ូតូពី40ទៅ50គ្រឿងត្រូវបាននាំចូល ។មជ្ឈដ្ឋានខ្លះបានរិះគន់ថា មិនដឹងជាគេឲ្យបង់ពន្ធចូលរដ្ឋឬអត់នោះទេ ? ឬក៏គេឃុបឃិតគ្នាស៊ីដាច់ចំណូលពន្ធរដ្នតាមរូបភាពត្រួតពិនិត្យឲ្យបង់ពន្ធខ្លះដើម្បីបំភ័នភ្នែក ចំណែកម៉ូតូខ្លះ និងទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតបង់ចូលហោប៉ៅ។
ប្រភពបន្តថា ទំនិញដែលនាំចូលក្រៅពីម៉ូតូមកពីប្រទេសថៃ គឺមាន ទឹកសណ្ដែក ទឹកក្រូចផ្លែឈើ និងទំនិញច្រើនប្រភេទទៀតដូចជាគ្រឿងទេសជាដើម មិនដែលឃើញត្រួតពិនិត្យឲ្យបង់ពន្ធពេញលេញឡើយ ទើបធ្វើឲ្យគេរិះគន់តៗគ្នាឮដល់អ្នកសារព័ត៌មាន ក៏នាំគ្នាចុះទៅថត និងយកព័ត៌មាន។
ម្ចាស់ទំនិញ និងមន្ត្រីគយម្នាក់ដោយមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានដោយសោះអង្គើយយ៉ាងខ្លីថា អីវ៉ាន់ទាំងនោះបង់ពន្ធរួចហើយ។ពេលភ្នាក់ងារព្យាយាមសាកសួរបន្ថែម លោកគយម្នាក់នោះបានបដិសេធថា ទាល់តែថ្នាក់លើឲ្យសម្ភាសន៍ទើបលោកហ៊ាននិយាយប្រាប់អ្នកកាសែត…ហេស… ហេ….៕ដោយ៖អ៊ួង វរិន្ទ
ទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងព្រំដែន កម្ពុជា- ថៃ
អ្នកស្រីថៅកែនាំទំនិញដ៏ធំម្នាក់នៅខេត្តកោះកុង ដែលជាអតិថិជនដ៏ សំខាន់របស់មន្ត្រីជំនាញប្រចាំច្រកទ្វារអន្តរជាតិចាំយាម
ម៉ូតូជាច្រើនគ្រឿងត្រូវបាននាំចូលដែលគេឲ្យដឹងថាមួយភាគធំអត់បង់ពន្ធ